ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា៖ អាល្លឺម៉ង់ ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា
28, Jan 2022 , 2:40 pm        
រូបភាព
លោក ប្រាក់ សុខុន ជួបពិភាក្សាជាមួយអ្នកស្រី Petra Sigmund នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា
លោក ប្រាក់ សុខុន ជួបពិភាក្សាជាមួយអ្នកស្រី Petra Sigmund នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ រូបពីក្រសួងការបរទេសកម្ពុជា
តាមរយៈមន្រ្តីជាន់ខ្ពស់របស់ខ្លួន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា អាល្លឺម៉ង់ បានផ្ញើសារជូនកម្ពុជា អំពីជំហរបស់ខ្លួន ក្នុងការសហការជាមួយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយឈរលើគោលការណ៍ទាំង៥ចំណុច ដែលអាស៊ានដាក់ចេញកន្លងមក។ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អ្នកស្រី Petra Sigmund មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាល្លឺម៉ង់ ទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងពីជំហរនេះ។



ក្រសួងការបរទេសកម្ពុជា បានស្រង់សម្តីរបស់អ្នកស្រី ទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា៖«លោកជំទាវ បានអះអាងជាថ្មីអំពីការគាំទ្ររបស់អាល្លឺម៉ង់ ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុចរបស់អាស៊ាន និងអំពីការត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា»។

ដូចជំនួបជាមួយរដ្ឋមន្រ្តីការបរទេស និងមន្រ្តីបរទេសនានាដែរ លោក ប្រាក់ សុខុន បានជម្រាបចំណុចសំខាន់ៗអំពីដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២ ដល់អ្នកស្រី Petra Sigmund។ ចំណុចសំខាន់ ដែលលោក ជម្រាបទៅអ្នកស្រី រួមមាន របបយោធាមីយ៉ាន់ម៉ា សន្យាផ្អាកការបាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ជួយសម្របសម្រួលឲ្យលោកផ្ទាល់ ដែលជាបេសកជនពិសេសរបស់កម្ពុជាជាប្រធានអាស៊ាន បានចូលទៅជួបចរចាជាមួយគ្រប់ភាគីនៅមីយ៉ាន់ម៉ា និង ជួយសម្របសម្រួលការផ្តល់ជំនួយដល់ប្រជាជនមីយាន់ម៉ា។

លោក អះអាងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅម៉ីយ៉ាន់ម៉ា គឺដើម្បីទម្លាយការជាប់គាំងនៅមីយ៉ាន់ម៉ា។ ប៉ុន្តែ លោក បញ្ជាក់ជូនអ្នកស្រីថា ដំណើរការសន្តិភាព ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។

ក្រៅពីទៅជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា ដល់មីយ៉ាន់ម៉ាដោយផ្ទាល់ហើយនោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានជួបជជែកគ្នាជាមួយមេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ារូបនេះតាមប្រព័ន្ធវីដេអូផងដែរ។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មេដឹកនាំកម្ពុជា បានស្នើឲ្យគ្រប់ភាគីនៅមីយ៉ានម៉ា បញ្ឈប់ការប្រើហិង្សា និងការបាញ់គ្នា។

សូមរម្លឹកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសព្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេយោធាកំពូលក្នុងការដឹកនាំធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ៕

Tag:
 កម្ពុជា-អាល្លឺម៉ង់
  បញ្ហាមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com