អន្តរជាតិ
រុស្ស៊ី មានសុទិដ្ឋិនិយមតិចលើការឆ្លើយតបរបស់អាម៉េរិកនិងណាតូដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន
28, Jan 2022 , 3:49 pm        
រូបភាព
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង។ រូបភាព៖ AFP
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង។ រូបភាព៖ AFP
រុស្ស៊ី មានសុទិដ្ឋិនិយមទាបក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន បន្ទាប់ពីទទួលបានការឆ្លើយតបរបស់អាម៉េរិក និងណាតូ (NATO) ពិសេសការទាត់ចោលការទាមទារដ៏សំខាន់របស់រុស្ស៊ី ជុំវិញការអនុញ្ញាតឱ្យប្រទេសជិតខាងខ្លួនមួយនេះចូលជាសមាជិកអង្គការណាតូ។ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៧ ខែមករា។ យ៉ាងណាមិញ រុស្ស៊ី នៅតែបន្តរក្សាកិច្ចចរចាការទូតដដែល ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។ 

 
អាម៉េរិក និងសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី២៦ ខែមករា បានឆ្លើយតបសំណើរុស្ស៊ីតាមលិខិតសរសេរដោយផ្ទាល់ ទៅក្រសួងការបរទេសរុស្ស៊ី។ ក្នុងលិខិតទាំងពីរច្បាប់នោះ អាម៉េរិក និងណាតូ នៅតែបន្តបដិសេធសំណើរុស្ស៊ី ដែលទាមទារកុំឱ្យទទួលអ៊ុយក្រែនជាសមាជិកណាតូក្នុងគោលបំណងការពារសន្តិសុខ និងបង្ការការពង្រាយអាវុធជិតដែនដីខ្លួន។ ក្រុងវ៉ាស៊ីនតោន ក៏បានដាក់សំណើផ្សេងទៀត ទៅរុស្ស៊ីផងដែរ ដើម្បីឱ្យភាគីទាំងពីរអាចរកមូលដ្ឋានរួមមួយ ក្នុងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី។ 
 
មកទល់ពេលនេះ លិខិតរបស់ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានដល់លើតុប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន ហើយ។ 
 
«លិខិតទាំងអស់នោះ គឺនៅជាមួយលោកប្រធានាធិបតី»។  អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ដោយបន្ថែមថា លោកប្រធានាធិបតីត្រូវការរយៈពេលដើម្បីវិភាគ និងមិនអាចសម្រេចចិត្តភ្លាមៗឡើយ។ 
 
ទាក់ទិននឹងការឆ្លើយតបរបស់អាម៉េរិក អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងមូស្គូ មិនមានសុទិដ្ឋនិយមច្រើនឡើយ ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន ដោយសារតែក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នៅតែបន្តបដិសេធសំណើរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែនចូលជាសមាជិកណាតូ។ យ៉ាងណាមិញ រុស្ស៊ី នឹងនៅតែបន្តកិច្ចចរចា ដើម្បីបញ្ចប់វិបត្តិមួយនេះ។ 
 
ចំណែកប្រមុខការទូតរុស្ស៊ីវិញ ក៏បានបង្ហាញជំហរដូចលោក Peskov។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើវេបសាយក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov រដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ថា លិខិតឆ្លើយតបរបស់អាម៉េរិក និងសម្ព័ន្ធយោធាណាតូ មិនមានប្រតិកម្មប្រកបដោយភាពវិជ្ជមាន ចំពោះការទាមទារពីសំណាក់រុស្ស៊ីឡើយ។ 
 
ស្របពេលវិបត្តិអ៊ុយក្រែននៅតែបន្តជាប់គាំងបែបនេះ អាម៉េរិក នៅថ្ងៃទី២៧ ខែមករា បានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រៀបចំកិច្ចប្រជុំជាសាធារណៈ ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន និងកាយវិការគំរាមកំហែងរបស់រុស្ស៊ី នៅក្នុងតំបន់។ ចាប់តាំងពីឆ្នាំ ២០១៤ មក ក្រុមប្រឹក្សាសន្តិសុខ បានបើកកិច្ចប្រជុំជាច្រើនលើកលើបញ្ហាអ៊ុយក្រែន ប៉ុន្តែក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ មិនអាចចាត់វិធានការលើរុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍ និងមានសិទ្ធិវេតូឡើយ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com