ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សន្យារៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើត ឱ្យក្លាយជាសមាជិកអាស៊ាន
29, Jan 2022 , 11:28 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី២៨ មករា ២០២២ នៅវិមានសន្តិភាព។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី២៨ មករា ២០២២ នៅវិមានសន្តិភាព។
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន សន្យាជួយទីម័រខាងកើត ឱ្យក្លាយជាសមាជិកអាស៊ាន តាមរយៈបេសកកម្មស្វែងរកការពិតនៃប្រទេសនេះ ឱ្យស្របតាមលក្ខខណ្ឌនៃបេក្ខភាពអាស៊ាន។ សម្ដេចថ្លែងបែបនេះ នៅក្នុងជំនួប លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី២៨ មករា នៅវិមានសន្តិភាព។



ក្នុងជំនួបពិភាក្សាគ្នានេះ លោកស្រី Adaljiza Albertina បានស្នើឱ្យសម្ដេច ហ៊ុន សែន ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យទីម័រខាងកើត បានចូលជាសមាជិកអាស៊ាន។ 
 
សម្ដេច ហ៊ុន សែន ក៏បានអះអាងថា កម្ពុជាតែងតែគាំទ្រទីម័រខាងកើត ឱ្យចូលជាសមាជិកអាស៊ននេះ។ «កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតឱ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន»។ នេះបើតាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន ។
 
រដ្ឋមន្រ្តីការបរទេសទីម័ររូបនេះ ក៏បានស្នើសុំសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យអ្នកបច្ចេកទេសទីម័រខាងកើតមកសិក្សាអំពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការចូលជាសមាជិកសហគមន៍អាស៊ានផងដែរ។
 
សម្ដេច ហ៊ុន សែន យល់ព្រមតាមសំណើរបស់រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត។ ប្រមុខរដ្ឋាភិបាល បានឆ្លើយតបដូច្នេះថា៖«ស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការ WTO ចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងវិញ។ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយ»។ 
 
ដូចដែលបានចែងក្នុងបញ្ញត្តិជំពូកទី៣ មាត្រា៦ នៃធម្មនុញ្ញអាស៊ាន ដើម្បីក្លាយជាសមាជិករបស់អាស៊ាន រដ្ឋដែលបានដាក់ស្នើត្រូវបំពេញនូវលក្ខខណ្ឌគ្រឹះមួយចំនួន។ ក្នុងនោះរួមមាន ត្រូវមានទីតាំងភូមិសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ការទទួលស្គាល់ពីរដ្ឋអាស៊ានទាំងអស់ គោរពតាមធម្មនុញ្ញអាស៊ាន និងជាពិសេសនោះត្រូវទទួលបានការយល់ព្រមជាឯកច្ឆ័នពីរដ្ឋអាស៊ានក្នុងកិច្ចប្រជុំកំពូលផងដែរ៕
 
 

Tag:
 ហ៊ុន សែន
  ការទូតអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com