អន្តរជាតិ
លោក ស៊ី ជិនភីង៖ មេដឹកនាំចិន ដ៏មានឥទ្ធិពលបន្ទាប់ពីលោកម៉ៅ សេទុង
31, Jan 2022 , 8:30 am        
រូបភាព
លោកស៊ី ជិងភីង ថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ រូបភាព៖ Xinhua
លោកស៊ី ជិងភីង ថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ រូបភាព៖ Xinhua
លោក ស៊ី ជិនភីង ជាកូនប្រុសឧបនាយករដ្ឋមន្រ្តីចិន ស៊ី ចុងស៊ុន ។ មានវ័យឆ្នាំ១៥ ប៉ុណ្ណោះ លោក ស៊ី ត្រូវបានបញ្ជូនទៅតំបន់ជនបទក្នុងភូមិលាំងចាហឺនៅឆ្នាំ១៩៦៩ ដើម្បីអប់រំឡើងវិញរយៈពេល៧ឆ្នាំដូចយុវជនឯទៀតអំឡុងបដិវត្តន៍វប្បធម៌ មុននឹងក្លាយជាសមាជិកបក្សកុម្មុយនីស្តចិន។ លោក ឡើងកាន់តំណែងជាបន្តបន្ទាប់នៅក្នុងជួរបក្សរហូតដល់ក្លាយជាអគ្គលេខាធិការបក្ស នៅចុងឆ្នាំ ២០១២ និងប្រធានាធិបតីចិន នៅក្នុងឆ្នាំ២០១៣។ ក្នុងសមាជបក្សលើកទី២០ ដែលនឹងប្រារព្ធនាពេលខាងមុខ លោក ស៊ី ត្រូវរំពឹងថា បន្តកាន់តំណែងអគ្គលេខាធិការមួយអាណត្តិទៀត។ 



 
កើតនៅក្នុងឆ្នាំ ១៩៥៣ ក្នុងតំបន់ហ្វូភីង ខេត្តសានស៊ី លោក ស៊ី ជិនភីង គឺជាកូនប្រុសរបស់លោក ស៊ី ចុងស៊ុន ដែលជាឧបនាយករដ្ឋមន្រ្តីចិន។ ក្នុងសម័យបដិវត្តន៍វប្បធម៌ ដែលចាប់ផ្តើមឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៦ លោក ស៊ី ត្រូវបានជម្លៀសទៅតំបន់ជនបទ ដើម្បីអប់រំឡើងវិញ រយៈពេល ៧ឆ្នាំ។ 
 
នៅក្នុងឆ្នាំ១៩៧៤ លោក ស៊ី បានចូលជាសមាជិកបក្សកុម្មុយនីស្តចិនក្រោយដាក់ពាក្យជាច្រើនលើក។ បន្តមក លោកចូលសិក្សានៅសកលវិទ្យាល័យ Tsinghua លើមុខវិជ្ជាវិស្វកម្មគីមី។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ លោក ស៊ី បានធ្វើជាលេខារយៈពេល ៣ឆ្នាំឱ្យលោកកឹង ពាវ (Geng Biao) ដែលក្រោយមកបានក្លាយជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិ។ 
 
បោះបង់ការងារនៅក្រុងប៉េកាំង និងស្រវាចាប់យកការងារតាមខេត្ត
 
ក្នុងឆ្នាំ១៩៨២ លោក ស៊ី បានបោះបង់ការងារជាលេខានៅក្រុងប៉េកាំង និងក្លាយលេខាធិការរងបក្សកុម្មុយនីស្តចិននៅខេត្តហឺប៉ីវិញ។ បន្ទាប់មក ក្លាយជាសមាជិកគណៈកម្មាធិការបក្ស និងអភិបាលរងក្រុងសៀមិន ខេត្តហ្វូជាន។ ក្នុងខេត្តនេះហើយ ដែលលោក ស៊ី បានរៀបអាពាហ៍ពិពាហ៍អ្នកស្រី ផឹង លីយ័ន ដែលជាអ្នកចម្រៀងដ៏ទាក់ទាញមួយរូបក្នុងជួរទ័ព ហើយមានឈ្មោះល្បីជាងលោក ស៊ី ផង។ 
 
ដោយសារកិច្ចខិតខំលើការងារ អតីតនិស្សិតសាកលវិទ្យាល័យ Tsinghua រូបនេះ បានឡើងឋានៈជាបន្តបន្ទាប់ និងកាន់កាប់តំណែងសំខាន់ៗ។ នៅក្នុងឆ្នាំ១៩៩៩ លោកស៊ី បានក្លាយជាអភិបាលស្ដីទីខេត្តហ្វូជាន និងក្លាយជាអភិបាលខេត្តមួយនេះ នៅឆ្នាំបន្ទាប់។ នៅក្នុងឆ្នាំ ២០០៧ លោក ស៊ី បានក្លាយជាលេខាធិការបក្សក្រុងសៀងហៃ មុនត្រូវបានជ្រើសតាំងជាសមាជិកការិយាល័យនយោបាយរបស់គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកក៏ជាប់ជាសមាជិកគណៈអចិន្រ្តយ៍ការិយាល័យនយោបាយដែលមានឥទ្ធិពលបំផុត និងមានសមាជិកចំនួន ៩រូប។ 
 
ក្នុងខែមីនា ឆ្នាំ២០០៨ លោកត្រូវបានជ្រើសជាអនុប្រធានាធិបតីចិន។ រហូតដល់ឆ្នាំ ២០១២ លោក ស៊ី ក្លាយជាអគ្គលេខាធិការគណៈមជ្ឈិមបក្សនាសមាជលើកទី១៨ បន្តពីលោក ហ៊ូ ជីនថាវ។ សមាជិក គណៈអចិន្រ្តៃយ៍ ការិយាល័យនយោបាយ ត្រូវបានបន្ថយសមាជិកមកត្រឹម ៧រូបប៉ុណ្ណោះ។ នៅឆ្នាំ២០១៣ លោក ស៊ី ក្លាយជាប្រធានាធិបតីចិនជំនួសលោក ហ៊ូ ។ 
 
គោលនយោបាយលោកស៊ី នៅពេលឡើងដឹកនាំប្រទេសចិន
 
គំនិតផ្តួចផ្តើមដំបូង ដែលលោក ស៊ី ចាប់ផ្តើមអនុវត្ត គឺយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ក្រោមយុទ្ធនាការនេះ ចិនបានពិន័យ និងកាត់ទោសមន្រ្តីមានឥទ្ធិពល និងមន្រ្តីនៅថ្នាក់តំបន់ជាច្រើនលាននាក់ ដើម្បីប្រឆាំងអំពើពុករលួយ។ យ៉ាងណាមិញ អ្នកជំនាញមួយចំនួន យល់ថា យុទ្ធនាការរបស់ប្រធានាធិបតីចិន គឺដើម្បីជម្រះចោលអ្នកប្រឆាំងរូបលោក និងពង្រឹងអំណាចខ្លួន។ 
 
រូបថត ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (កណ្តាល)។ រូបភាព៖ Xinhua
 
ស្របគ្នានេះ ប្រធានាធិបតីចិន​ បានដាក់ចេញ គំនិតផ្តួចផ្តើមផ្លូវ និងក្រវាត់ (BRI) ដោយយកលំនាំតាមផ្លូវសូត្រចិននាសម័យបុរាណ ដើម្បីពង្រីកសេដ្ឋកិច្ចចិន និងឥទ្ធិពលទៅតំបន់ផ្សេងៗ។ គំនិតផ្តួចផ្តើមផ្លូវ និងក្រវាត់ បានចាប់ផ្តើមចេញពីចិន មុននឹងឆ្ពោះទៅអាស៊ីអាគ្នេយ៍ ឬទៅតំបន់អាស៊ីកណ្តាល និងតំបន់នៅមជ្ឈិមបូព៌ា ហើយទៅដល់តំបន់អាហ្រ្វិក រួមទាំងអឺរ៉ុប។ គម្រោងមួយនេះ មានតម្លៃជាច្រើនពាន់លានដុល្លារ និងត្រូវបានប្រទេសជាច្រើនគាំទ្រ។ 
 
មិនតែប៉ុណ្ណោះ ចិន ក្រោមការដឹកនាំរបស់លោក ស៊ី បានកំណែទម្រង់សេដ្ឋកិច្ច បំផុសគំនិតក្តីសុបិន្តចិន ធ្វើកំណែទម្រង់កងទ័ពឱ្យក្លាយជាយោធាលំដាប់ពិភពលោក ត្រឹមឆ្នាំ២០២៧ និងបង្កើនសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូងកាន់តែខ្លាំងជាមុន។ ស្របពេលបញ្ជូននាវាធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ចិន ក៏បានចរចាជាមួយអាស៊ានលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងផងដែរ សម្រាប់ជាយន្តការដោះស្រាយជម្លោះមួយ ដែលមិនឱ្យមហាអំណាចក្រៅតំបន់ជ្រៀតជ្រែកកិច្ចការខ្លួន និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផង។ 
 
មេដឹកនាំចិនដ៏មានឥទ្ធិពលបន្ទាប់ពីលោកម៉ៅ សេទុង 
 
បន្ទាប់ពីឡើងកាន់អំណាចជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០១៣ លោកបានចាប់ផ្តើមរឹតបន្តឹងបណ្តាញសង្គម សិទ្ធិសេរីភាព និងចាប់អ្នកប្រឆាំងជាច្រើនរូប។ បន្តិចម្ដងៗ លោក ស៊ី ក៏ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបន្ទាប់ពីលោក ម៉ៅ សេទុង។ 
 
នៅក្នុងឆ្នាំ ២០១៨ សភាចិន បានលុបចោលអាណត្តិរបស់ប្រធានាធិបតីចិន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថែមទៀត។ ចិន បានកំណត់អាណត្តិប្រធានាធិបតីឱ្យកាន់អំណាចបានតែពីរអាណត្តិប៉ុណ្ណោះ ដោយមួយអាណត្តិមានរយៈពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨២ មក។ ការលុបចោលអាណត្តិបែបនេះ បានបើកផ្លូវឱ្យលោកស៊ី កាន់តំណែងជាមេដឹកនាំកំពូលរបស់ចិនបានមួយជីវិត។ ក្នុងឆ្នាំ២០២២នេះ បក្សកុម្មុយនីស្តចិន នឹងរៀបចំសមាជបក្សរបស់ខ្លួន។ ក្នុងសមាជនេះ លោកស៊ី ត្រូវបានរំពឹងថា នឹងជ្រើសជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបន្តទៀត និងអាចឱ្យលោកកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ ២០២៣ ។
 
រូបភាព៖ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ធ្វើទស្សនកិច្ចទៅក្នុងភូមិមួយ ក្នុងខេត្តShanxi។ រូបភាព៖ Xinhua
 
លើសពីនេះ នៅក្នុងឆ្នាំ២០២០ ចិន ក្រោមដឹកនាំរបស់លោកស៊ី បានអនុម័តច្បាប់សន្តិសុខជាតិ ដើម្បីរក្សាសន្តិសុខនៅហុងកុង។ ច្បាប់នេះផងដែរ បានបញ្ចប់បាតុកម្មដ៏ខ្លាំងក្លានៅហុងកុង ដែលមានចាប់ពីឆ្នាំ ២០១៩ ដើម្បីប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន។ បើទោះវាអាចគ្រប់គ្រងស្ថិរភាពនៅទីក្រុងហិរញ្ញវត្ថុមួយនេះមែន ប៉ុន្តែចិនបានរងការរិះគន់យ៉ាងខ្លាំង និងទណ្ឌកម្មជាច្រើនពីសំណាក់ប្រទេសអឺរ៉ុប និងអាម៉េរិក។ ចំណែកអ្នកប្រឆាំងមួយចំនួននៅក្នុងក្រុងហុងកុង​ ដូចជា លោក Joshua Wong, កញ្ញា  Agnes Chow និងIvan Lam ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងបាតុកម្មក្នុងឆ្នាំ ២០១៩។ 
 
ចំណែកបញ្ហាតៃវ៉ាន់វិញ ចិនតែងគំរាមរដ្ឋាភិបាលដែនកោះមួយនេះ ក្នុងការប្រើប្រាស់កម្លាំងទ័ព ប្រសិនបើហ៊ានប្រកាសឯករាជ្យ។ ជាញយៗ ចិន តែងបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅក្នុងដែនអាកាសតៃវ៉ាន់ ដោយសំអាងថាធ្វើសមយុទ្ធយោធា។ ក្នុងខួបបក្សកុម្មុយនីស្តចិនលើកទី១០០ មេដឹកនាំកំពូលចិន បានប្រកាសការបង្រួបបង្រួមដែនដីទាំងពីរ គឺជាកិច្ចការប្រវត្តិសាស្រ្ត បើទោះតៃវ៉ាន់ បានប្តេជ្ញាការពារដែនកោះខ្លួនក៏ដោយ។ 
 
ចំណែកនៅលើឆាកអន្តរជាតិវិញ ចិនបានការពារ និងវាយប្រហារបរទេសយ៉ាងខ្លាំង ទាក់ទិននឹងជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងដំបូង នៅក្នុងទីក្រុងវូហាន។ ក្នុងវិបត្តិជំងឺឆ្លងសកល ចិនបានអនុវត្តការទូតវ៉ាក់សាំង ដោយផ្តល់វ៉ាក់សាំងជាច្រើនលានដូសទៅបណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើន និងកំពុងត្រូវការ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះគឺជាយុទ្ធសាស្រ្តមួយរបស់ចិន ក្នុងការពង្រីកឥទ្ធិពលខ្លួន និងទទួលបានការគាំទ្រពីសំណាក់បណ្តាប្រទេសផ្សេង នៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់៕ 
 

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com