ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ចៅក្រមងួន រតនា៖«បើក្នុងចិត្តយើងពោរពេញដោយអយុត្តិធម៌ យើងមិនស័ក្តិសមទៅអង្គុយកៅអីចៅក្រមទេ»
31, Jan 2022 , 1:55 pm        
រូបភាព
លោកចៅក្រម ងួន រតនា ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីវិជ្ជាជីវៈច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
លោកចៅក្រម ងួន រតនា ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីវិជ្ជាជីវៈច្បាប់នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ក្នុងតុលាការ ឬក្នុងប្រព័ន្ធយុត្តិធម៌ទាំងមូល អ្វីដែលសំខាន់ជាងគេបំផុត គឺយុត្តិធម៌។ ចៅក្រម គឺជាតួអង្គស្នូល ក្នុងប្រព័ន្ធយុត្តិធម៌ ដ្បិតថា ចៅក្រម មានឆន្ទានុសិទ្ធិធ្វើសេចក្តីសម្រេច។ យុត្តិធម៌ ឬអយុត្តិធម៌ គឺអាស្រ័យលើចៅក្រម។ ចៅក្រមមួយរូបនៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលជាសាលាជម្រះក្តីថ្នាក់កណ្តាល គឺលោក ងួន រតនា បានផ្តាំថា មានយុត្តិធម៌ក្នុងចិត្តសិន ចាំទៅធ្វើជាចៅក្រម តែបើគ្មានយុត្តិធម៌ក្នុងចិត្តទេ គួរទៅប្រកបវិជ្ជាជីវៈផ្សេងវិញ។



ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីវិជ្ជាជីវៈច្បាប់ ដែលរៀបចំឡើងដោយគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោកចៅក្រម ងួន រតនា បានផ្តល់ដំបូន្មានដល់សិក្ខាកាម ដែលមានបំណងចង់ក្លាយជាចៅក្រមយ៉ាងដូច្នេះថា៖«យើង ចង់ធ្វើជាចៅក្រម បើយើង មិនដែលកាន់សៀវភៅផង ក្នុងចិត្តយើង ក្នុងបេះដូងយើងពោរពេញដោយអយុត្តិធម៌ វា មិនស័ក្តិសមទៅអង្គុយកៅអីចៅក្រមទេ»។

ប្រមាណបុរសរូបនេះ បន្តថា៖«ប្អូន ត្រូវដាក់ចិត្តថា ស្រឡាញ់យុត្តិធម៌សិន បានប្អូនទៅកាន់ជញ្ជីងនោះបាន។ បើក្នុងចិត្តប្អូន ប្អូនអត់ទាន់មានយុត្តិធម៌ ប្អូនគិតថា សាច់ញាតិប្អូន មិត្តភក្តិប្អូន អ្នកដែលស្គាល់ប្អូន ទើបមានឱកាស [ទទួលបានយុត្តិធម៌] អ្នក មិនស័ក្តិសមទៅអង្គុយនៅទីនោះទេ មានមុខវិជ្ជាផ្សេង ដែលអ្នក អាចអញ្ជើញទៅធ្វើបាន»។

ចំពោះខ្លួនលោកផ្ទាល់ លោក លើកឡើងថា លោក មិនមែនគ្រាន់តែប្រើឆន្ទានុសិទ្ធិចេញសាលដីកាសម្រេចឲ្យអ្នកនេះចាញ់ អ្នកនោះឈ្នះឡើយ តែលោក តែងចូលរួមជួយអ្នកដែលមានក្តីក្តាំ ឲ្យបានយល់ពីនីតិវិធីរបស់តុលាការ និងជួយពួកគេតាមរបៀបផ្សេងទៀត តាមតែអាចធ្វើទៅបានក្នុងនាមជាខ្មែរដូចគ្នា។ លោក មានប្រសាសន៍ថា៖«ទោះជាក្នុងស្ថានភាពណាក៏ដោយ គ្មាននរណាម្នាក់ ចង់ធ្វើខុសទេ ប៉ុន្តែបើគេ ធ្វើខុស សង្ឃឹមថា គេ អាចត្រឡប់មកធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីជាកម្លាំងរបស់សង្គមយើង...»។

ក្រៅពីចំណេះដឹងផ្នែកច្បាប់ ចៅក្រម ត្រូវមានចំណេះដឹងផ្សេងៗទៀតឲ្យបានទូលំទូលាយ ដើម្បីអាចមានសមត្ថភាពថ្លឹងថ្លែង និងវែកញែកក្នុងសំណុំរឿងអ្វីមួយ ដែលអ្នកជំនាញបញ្ជូនទៅឲ្យកាត់ក្តី។ នេះជាដំបូន្មានបន្ថែមរបស់លោក ងួន រតនា ដែលកំពុងរៀនថ្នាក់បណ្ឌិតផ្នែកនីតិសាស្រ្តនៅរាជបណ្ឌិត្យសភាកម្ពុជា។ លោក បញ្ជាក់ថា ចៅក្រម ត្រូវមានចំណេះដឹងច្រើនជាងគេជាងឯង។

អគតិ ឬសេចក្តីលម្អៀត៤យ៉ាង ដែលចៅក្រម ត្រូវជៀសវាង គឺឆន្ទាគតិ លម្អៀតព្រោះស្រឡាញ់ ទោសាគតិ លម្អៀតព្រោះស្អប់ មោហាគតិ លម្អៀតព្រោះមិនយល់ និង ភយាគតិ លម្អៀតព្រោះភ័យខ្លាច។ នៅតាមតុលាការ គេ តែងឃើញមានសរសេរធម៌អគតិទាំង៤នេះ ដើម្បីដាស់ស្មារតីចៅក្រម និងមន្រ្តីនៅក្នុងតុលាការ។

ប្រការ២នៃក្រមសីលធម៌ចៅក្រម ចែងថា ចៅក្រម ត្រូវបំពេញភារកិច្ចដោយឯករាជ្យ និងដោយមិនទទួលរងឥទ្ធិពលផ្សេងៗ។ ចៅក្រម ត្រូវច្រានចោលការប៉ុនប៉ងទាំងឡាយណា ដែលធ្វើឲ្យមានឥទ្ធិពលដល់ការវិនិច្ឆ័យសេចក្តីរបស់ខ្លួន។ ប្រការ៨នៃក្រមសីលធម៌ចៅក្រមដដែល ចែងទៀតថា ចៅក្រម ត្រូវមានសីលធម៌ និងយុត្តិធម៌ ពេលបំពេញកិច្ចការតុលាការ។

ចំណែករដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា បានចែងក្នុងមាត្រា១២៩ ថា ការ​ជម្រះ​ក្ដី​ផ្ដល់​យុត្តិធម៌​ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ​ តាម​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន។ មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះ​ក្ដី។​ ចៅក្រម​ ត្រូវ​បំពេញ​ភារកិច្ចក្នុងការ​ជម្រះក្តី ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ និងតាម​សម្បជញ្ញៈ​របស់​ខ្លួន៕ 

Tag:
 ងួន រតនា
  ចៅក្រម
  ប្រព័ន្ធយុត្តិធម៌
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com