ជាតិ
យុវជនមួយក្រុម បង្កើត Code for Girls ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឌីជីថល
01, Feb 2022 , 8:59 am        
រូបភាព
ដោយ៖ លិវ លីម៉ឹង (Liv Liming)
 
ភ្នំពេញ៖ យុវជនមួយក្រុម បានរួមគ្នាបង្កើតក្លិបសរសេរកូដមួយ ដែលមានឈ្មោះថា Code for Girls សម្រាប់បង្រៀនដល់យុវតី ឱ្យចេះសរសេរកូដ បង្កើតកម្មវិធីនានា នៅក្នុងវិស័យព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ។ បើតាមកញ្ញា រិទ្ធ សុដាលីន ដែលជាស្ថាបនិកក្លិបស្វ័យសិក្សា Code for Girls ក្លិបសរសេរកូដនេះ នឹងចូលរួមលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែប្រសើរ។



Code for Girls ជាក្លិបសរសេរកូដមួយ ដែលបង្កើតឡើងសម្រាប់បង្រៀនដល់សិស្សស្រី ឬយុវតី ឱ្យចូលរួមក្នុងការសរសេកូដបង្កើតហ្គេម និងវីដេអូខ្លីមានចលនាផ្សេងៗពីគ្នា។ នេះជាការលើកឡើងរបស់យុវតី រិទ្ធ សុដាលីន។ យុវតីវ័យ១៨ឆ្នាំរូបនេះ បានបញ្ជាក់ថា៖«Code for Girls ហ្នឹង គឺជាក្លិបសិក្សាមួយ សម្រាប់សិស្សស្រីឱ្យគាត់ ចូលរួមក្នុងការសរសេកូដ ពីថ្នាក់មូលដ្ឋានគ្រឹះទៅ ហើយក្លិបសិក្សានេះ បង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសមាជិកចូលរួម៨នាក់»។ 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
 
គោលដៅនៃការបង្កើតក្លិប Code for Girls នេះ គឺដើម្បីលើកទឹកចិត្តដល់យុវតី និងសិស្សស្រីនៅកម្ពុជា ឱ្យហ៊ានចូលប្រឡូកក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេស គឺលើកកម្ពស់ និងបណ្ដុះស្មារតីយុវតី ឱ្យចូលរួមក្នុងការសរសេរកូដ និងរួមចំណែកលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន ទៅលើស្រ្តីនៅក្នុងវិស័យនេះ។ យុវតី សុដាលីន និយាយដូច្នេះថា៖«ចំពោះចក្ខុវិស័យរបស់ Code for Girls យើងមានពីរសំខាន់ៗ។ ទីមួយ គឺទាក់ទងទៅការបណ្ដុះស្មារតី ក៏ដូចជាការលើកទឹកចិត្តឱ្យសិស្សស្រី ​ចូលរួមក្នុងការសរសេរកូដតាំងពីគាត់នៅថ្នាក់វិទ្យាល័យ។ ទីពីរ យើងចង់ចូលរួមជាផ្នែកមួយ ក្នុងការលុបបំបាត់ផ្នត់គំនិតអវិជ្ជមានទៅលើស្ត្រី…ហើយជួយឱ្យគាត់ដើរចេញពីភាពស្រណុកសុខស្រួល ហ៊ានចាប់យកអ្វីដែលគាត់ស្រឡាញ់ ហើយដើរតាមក្ដីស្រមៃរបស់គាត់»។
 
កញ្ញា រិទ្ធ សុដាលីន ដែលជាស្ថាបនិកក្លិបស្វ័យសិក្សា Code for Girls។ រូបផ្តល់ឱ្យ

យុវជន ឈុំ សំណាង អ្នកសម្របសម្រួលបច្ចេកទេស នៃក្លិប Code for Girls។ សំណាង បានលើកឡើងថា៖«ការសរសេរកូដនេះ ពិតជាសំខាន់។ ដូចឥឡូវនេះ យើងកំពុងតែជួបក្នុងបរិបទវិបត្តិកូវីដ-១៩។ អ៊ីចឹងរាល់ Platform (ទម្រង់កម្មវិធី) ដូចជា Facebook ឬ Messenger … សុទ្ធសឹងតែរួមបញ្ចូល ជាមួយការសរសេរកូដ»។
 
រយៈពេលជាង៣ខែ នៃការបង្កើតក្លិប Code for Girls ឡើង យុវជនវ័យ១៦ឆ្នាំរូបនេះ ក៏រៀនសូត្រពីការងាររបស់ខ្លួនបានច្រើនផងដែរ ដូចជាការទាក់ទងជាមួយសមាជិកដទៃ និងការបង្កើតហ្សូម (Zoom) សម្រាប់ជួបជុំតាមប្រព័ន្ធអនឡាញជាដើម។ សំណាងបាននិយាយដូច្នេះថា៖«ទាក់ទងជាមួយការងារផ្សេងៗ ក្រៅពីការសររសេរកូដ…អ្វីដែលខ្ញុំបានរៀន គឺការ Host Zoom (បង្កើតកម្មវិធីសន្ទនាវីដេអូហ្សូម) ជាពិសេសបានរៀនទាក់ទងនឹង Communication (ទំនាក់ទំនង) ជាមួយសមាជិកដទៃទៀតផងដែរ»។


យុវជន ឈុំ សំណាង អ្នកសម្របសម្រួលបច្ចេកទេសនៃក្លិប Code for Girls 

ជាមួយនឹងគ្នានេះ សំណាងបានលើកទឹកចិត្តដល់យុវតីគ្រប់រូប ថា៖«ទោះបីជាគាត់មានឧបសគ្គយ៉ាងណាក៏ដោយ ចង់ប្រាប់គាត់ថា ក្រោកឈរឡើង ហើយព្យាយាមទៅមុខ ដើម្បីអភិវឌ្ឍខ្លួនឯង ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតថាស្រ្តីអត់អាចរៀន IT (ព័ត៌មានវិទ្យា) រៀនការសរសេរកូដបានទេ»៕ 
 
 

Tag:
 យុវជន
  Code for Girls
 
© រក្សាសិទ្ធិដោយ thmeythmey.com