ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា បេសកកម្មមេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ា «ដើម្បីទម្លុះភាពជាប់គាំង»
31, Jan 2022 , 5:45 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន (រូបពីក្រសួងការបរទេសកម្ពុជា)។ អ្នកស្រី Mona Juul ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបពី Xinhua)។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន (រូបពីក្រសួងការបរទេសកម្ពុជា)។ អ្នកស្រី Mona Juul ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបពី Xinhua)។
ដោយ: ថ្មីៗ
«ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីយើងខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកកម្មទម្លុះទម្លាយភាពជាប់គាំង [នៅមីយ៉ាន់ម៉ា]»។ នេះជាប្រសាសន៍របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលជាស្ថាប័នដ៏មានអំណាចរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាសន្តិសុខលើពិភពលោក។



ដោយមានការអញ្ជើញពីអ្នកស្រី Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន សម្រាប់ចរចារកដំណោះស្រាយនៅមីយ៉ាន់ម៉ា បានចូលរួមប្រជុំចង្អៀតជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដើម្បីជម្រាបជូនព័ត៌មានទាក់ទិននឹងការវិវឌ្ឍនៅមីយ៉ាន់ម៉ា។ ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈអំពីកិច្ចប្រជុំនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

លោក ប្រាក់ សុខុន បានជម្រាបជូនពីដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅមីយ៉ាន់ម៉ាថា៖«ទស្សនកិច្ចនេះ មានគោលបំណងកសាងទំនុកចិត្ត ការជឿជាក់ និង ការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត»។

លោកប្រមុខការទូតកម្ពុជា បានយកសម្តីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅប្រើជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់មីយ៉ាន់ម៉ា គឺជាការដាំដើមឈើ។ លោក បកស្រាយថា ដើមឈើនោះ គឺជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សារជាតិ ដែលត្រូវការពេលវេលា ភាពអត់ធ្មត់ និង ការអនុវត្តជាក់ស្តែង មុនពេលដែលគេ អាចប្រមូលផលពីដើមឈើនោះបាន។

គោលបំណងរបស់មេដឹកនាំកម្ពុជា ក្នុងការទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺដើម្បីឆ្ពោះទៅអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានបានដាក់ចេញកន្លងមក បញ្ចប់ការបាញ់គ្នា បញ្ចប់អំពើហិង្សា និង សម្រួលដល់បេសកជនពិសេសរបស់ប្រធានអាស៊ាន ក្នុងការធ្វើដំណើរទៅចរចាជាមួយគ្រប់ភាគីនៅមីយ៉ាន់ម៉ា។ ទាំងនេះជាចំណុចសំខាន់ៗអំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា ដែលលោក ប្រាក់ សុខុន លើកយកទៅប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក ផ្តល់ព័ត៌មានទៀតថា លោក កំពុងរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ានាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោក បញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងកើតមានឡើង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

បន្ថែមពីនេះ បេសកជនពិសេសរបស់ប្រធានអាស៊ាន បានរំលេចពីការប្រែងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងតំបន់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលជាសមាជិក។ លោក សង្កត់ធ្ងន់ថា៖«គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច និងធម្មនុញ្ញអាស៊ាន»។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសព្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេយោធាកំពូលក្នុងការដឹកនាំធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

សូមរម្លឹកថា កាលពីថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ បានទៅបំពេញកិច្ចដល់ទីក្រុងណៃពិដោ ប្រទេសមីយីយ៉ាន់ម៉ា និងបានជួបពិភាក្សាដោយផ្ទាល់ជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ ចំណុចសំខាន់១ ដែលទទួលបានពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅមីយ៉ាន់ម៉ា គឺរបបយោធាមីយ៉ាន់ម៉ា យល់ព្រមផ្អាកការបាញ់គ្នារហូតដល់ចុងឆ្នាំ២០២២។ យ៉ាងណា ក្នុងស្ថានភាពជាក់ស្តែង គេ នៅតែឃើញការផ្ទុះអាវុធនៅមីយ៉ាន់ម៉ាដដែល។

ក្រៅពីទៅជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដល់មីយ៉ាន់ម៉ាដោយផ្ទាល់ហើយនោះ មេដឹកនាំកម្ពុជា ក៏បានជួបជជែកគ្នាជាមួយមេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ារូបនេះតាមប្រព័ន្ធវីដេអូបន្ថែមទៀត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ ប្រធានអាស៊ាន បានស្នើឲ្យគ្រប់ភាគីនៅមីយ៉ានម៉ា បញ្ឈប់ការប្រើហិង្សា និងការបាញ់គ្នា៕

Tag:
 កម្ពុជា
  ប្រាក់ សុខុន
  បញ្ហាមីយ៉ាន់ម៉ា
  ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com