ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-វៀតណាម បន្តធ្វើយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីការអភិវឌ្ឍរួម
01, Feb 2022 , 11:20 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន)
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា (រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយលោក ង្វៀន សួនហ៊្វុន ប្រធានាធិបតីវៀតណាម និង លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដើម្បីជូនពរលោកទាំងពីរ ក្នុងការឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២២។ ក្រៅពីការជូនពរ មេដឹកនាំកម្ពុជា និងមេដឹកនាំវៀតណាមទាំងពីរ ក៏បានជជែកគ្នាពីកិច្ចការប្រទេសជាតិផងដែរ។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា មេដឹកនាំនៃប្រទេសទាំងពីរ បានអបអរសាទរគ្នាទៅវិញទៅមកចំពោះសមិទ្ធផល ដែលសម្រេចបានកន្លងមក និងនៅតែបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គម បើទោះបីស្ថិតក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ-១៩ក្តី។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញការជឿជាក់ដែរថា ប្រទេសជាប់របងទាំងពីរនេះ នឹងបន្តទទួលបានសមិទ្ធផលដ៏ធំធេងបន្ថែមទៀត។

បន្ទាប់ពីសរសើរគ្នាទៅវិញមករួចហើយ មេដឹកនាំកំពូលទាំងបីរូប បានឯកភាពថា កម្ពុជា-វៀតណាម ចាំបាច់ត្រូវបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ការប្រើប្រាស់យន្តការទ្វេភាគី ដែលមានស្រាប់ អនុវត្តកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខាកន្លងមក លើកកម្ពស់សេដ្ឋកិច្ច ដើម្បីជំរុញការអភិឌ្ឍរួម គាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

Tag:
 កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com