កីឡាជាតិ
ជាតិ
កីឡាករជម្រើសជាតិកម្ពុជា៧៤នាក់ ត្រូវតេស្តសមត្ថភាព ដើម្បីចម្រាញ់យកទៅប្រកួត AFF U23
01, Feb 2022 , 3:33 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងតេស្ដសមត្ថភាពកីឡាករបាល់ទាត់កម្ពុជា ២ដំណាក់កាល ដើម្បីចម្រាញ់យកកីឡាករ២៨នាក់ចុងក្រោយ ត្រៀមប្រកួត AFF U23 Championship 2022 ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ការធ្វើតេស្ដនេះ មានកីឡាករ ៧៤នាក់ ដែលរើសចេញពី ១៨ក្លិប ។



កីឡាករអាយុក្រោម២៣ឆ្នាំ ចំនួន៧៤រូប ដែលរើសចេញពី ក្លិបចំនួន១៨ នឹងត្រូវឆ្លងកាត់ការធ្វើតេស្ដពីរដំណាក់កាល ដើម្បីយក២៨នាក់ ដែលល្អជាងគេ មកប្រកួត AFF U23 Championship 2022 ។ ការតេស្ដដំណាក់កាលទី១ ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២២ និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី៥-៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ 
 
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «ការធ្វើតេស្ដនេះ គឺជាការតេស្ដ លើកាយសម្បទា និងបច្ចេកទេសកីឡាករ» ។ 


 បញ្ជីឈ្មោះកីឡាករ ត្រៀមតេស្ដ

ចំពោះការតេស្ដកាយសម្បទា និងបច្ចេកទេស ក្នុងការលេងជាក្រុម ដើម្បីបញ្ជាក់ថា កីឡាករ មានការសាមគ្គីជាក្រុម និងចុះសម្រុងគ្នា ។ ម្យ៉ាងវិញទៀត វាក៏ជាឱកាសសម្រាប់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស កែតម្រូវលើចំណុចខ្វះខាតរបស់កីឡាករ សម្រាប់ការត្រៀមប្រកួតនេះ ។
 
អ្នកចាត់ការក្រុមរូបនេះ បានបន្ថែមថា ការចម្រាញ់យកកីឡាករចំនួន ២៨នាក់ គឺច្រើនជាងពេលមុន ពិភពលោកមិនទាន់ជួបកូវីដ-១៩ ដែលកំណត់យកត្រឹមតែ២៣នាក់។ 
 
គួរបញ្ជាក់ដែរថា កម្ពុជា ស្ថិតនៅពូល A ជាមួយប្រទេសទីម័រខាងកើត, ព្រុយណេ និងហ្វីលីពីន ។ ការប្រកួតពូលA នៅកីឡដ្ឋានជាតិមរតកតេជោ កម្ពុជា នឹងជួបជាមួយជម្រើសជាតិព្រុយណេ នៅវេលាម៉ោង ៧:០០យប់ ខណៈ ទីម័រខាងកើត ត្រូវប៉ះហ្វីលីពីន ៤:០០រសៀល នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕
 


បញ្ជីឈ្មោះកីឡាករ ត្រៀមតេស្ដ


Tag:
 បាល់ទាត់
  AFF U23 Championship
  ឈូក ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com