អន្តរជាតិ
មីយ៉ាន់ម៉ា មួយឆ្នាំក្រោយពីរដ្ឋប្រហារ!
01, Feb 2022 , 4:29 pm        
រូបភាព
បាតុកម្មនៅមីយ៉ាន់ម៉ា ទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ រូបភាព៖ AFP
បាតុកម្មនៅមីយ៉ាន់ម៉ា ទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ រូបភាព៖ AFP
ថ្ងៃនេះឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនមេដឹកនាំស៊ីវិលសំខាន់ៗមានលោកស្រីទីប្រឹក្សារដ្ឋ អ៊ុនសាន ស៊ូជី, ប្រធានាធិបតីលោក Win Myint ជាដើមក្នុងរដ្ឋប្រហារដែលយោធាអះអាង ថា ធ្វើតាមច្បាប់។ វិវាទនៃការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០  ជាមូលហេតុដែលយោធាប្រើដើម្បីក្ដាប់អំណាច។ ដំណើរទៅរកប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ក៏ត្រូវរាំងស្ទះជាថ្មីក្រោមស្នាដៃឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

 
បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមយោធាអះអាងថា មានបញ្ហាក្នុងការបោះឆ្នោត ហើយទាមទារឱ្យរដ្ឋាភិបាលស៊ីវិលរកដំណោះស្រាយ។ ក្រុមយោធា បានអះអាងថា ខ្លួនបានរកឃើញករណីលួចបន្លំសន្លឹកឆ្នោតជាច្រើនម៉ឺនករណី តែត្រូវបានទាត់ចោលដោយរដ្ឋបាលស៊ីវិល។ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនលោកស្រី អ៊ុនសាន ស៊ូជី ហើយយោធា បានប្រកាសដាក់ប្រទេសមួយនេះ ក្នុងស្ថានភាពអាសន្នផងដែរ។
 
ក្នុងថ្ងៃនោះហើយ យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងរំលាយសភា ដែលបានគ្រោងបើកកិច្ចប្រជុំនៅថ្ងៃទី១ ខែកុម្ភៈ។ មួយថ្ងៃបន្ទាប់ យោធាមីយ៉ាន់ម៉ា បានប្រកាសរៀបចំក្រុមប្រឹក្សារដ្ឋបាលរដ្ឋដោយមានលោក មីន អ៊ុងឡាំង ជាប្រធាន។ ស្របគ្នានេះ ចលនាប្រឆាំងយោធាក៏ចាប់ផ្ដើមផុលផុសឡើងទូទាំងប្រទេស។
 
ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា កាន់តែវិវដ្តកាន់តែអាក្រក់ ដោយចលនាបាតុកម្មបានផ្ទុះឡើងជាបន្តបន្ទាប់។ ចំណែកតាមបណ្តាញសង្គមដូចជា Instagram, Facebook និង Twitter ជាដើម ប្រជាជនមីយ៉ាន់ម៉ា បានបង្ហាញការមិនពេញលើយោធាយ៉ាងខ្លាំង ដោយអមមកជាមួយរូបថតម្រាមដៃ៣ ផង។ យោធាមីយ៉ាន់ម៉ា បានបញ្ជាឱ្យបិទបណ្តាញសង្គម Twitter និង Instagram ខណៈប្រព័ន្ធអ៊ីនធឺណិត ត្រូវបានកាត់ផ្តាច់ជាញឹកញាប់។ 
 
ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ បាតុកម្មនៅមីយ៉ាន់ម៉ា កាន់តែរីកធំឡើង ដើម្បីទាមទារឱ្យរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ ក៏ដូចជាដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិលដូចជា លោកស្រីអ៊ុងសាន ស៊ូជី និងលោក Win Myint។ យ៉ាងណាមិញ របបសឹកមិនបានឆ្លើយតបនឹងសំណើនោះឡើយ ប៉ុន្តែបានសន្យារៀបចំការបោះឆ្នោត ក្នុងរយៈពេលមួយឆ្នាំ។ 
 

បាតុកម្មនៅមីយ៉ាន់ម៉ានាពេលកន្លងមក។ រូបភាព៖ AFP
 
ដោយបាតុកម្មពុះកញ្ជ្រោលកាន់តែខ្លាំងឡើង ការប៉ះទង្គិចរវាងបាតុករ និងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក៏ឈានដល់ថ្នាក់បង្ហូរឈាម។ ទល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ាប្រមាណជាង១៤០០នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន។ ទន្ទឹមនេះ តុលាការបានកាត់ទោសឱ្យលោកស្រីស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងរងបទចោទជាច្រើនផ្សេងទៀត ខណៈមេដឹកនាំរដ្ឋាភិបាលស៊ីវិលដទៃ ក៏រងបទចោទជាច្រើនដែរ។ 
 
ប្រមុខរបបយោធា លោក មីន អ៊ុងឡាំង ក៏បានប្រកាសជាថ្មី ទាក់ទិននឹងរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ា។ បើតាមលោកមីន អ៊ុងឡាំង ការបោះឆ្នោតថ្នាក់ជាតិ នឹងប្រព្រឹត្តិទៅនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។ 
 
សមាជិកសភាជាប់ឆ្នោតមីយ៉ាន់ម៉ា ដែលភៀសខ្លួន បានបង្កើតគណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា។ គណៈកម្មាធិការមួយនេះ មានសមាជិកភាគច្រើន ចេញពីបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD)។ នៅក្នុងខែមេសា រដ្ឋាភិបាលបង្រួបបង្រួមជាតិ ត្រូវបានបង្កើតឡើង ដោយគណៈកម្មាធិការតំណាងសភា មុននឹងឈានដល់បង្កើតកម្លាំងការពាររបស់ប្រជាជន (PDF) នៅក្នុងខែឧសភា។ កម្លាំងមួយនេះ ត្រូវបានរបបសឹកចាត់ទុកជាក្រុមភេរវករ។ 
 
ក្រៅពីរដ្ឋាភិបាលស្រមោល យោធាមីយ៉ាន់ម៉ា តែងប៉ះទង្គិចជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅតាមតំបន់ក្បែរព្រំដែនចិន ឥណ្ឌា និងថៃជាញឹកញាប់។ ការប៉ះទង្គិចនេះ បានធ្វើឱ្យប្រជាជនស៊ីវិល ត្រូវធ្វើភៀសខ្លួន ចូលទៅក្នុងព្រៃ ឬឆ្លងដែនចូលប្រទេសជិតខាង។ ការប្រយុទ្ធរវាងក្រុមជនជាតិភាគតិច និងក្រុមយោធា បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ មុនរដ្ឋប្រហារយោធា ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានឯកភាពអនុវត្តបទឈប់បាញ់រួចទៅហើយ ប៉ុន្តែការប៉ះទង្គិចបានកើតឡើងជាថ្មី បន្ទាប់ពីរដ្ឋប្រហារនៅដើមខែកុម្ភៈ។ 
 
ក្រៅពីការប្រយុទ្ធគ្នា មីយ៉ាន់ម៉ា បានប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងខ្លាំង, ការបាត់បង់ការងារ, ការរងទណ្ឌកម្មពីសំណាក់បរទេស, និងការដករោងចក្ររបស់បរទេសចេញពីមីយ៉ាន់ម៉ា ក្រោមហេតុផលសិទ្ធិមនុស្សជាដើម។ 
 
ចំណាត់ការអាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា
 
ព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើឱ្យអាស៊ានបារម្ភយ៉ាងខ្លាំង ហើយ ជំរុញឱ្យបញ្ឈប់អំពើហិង្សាក្នុងប្រទេស ដោះលែងអ្នកនយោបាយ និងមនុស្សពាក់ព័ន្ធផ្សេងទៀត រួមទាំងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ យ៉ាងណាមិញ អាស៊ាន ដោយមានព្រុយណេជាប្រធានផ្លាស់វេន មិនមានចំណាត់ការជាក់លាក់ឡើយលើបញ្ហាមីយ៉ាន់ម៉ារហូតដល់ថ្ងៃទី២៤ ខែមេសា ទើបមេដឹកនាំអង្គការតំបន់មួយនេះ ជួបគ្នានៅលេខាធិការដ្ឋានអាស៊ាន ក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះ មេដឹកនាំទាំងអស់ បានដាក់ចេញការឯកភាពចំនួន៥ចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ 
 

រូបភាព៖ ការឯកភាពទាំង ៥ចំណុច របស់មេដឹកនាំអាស៊ាន នាខែមេសា
 
ដោយមើលឃើញថា យោធាមីយ៉ាន់ម៉ា មិនអនុវត្តតាមផែនការនេះ អាស៊ាន ក៏សម្រេចមិនអញ្ជើញលោក មីន អ៊ុងឡាំង ចូលកិច្ចប្រជុំកំពូល ហើយអញ្ជើញតំណាងមិនមែនអ្នកនយោបាយចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣៨ និង៣៩ ដែលធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២១។ ប៉ុន្តែក្នុងកិច្ចប្រជុំនោះ យោធាមីយ៉ាន់ម៉ា មិនបានបញ្ជូនតំណាងមិនមែនអ្នកនយោបាយចូលរួមឡើយ។ ពោលគឺ គ្មានតំណាងមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំឡើយ។
 
ចូលឆ្នាំ២០២២ កម្ពុជាចាប់ផ្ដើមដឹកនាំអាស៊ានក្នុងនាមជាប្រធានប្ដូរវេន បន្ទុកដ៏ធ្ងន់ត្រូវធ្លាក់លើកម្ពុជា។ ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនយោបាយ សម្តេច ហ៊ុន សែន នៅថ្ងៃទី៧ និងទី៨ ខែមករា បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដោយនាំយកជំនួយមនុស្សធម៌ទៅជាមួយផង។ ក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសបន្តការអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២។ ក្រោយដំណើរទស្សនកិច្ចនោះ សម្តេចហ៊ុន សែន បានទទួលទាំងការគាំទ្រ និងការរិះគន់។ 
 
បើទោះរងការរិះគន់ពីបណ្តាប្រទេសផ្សេងក៏ដោយ កម្ពុជានៅតែបន្តលើកយកបញ្ហាមីយ៉ាន់ម៉ាទៅជជែកជាមួយមេដឹកនាំប្រទេសផ្សេងទៀត ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន បានជួបជាមួយមេដឹកនាំអាស៊ាននានា និងលោក មីន អ៊ុងឡាំង ជាច្រើនលើក។ ក្នុងជំនួបជាមួយលោក មីន អ៊ុងឡាំង នៅថ្ងៃទី២៦ ខែមករា សម្តេចហ៊ុន សែន បានស្នើលោក មីន អ៊ុងឡាំង ជួយសម្រួលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។ 
 
កន្លងមក យោធាមីយ៉ាន់ម៉ា បានបដិសេធប្រេសិតពិសេសរបស់ប្រធានអាស៊ាន មិនឱ្យចូលមកក្នុងមីយ៉ាន់ម៉ាឡើយ ទាល់តែស្ថិរភាព ត្រូវបានរៀបចំឡើងវិញ។ នៅក្នុងខែតុលា ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ា ក៏បានបដិសេធប្រេសិតពិសេសរបស់អាស៊ាន ជួបជាមួយលោកស្រី ស៊ូជី ទៀត ដោយសារលោកស្រីស្ថិតក្រោមបទចោទ។ 
 
សូមបញ្ជាក់ថា បើទោះមានការប្រកាសអនុវត្តបទឈប់បាញ់ក៏ដោយ យោធាមីយ៉ាន់ម៉ា នៅតែប៉ះទង្គិចជាមួយកម្លាំងការពាររបស់ប្រជាជន និងក្រុមប្រដាប់អាវុធជនជាតិភាគតិច៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com