ជាតិ
ចិញ្ចឹមមនុស្សពិបាក? អ្នកស្រី ខៃ ចិន្តា ថា ចិញ្ចឹមថែទាំដំរីពិបាកជាង
01, Feb 2022 , 7:59 pm        
រូបភាព
លោកស្រី ខៃ ​ចន្តា ប្រធានសមាគមអៃរាវត្តា និង ដំរីណូអែល
លោកស្រី ខៃ ​ចន្តា ប្រធានសមាគមអៃរាវត្តា និង ដំរីណូអែល
ដោយ៖ ហេង ស្រីលីន
 
ចាប់តាំងពីដំរីពពោះ រហូតដល់សម្រាល និងការចិញ្ចឹមបីបាច់ថែរក្សាកូនដំរី មិនមែនជារឿងងាយស្រួលនោះឡើយ។ អ្នកស្រី ក្លេ ខៃ ចិន្តា នាយិកាសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានអះអាងយ៉ាងដូច្នេះ ទាក់ទងនឹង បទពិសោធន៍ចិញ្ចឹមបីបាច់ថែរក្សាដំរី ជាពិសេសកូនរបស់វា។

 
«ការចិញ្ចឹមដំរី ពិតជាពិបាក បើយើងធៀបនឹងកូនមនុស្ស វាខុសគ្នាឆ្ងាយណាស់ ដោយសារមនុស្ស មាន តួនាទី ជាម្តាយម្នាក់ អាចមើលថែសុខភាពខ្លួនឯង និងអាចមើលថែកូនខ្លួនបាន។ តែដំរីវិញ ក្នុងនាម យើងជាអ្នកថែទាំ ត្រូវយកចិត្តទុកដាក់ ទាំងមេទាំងកូន ជាប់រហូត។ អ្វីដែលសំខាន់គឺត្រូវ ស្វែងយល់ ពីឥរិយាបថរបស់កូនដំរីទៀត វាមានភាពស្មុគស្មាញណាស់»។ អ្នកស្រី ខៃ ចិន្តា បានរៀបរាប់យ៉ាងដូច្នេះ ប៉ុន្តែមិនមែនជាការត្អូញត្អែនោះឡើយ ព្រោះអ្នកស្រីថា វាជាទំនួលខុសត្រូវ។
 

កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក «អុីកែវ» ដែលជាដំរីស្រុកញីតែមួយគត់នៅខេត្តរតនគិរី បង្កើតបានកូនឈ្មោះ «ណូអែល» ហើយក៏ជាកំណើតកូនដំរីស្រុកលើកដំបូងផងដែរនារយៈពេល៣០ឆ្នាំចុងក្រោយនេះ។ តាមរយៈ សារព័ត៌មានថ្មីៗ នាយិកាសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានរៀបរាប់ ពីផលលំបាកមួយចំនួនធំ ដែលជួបប្រទះ ក្នុងអំឡុងពេលមើលថែដំរី ចាប់តាំងពីការបង្កាត់ រហូតដល់ពេលសម្រាលរួច។ 
 
អ្នកស្រីលើកឡើងថា ការបង្កាត់កូនដំរី មិនអាចកំណត់ពីពេលវេលា ជាក់លាក់នោះឡើយ ដោយសារការបង្កាត់ អាចចំណាយពេលយូរ ឬឆាប់ ទៅតាមស្ថានភាពមេដំរី។ បើតាមអ្នកស្រី ចិន្តា ការពពោះរបស់មេដំរី «អុីកែវ» មានរយៈពេល២១ខែ ប៉ុន្តែមិនអាចកំណត់ពេលវេលាសម្រាលច្បាស់លាស់នោះឡើយ។  ចំណែកការមើលថែវិញ ត្រូវយកចិត្តទុកដាក់ជាពិសេស។
 
ការយកចិត្តទុកដាក់ មិនមែនផ្តោតតែលើចំណីអាហារនោះឡើយ ប៉ុន្តែអ្នកស្រី ចិន្តា និងក្រុមការងារ ត្រូវតាម ដានសុខភាព អុីកែវ ជាប្រចាំព្រោះកូនដំរីត្រូវការ សារធាតុចិញ្ចឹមខ្ពស់ ដើម្បីជួយទ្រទ្រង់សរីរាង្គ។ បើទោះបី ជាមាន ផលលំបាកតាំងពីពេលពពោះយ៉ាងណាក្តី ប៉ុន្តែអ្នកស្រី ចិន្តា មិនដែលរាថយនោះឡើយ។ ទីបំផុត «ណូអែល»ាបានចាប់កំណើត ដែលវាជាកម្លាំងចិត្តដ៏ធំធេង និងជាក្តីសង្ឃឹមឆ្ពោះទៅមុខរបស់សមាគម។
 
ទំនួលខុសត្រូវបន្ថែមទៀតសម្រាប់អ្នកស្រី ចិន្តា ក៏ដូចជាក្រុមគ្រួសារអ្នកស្រី ក្រោយវត្តមានរបស់កូនដំរីញី «ណូអែល»។ នាយិការសមាគមអៃរាវត្តា បានរៀបរាប់ថា៖ « ក្រោយពីកូនដំរីកើតហើយ អ្វីដែលខ្ញុំបារម្ភគឺសុខភាព ទាំងមេ និងទាំងកូន ជាពិសេសណូអែលតែម្តង។ កូនដំរី ប្រឈមខ្លាំងបំផុតគឺមេរោគផ្សេងៗងាយឆ្លង ដែល អាចឱ្យវាងាប់លឿន។ បើចំពោះមេដំរី ត្រូវបំប៉នសុខភាពឱ្យបានល្អ ដើម្បីសម្បូរទឹកដោះឱ្យកូនបៅគ្រប់គ្រាន់»។


 ដំរីណូអែល អាយុជាង ១ខែ ។
សមាគមអៃរាវត្តា ត្រូវចំណាយពេលមើលថែច្រើន និងរ៉ាប់រងទៅលើការចំណាយថវិកាក៏អស់ច្រើនផងដែរ។ អ្នកស្រី ចិន្តា បានបញ្ជាក់ថាពេល «ណូអែល» កើតហើយ មេដំរី«អ៊ីកែវ» មិនទាន់ឱ្យកូនចូលក្បែរភ្លាមៗទេ។ ដូច្នេះ ត្រូវផ្សាំ រវាងមេដំរី និងកូនដំរីឱ្យទទួលស្គាល់កូនជាមុនសិន ហេតុនេះហើយ កូនដំរីត្រូវបំប៉នដោយទឹកដោះគោ ដោយមួយថ្ងៃ «ណូអែល»បៅពី១០ទៅ១៥លីត្រ និងផ្តល់ក្តីស្រឡាញ់ជំនួសមេឱ្យបានច្រើន។ 
 
សម្រាប់ការទទួលសមាជិកថ្មីនេះ វាជាមោទកភាពររបស់សមាគមអៃរាវត្តា ដែលការខិតខំរាប់សិបឆ្នាំ ដោយអ្នកស្រីចិន្តាសន្យាបន្តខិតខំអភិរក្សបន្ថែមទៀត ក៏ដូចជាបន្តបង្កាត់ពូជដំរីស្រុកបន្ថែមទៅតាម លទ្ធភាពដែលអាចធ្វើទៅបាន។ 
 
បច្ចុប្បន្ន ខេត្តរតនគិរីមានសត្វដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះ ដែលរស់នៅតំបន់ទឹកជ្រោះកាទៀង ក្នុងស្រុកលំផាត់ ដែលគ្រប់គ្រងដោយសមាគមអៃរាវត្តា។ ម្យ៉ាងវិញទៀត អ្នកស្រី បានអំពាវនាវឱ្យ មហាជនចូលរួមស្រឡាញ់ ការពារសត្វដំរី និងលើកទឹកចិត្តឱ្យ កន្លែងចិញ្ចឹមដំរីនៅកម្ពុជា រួមគ្នាជំរុញបង្កាត់ពូជដំរី ដើម្បីកុំឱ្យផុតពូជពីប្រទេសកម្ពុជា៕
 
 

Tag:
 ដំរី
  លោកស្រី ខៃ ចន្តា
© រក្សាសិទ្ធិដោយ thmeythmey.com