អន្តរជាតិ
អាម៉េរិក និងរុស្ស៊ី ប៉ះសម្តីគ្នាជុំវិញវិបត្តិអ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខ
01, Feb 2022 , 6:29 pm        
រូបភាព
លោកស្រី Linda Thomas-Greenfield តំណាងអាម៉េរិកនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោកស្រី Linda Thomas-Greenfield តំណាងអាម៉េរិកនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែមករា បានបើកកិច្ចប្រជុំចំហមួយ ជុំវិញវិបត្តិអ៊ុយក្រែន។ ក្នុងជំនួបនោះ តំណាងអាម៉េរិក និងរុស្ស៊ី បានប៉ះសម្តីគ្នាយ៉ាងខ្លាំង និងចោទគ្នាទៅវិញទៅមក ទាក់ទិននឹងការធ្វើឱ្យភាពតានតឹងនៅអ៊ុយក្រែន កាន់តែក្តៅឡើង។

 
គ្មានឡើយដំណោះស្រាយជាក់លាក់លើបញ្ហារវាងអ៊ុយក្រែន និងរុស្ស៊ី នៅតាមតំបន់ព្រំដែន បើទោះជំនួបជាន់ខ្ពស់រវាងប្រទេសលោកខាងលិច និងរុស្ស៊ី បានធ្វើឡើងជាច្រើនលើក នាពេលកន្លងមក។ ក្រុងមូស្គូ និងភាគីផ្សេងទៀត បានត្រឹមតែឯកភាពបន្តកិច្ចចរចាប៉ុណ្ណោះ។ ដោយបារម្ភពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អាម៉េរិកបានស្នើក្រុមប្រឹក្សាសន្តិសុខឱ្យបើកកិច្ចប្រជុំចំហលើបញ្ហាអ៊ុយក្រែនជាលើកដំបូង។ 
 
ក្នុងជំនួបនោះ មន្រ្តីទូតអាម៉េរិក និងរុស្ស៊ី បានប៉ះពាក្យសម្តីគ្នាយ៉ាងខ្លាំង​។ ថ្លែងប្រាប់អង្គប្រជុំ លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងពីការពង្រាយទ័ពជាង ១០ម៉ឺននាក់របស់រុស្ស៊ី នៅក្បែរព្រំដែនអ៊ុយក្រែន ការវាយប្រហារលើប្រព័ន្ធអ៊ីនធឺណិតអ៊ុយក្រែន និងផ្សព្វផ្សាយព័ត៌មានមិនពិត។ 
 
«ពួកគេកំពុងតែប៉ុនប៉ងដោយគ្មានមូលដ្ឋានការពិត ដើម្បីលាបពណ៌អ៊ុយក្រែន និងប្រទេសលោកខាងលិចជាអ្នកឈ្លានពាន ដើម្បីយកលេសសម្រាប់វាយប្រហារ»។​ ប្រេសិតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ស្ថានភាពដែលកំពុងតែកើតមាននៅអឺរ៉ុប គឺបន្ទាន់ និងគ្រោះថ្នាក់។ ទន្ទឹមនោះ មន្រ្តីអាម៉េរិករូបនេះ ក៏បានព្រមានរុស្ស៊ីផងដែរថា​ ក្រុងមូស្គូ នឹងរងផលវិបាកដ៏អាក្រក់ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន។ 
 
ស្របគ្នានេះ លោកស្រី Thomas-Greenfield បានបន្តថា សកម្មភាពរុស្ស៊ី ជាការគំរាមសន្តិភាព និងសន្តិសុខក្នុងតំបន់ ​ដូចដែលបណ្តាប្រទេសផ្សេងទៀតអាចស្រមៃបាន។ 
 
ចំណែកតំណាងរុស្ស៊ីនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya  វិញ បានចោទប្រទេសលោកខាងលិចធ្វើឱ្យវិបត្តិនៅអ៊ុយក្រែនកាន់តែតានតឹង និងចោទអាម៉េរិកថា លើកបន្តុបរបបណាស៊ីឱ្យកាន់អំណាចនៅក្នុងទីក្រុងកៀវ។ លោកចង់សំដៅទៅឆ្នាំ២០១៤ ដែលលោកViktor Yanukovych ប្រធានាធិបតីអ៊ុយក្រែន ដែលមាននិន្នាការគាំទ្ររុស្ស៊ី ត្រូវបានទម្លាក់ចេញពីតំណែង ។ ក្នុងកិច្ចប្រជុំដដែល ​ប្រេសិតរុស្ស៊ី បានបដិសេធជាថ្មីពីចេតនារបស់រុស្ស៊ី ក្នុងការឈ្លានពានលើអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា កិច្ចចរចារវាងរុស្ស៊ី និងអាម៉េរិកកម្រិតជាន់ខ្ពស់ ត្រូវបានរំពឹងថា នឹងរៀបចំជាថ្មីក្នុងសប្តាហ៍នេះ ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន ដែលមិនទាន់មានច្រកចេញ។ កន្លងមក រុស្ស៊ី បានទាមទារឱ្យសម្ព័ន្ធយោធាណាតូ កុំអនុញ្ញាតអ៊ុយក្រែនចូលជាសមាជិក និងបញ្ឈប់ពង្រីកឥទ្ធិពលខ្លួនមកក្បែរព្រំដែនរុស្ស៊ី ប៉ុន្តែត្រូវបានអាម៉េរិក និងអង្គការណាតូ បដិសេធ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com