ជាតិ
សង្គមជាតិ
មន្រ្តីប្រឆាំងអំពើពុករលួយម្នាក់ ត្រូវចាប់ខ្លួន ក្រោមការសង្ស័យថា ប្រព្រឹត្តអំពើពុករលួយ
01, Feb 2022 , 9:59 pm        
រូបភាព
រូបពី ACU
រូបពី ACU
អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់មន្រ្តីរបស់ខ្លួនម្នាក់ ដែលបម្រើការងារក្នុងនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និង អន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ហើយបញ្ជូនទៅឲ្យតុលាការភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោយសង្ស័យថា មន្រ្តីរូបនោះ ជាប់ព័ន្ធនឹងអំពើពុករលួយ។


លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ បានប្រាប់ក្រុមអ្នកាសែតតាមបណ្តាញតេឡេក្រាម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយរូបនោះ ត្រូវបានអយ្យការ ចោទប្រកាន់ពីបទវីតិក្រម តាមមាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ។ បើតាមលោកព្រះរាជអាជ្ញារងជាអ្នកនាំពាក្យដដែល សំណុំរឿងរបស់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយរូបនោះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយ ដើម្បីបន្តនីតិវិធី។ 
 
មាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ ចែងថា វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ដែលប្រព្រឹត្ត គឺទី១ ទាមទារ ឬទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬ ដែលលើសពីចំនួនដែលគេត្រូវបង់ ទី២ យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬ ការលោះលាចំពោះការបង់ពន្ធ ឬ អាករដែលខ្លួនដឹងថាខុសច្បាប់។ អ្នកប្រព្រឹត្តបទល្មើសនេះ ប្រឈបនឹងការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកនាំពាក្យរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានបំភ្លឺថា ដែលមន្រ្តី ត្រូវចាប់ខ្លួនោះ បានប្រើប្រាស់វិធីនានា ក្នុងពេលកំពុងទទួលខុសត្រូវពិនិត្យពាក្យប្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនដោយខុសច្បាប់។ អង្គភាពប្រឆាំងអំពើពុករលួយ បន្តថា ទោះបីជាមន្រ្តីនោះ ត្រូវបានបញ្ឈរជើងពីការងារហើយក្តី ក៏រូបគេ មិនព្រមបញ្ឈប់សកម្មភាពខុសច្បាប់ដែរ ដោយនៅតែទាញយកប្រយោជន៍ពីពាក្យប្តឹង ទាំងដែលខ្លួន លែងទទួលបន្ទុកទៅហើយ។ 
 
អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា បានស្តាប់ចម្លើយមន្រ្តីល្មើសច្បាប់នោះ ហើយក៏រកឃើញថា មន្រ្តីនោះ ជាប់សង្ស័យពីការប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងមាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ បានលើកទឹកចិត្តដល់សាធារណជន ឲ្យចូលួមផ្តល់ព័ត៌មាន ទៅអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ បើមានជនណាម្នាក់ ប្រើប្រាស់តូនាទីជាមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់៕  
 

Tag:
 ACU
  មន្រ្តីពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com