ជាតិ
ក្រសួងដំឡើងឋានៈវិជ្ជាជីវៈដល់បុគ្គលិកអប់រំ២១នាក់ជា «នាយកល្អ» និង៨០នាក់ជា «គ្រូល្អ»
02, Feb 2022 , 11:59 am        
រូបភាព
លោក ពឹង គឹមឆេន អតីតនាយកបឋមវត្តបូព៌ ស្ថិតក្នុងចំណោម​បុគ្គលិកអប់រំ ២១នាក់ដែលទទួលបាន​ឋានៈវិជ្ជាជីវៈជានាយកល្អ
លោក ពឹង គឹមឆេន អតីតនាយកបឋមវត្តបូព៌ ស្ថិតក្នុងចំណោម​បុគ្គលិកអប់រំ ២១នាក់ដែលទទួលបាន​ឋានៈវិជ្ជាជីវៈជានាយកល្អ
ដោយ: រួបរួម
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៨ ខែមករា បានចេញប្រកាសស្តីពីការដំឡើងឋានៈវិជ្ជាជីវៈជា នាយកល្អ គ្រូល្អ ក្នុងក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន។ ប្រកាសនេះ សំដៅទាក់ទាញ អភិវឌ្ឍ គាំទ្រ លើកទឹកចិត្ត និងរក្សាគ្រូបង្រៀន អ្នកគ្រប់គ្រងសាលារៀន ឲ្យបម្រើការងារក្នុងប្រព័ន្ធអប់រំ ប្រកបដោយឧត្តមភាព និងចីរភាពដើម្បីឆ្លើយតបទៅនឹងវប្បធម៌សិក្សាពេញមួយជីវិត។

 
បុគ្គលិកអប់រំ ២១នាក់ ត្រូវបានដំឡើងឋានៈវិជ្ជាជីវៈជា «នាយកល្អ» ក្នុងក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន ដែលក្នុងនោះមាន ៥នាក់នៅភ្នំពេញ ៤នាក់នៅសៀមរាប ៣នាក់នៅកំពង់ចាម ២នាក់នៅស្វាយរៀង ២នាក់នៅកំពត ២នាក់នៅបាត់ដំបង១នាក់នៅកំពង់ឆ្នាំង ១នាក់នៅកំពង់ស្ពឺ និង១នាក់នៅនាយកដ្ឋានធានាគុណភាពអប់រំ។


 
ក្រៅពីលោក ប៉ាល់ សុវណ្ណ នៅនាយកដ្ឋានធានាគុណភាពអប់រំ «នាយកល្អ» ផ្សេងៗសុទ្ធតែជានាយក អតីតនាយកនៅបណ្តាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនានា ក្នុងនោះមាន លោក ពឹង គឹមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប ជាដើម។
 
រីឯបុគ្គលិកអប់រំ៨០នាក់ ដែលត្រូវបានដំឡើងឋានៈវិជ្ជាជីវៈជា «គ្រូល្អ» មាន១៥នាក់នៅកំពង់ឆ្នាំង ១៣នាក់នៅកំពង់ចាម ១២នាក់នៅសៀមរាប ១១នាក់នៅភ្នំពេញ ៧នាក់នៅបាត់ដំបង ៤នាក់នៅពោធិ៍សាត់ ៤នាក់នៅតាកែវ ៣នាក់នៅព្រៃវែង ៣នាក់នៅកំពង់ធំ ៣នាក់នៅកំពត ២នាក់នៅប៉ៃលិន ២នាក់នៅព្រះវិហារ និង១នាក់នៅនាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ។


 
ក្នុងចំណោមបុគ្គលិកអប់រំ ដែលមានឋានៈជាគ្រូល្អ អ្នកបម្រើការនៅសាលាបឋមសិក្សាគំរូក្រុង (ខេត្តកំពង់ឆ្នាំង) មានដល់ទៅ៧នាក់ សាលាបឋមសិក្សា២ធ្នូ (បាត់ដំបង) មាន៤នាក់ សាលាបឋមសិក្សាពោធិ៍សាត់ (ពោធិ៍សាត់) មាន៤នាក់។ ក្រៅពីបុគ្គលិកដែលបម្រើការនៅបឋមសិក្សា និងវិទ្យាល័យ ក៏មានបុគ្គលិកនៅសាលាគរុកោសល្យផងដែរ ក្នុងនោះ៣នាក់នៅភ្នំពេញ ១នាក់នៅកំពង់ឆ្នាំង,១នៅកំពង់ធំ , ១នៅព្រះវិហារ ៕ 
 


 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com