អន្តរជាតិ
ទោះកូរ៉េខាងជើងបាញ់មីស៊ីលតកន្ទុយគ្នា អាម៉េរិកនៅតែ​ត្រៀមខ្លួនជាស្រេចសម្រាប់ កិច្ចចរចា
02, Feb 2022 , 3:29 pm        
រូបភាព
លោក សុង គីម តំណាងអាម៉េរិកសម្រាប់កូរ៉េខាងជើង។ រូបភាព៖ AFP
លោក សុង គីម តំណាងអាម៉េរិកសម្រាប់កូរ៉េខាងជើង។ រូបភាព៖ AFP
តំណាងពិសេសអាម៉េរិកសម្រាប់កូរ៉េខាងជើង លោក​ សុង គីម បានថ្កោលទោសកូរ៉េខាងជើងដែលបានបាញ់សាកល្បងមីស៊ីលបាលីស្ទិក និងបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី១ ខែកុម្ភៈ។ យ៉ាងណាមិញ មន្រ្តីអាម៉េរិករូបនេះ បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាច្រើន ក្នុងការរក្សាកិច្ចចរចាការទូតជាមួយក្រុងព្យុងយ៉ាង ដើម្បីជំរុញកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរ។

 
កិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរអាម៉េរិក-កូរ៉េខាងជើង បានផ្អាកចាប់តាំងពីឆ្នាំ ២០១៩ មក។ បន្ទាប់ពីការចរចាជាប់គាំង ក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលជាច្រើនលើក ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន ក៏ដូចជាបង្ហាញពីសមត្ថភាពខ្លួនដាក់អាម៉េរិកផង បើទោះរងទណ្ឌកម្មពីសហគមន៍អន្តរជាតិជាច្រើនក៏ដោយ។ គ្រាន់តែនៅដើមឆ្នាំ២០២២ កូរ៉េខាងជើង បានសាកល្បងមីស៊ីលរហូតដល់ទៅ៧លើក ដោយក្នុងនោះ មានមីស៊ីលប្រដេញ មីស៊ីលបាលីស្ទីក និងមីស៊ីលមានល្បឿនលឿនជាងសំឡេងជាដើម។ 
 
ទាក់ទិននឹងការសាកល្បងមីស៊ីលរបស់ក្រុងព្យុងយ៉ាង តំណាងពិសេសអាម៉េរិកសម្រាប់កូរ៉េខាងជើង លោក សុង គីម បានថ្កោសទោសយ៉ាងខ្លាំង ព្រោះវាជាទង្វើបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ និងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលើកិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង លោក សុង ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់អាម៉េរិកជាថ្មីផងដែរ ក្នុងការការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន។ 
 
បើទោះរិះគន់ក៏ដោយ ប៉ុន្តែមន្រ្តីអាម៉េរិករូបនេះ បានបង្ហាញជំហរម្តងទៀតលើការចរចាជាមួយកូរ៉េខាងជើង។ 
 
«តំណាងពិសេសគីម បានសង្កត់ធ្ងន់ពីការត្រៀមខ្លួនរបស់អាម៉េរិក ក្នុងការរក្សាការចរចាការទូតជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យមានដំណើរការដ៏សំខាន់មួយ»។ សេចក្តីថ្លែងការណ៍ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានលើកឡើងបែបនេះ។ 
 
នៅថ្ងៃទី១ ខែកុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសការបរទេសអាម៉េរិក Wendy Sherman ជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុនលើរឿងនេះដែរ។ ក្នុងកិច្ចសន្ទនានោះ លោកស្រី Sherman បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ។ អនុរដ្ឋមន្រ្តីការបរទេសរូបនេះ ក៏បានថ្កោលទោសកូរ៉េខាងជើង ដែលបាញ់សាកល្បងមីស៊ីលនាពេលកន្លងមកដែរ។ 
 
គួររំលឹកថា ក្រុងព្យុងយ៉ាង នៅថ្ងៃទី៣០ ខែមករា បានបាញ់មីស៊ីល បាលី​ស្ទិកចម្ងាយមធ្យម ប្រភេទ Hwasong-12។ នេះជាលើកទីមួយ ដែលទីក្រុងព្យុងយ៉ាង បានតេស្តមីស៊ីលកម្រិតមធ្យម បើគិតពីឆ្នាំ​២០១៧​ កន្ល​ង​មក។ មុនការសាកល្បងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានអះអាងថា កូរ៉េខាងជើង អាច​ចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយឡើងវិញ៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com