ជាតិ
ក្នុងខែមករា អាជ្ញាធររកឃើញបង្គាចាក់ចាហួយជាង៧តោន ដែលភាគច្រើននាំចូលពីវៀតណាម
02, Feb 2022 , 3:59 pm        
រូបភាព
ភ្នំពេញ៖ មន្រ្តីជំនាញនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញ បង្គាចាក់បញ្ចូលចាហួយ (សារធាតុ CMC ) ជាង៧តោននៅខែមករា ឆ្នាំ២០២២នេះ។ ចាហួយទាំងនោះ ភាគច្រើននាំចូលខុសច្បាប់ពីប្រទេសវៀតណាម ទៅលក់នៅភ្នំពេញ។

 
លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា មន្រ្តីជំនាញ បានស្ទាក់ចាប់រថយន្តដឹកបង្គា ចាក់បញ្ចូលចាហួយ ជាច្រើនលើកតាមមាត់ច្រកព្រំដែនប្រទេសថៃ វៀតណាម និងតាមទីផ្សារនានា។ លោក ឌឹម ថេង ការចាក់ចាហួយ ចូលក្នុងសាច់បង្គានេះ បានបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព តាមរយៈការឆ្លងរោគ ឬជំងឺផ្សេងៗ។ លោក បញ្ជាក់ថា មូលហេតុដែលឈ្មួញចាក់សារធាតុគីមី ឬចាហួយចូលក្នុងគ្រឿងសមុទ្រទាំងនេះ ដើម្បីរក្សាភាពស្រស់ និងបន្ថែមទម្ងន់បង្គា។


 រូបភាពពី អគ្គនាយកដ្ឋាន ក.ប.ប 

លោក ឌឹម ថេង ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«យើងបានស្រាវជ្រាវរួចហើយថាសារធាតុ CMC ហ្នឹង ទោះជាមិនមានផលប៉ះពាល់ដល់សុខភាពភ្លាមៗ។ ប៉ុន្តែ វាអាចនឹងមានការឆ្លងមេរោគ ឬវីរុសផ្សេងៗ​។ សារធាតុ CMC នេះមិនមែនជាសារធាតុម្ហូបអាហារនោះទេ អ៊ីចឹង កាលណាយើងចាក់សារធាតុនេះ ចូលក្នុងបង្គា វាអាចបង្កជាផលប៉ះពាល់»។ 
 
ជាមួយគ្នា អគ្គនាយករង ក.ប.ប រូបនេះ  បានអំពាវនាវដល់ឈ្មួញ ត្រូវ​ប្រកបអាជីវកម្មសុចរិត ចៀសវាងប្រព្រឹត្តផ្ទុយនឹងច្បាប់ ដែលនាំឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពពលរដ្ឋ៕
 

Tag:
 បង្គាចាក់ចាហួយ
© រក្សាសិទ្ធិដោយ thmeythmey.com