ជាតិ
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ «រចនាឧស្សាហកម្ម»សម្រាប់និស្សិតកម្ពុជា
02, Feb 2022 , 3:54 pm        
រូបភាព
ភ្នំពេញ៖ ធនាគារបច្ចេកវិទ្យាអង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍតិចតួចប្រកាសផ្តល់អាហារូបករណ៍ជំនាញ «រចនាឧស្សាហកម្ម (Industrial Design)» ដល់និស្សិតនៅក្នុងប្រទេសអភិវឌ្ឍតិចតួចចំនួន ៤៦ រួមទាំងកម្ពុជាផងដែរ។

 
អាហារូបករណ៍នេះត្រូវផ្តល់ជូនតាមរយៈកម្មវិធីអប់រំជំនាញរចនាអន្តរជាតិ International Design Education (IDE) Program ក្រោមកិច្ចសហការរវាងធនាគារបច្ចេកវិទ្យា ជាមួយសាកលវិទ្យាល័យ Zhejiang និង កម្មវិធីសន្និសីទពិភពលោក World Eco-Design Conference។ 
 
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារបច្ចេកវិទ្យាចុះផ្សាយថ្ងៃ ២កុម្ភៈ កម្មវិធីនេះនឹងផ្តល់អាហារូបករណ៍ដល់និស្សិត ៥០នាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ«រចនាឧស្សាហកម្ម» ក្នុងរយៈពេល ២ឆ្នាំកន្លះ។ 
 
កម្មវិធីដែលផ្តោតលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងនេះ នឹងរួមចំណែកដែលការបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជំនាញវិទ្យាសាស្ត្រ និងនវានុវត្តន៍នៅក្នុងប្រទេសអភិវឌ្ឍតិចតួច។ វាក៏នឹងមានចំណែកបង្កើនសមត្ថភាពក្នុងការច្នៃប្រឌិត ដោះស្រាយបញ្ហា ជំរុញការលូតលាស់នៃសេដ្ឋកិច្ច និងអាចអភិវឌ្ឍន៍ទៅបានដោយចីរភាព។ 
 
អគ្គនាយកស្តីទីនៃធនាគារបច្ចេកវិទ្យាលោក  Taffere Tesfachew បានកត់សម្គាល់ថាកម្មវិធីអាហារូបករណ៍នេះ នឹងមានចំណែកសំខាន់ក្នុងការលើកស្ទួយសហគ្រិនភាព ក្នុងប្រទេសកំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួចទាំង៤៦នោះ។ ទន្ទឹមនឹងនោះ វានឹងមានតួនាទីសំខាន់ផងដែរ ក្នុងការជំរុញការដោះស្រាយភាពគ្មានការងាររបស់យុវជន និងការរើសជំនាញខុស។ 
 
ដោយឡែក លេខាគណៈកម្មការបក្សប្រចាំ សាកលវិទ្យាល័យ  Hu Zhengyu សង្ឃឹមថាកម្មវិធីអាហារូបករណ៍នេះ នឹងមានចំណែកសំខាន់ក្នុងការគាំទ្រដល់សិស្សនិស្សិត នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក្នុងការបណ្តុះជំនាញផ្នែករចនា។ លោកក៏រំពឹងផងដែរថា និស្សិតដែលទទួលបានអាហារូបករណ៍ទាំងនោះ នឹងមានឱកាសក្រេបយកចំណេះដឹង ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ឧស្សាហកម្ម និងធុរកិច្ចជំនាន់ថ្មីផងដែរ។
 
បេក្ខជនដែលចាប់អារម្មណ៍ អាចស្វែងរកព័ត៌មាន បន្ថែមជុំវិញការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ បានតាមរយៈតំណរនេះ http://isinfosys.zju.edu.cn/recruit/login.shtml

© រក្សាសិទ្ធិដោយ thmeythmey.com