ជាតិ
អ្នកតាមដានសង្គម រិះគន់ថា ការខ្វះទឹកស្អាតប្រើប្រាស់ ដោយសាររដ្ឋ និងក្រុមហ៊ុន ព្រងើយកន្តើយ
02, Feb 2022 , 7:59 pm        
រូបភាព
ពលរដ្ឋខ្វះទឹកស្អាតប្រើប្រាស់ បានទៅយកទឹកដែលបុរីផ្ដល់ឲ្យ។ រូបពី កញ្ញា ធាន
ពលរដ្ឋខ្វះទឹកស្អាតប្រើប្រាស់ បានទៅយកទឹកដែលបុរីផ្ដល់ឲ្យ។ រូបពី កញ្ញា ធាន
ភ្នំពេញ៖ ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ពិសេសតាមបុរី ត្អូញត្អែរការខ្វះខាតទឹកស្អាតប្រើប្រាប់ប្រចាំថ្ងៃ បើទោះបីមានការដឹកទឹកចែកដល់ពលរដ្ឋក៏ដោយ។ អ្នកតាមដានសង្គម មើលឃើញថា ការកើតឡើងនូវបញ្ហានេះ គឺដោយសារការខ្វះការទទួលខុសត្រូវ និងការរៀបចំផែនការឲ្យបានច្បាស់លាស់របស់ក្រុមហ៊ុនឯកជននិងរដ្ឋ។

 
នៅរាជធានីភ្នំពេញ ទឹកស្អាតនៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ ខណៈរដូវប្រាំចូលមកដល់។ ពលរដ្ឋរស់នៅតាមបុរីខ្លះ ដែលភាគច្រើនស្ថិតក្នុងតំបន់ជាយក្រុង បានត្អូញត្អែរជាប្រចាំ។ អ្នកស្រី ឈី ម៉ី ដែលរស់នៅក្នុងបុរីភពថ្មីកួរស្រូវពីរ និយាយថា ជាន់ខាងលើក្នុងផ្ទះអ្នកស្រី ទឹកហូរចេញតិចៗ ហើយជួនមិនមានទឹកឡើយ។ ចំណែក ជាន់ផ្ទាន់ដីទឹកចេញខ្សោយ។  
 
ស្រ្តីវ័យ៣០រូបនេះប្រាប់សារព័ត៌មានថ្មីៗថា៖ «រាល់ព្រឹកពិបាកងូតទឹក ហើយជួនថ្ងៃខ្លះទឹកអត់ស្អាតក៏រមាស់ ទឹកថ្ងៃខ្លះក៏ថ្លា ពេលខ្លះពណ៌ច្រេះ ខ្លះខ្មៅ។ ទឹកហ្នឹង មិនមែនទឹកស្អាតទេ គឺបុរីអ្នកផ្គត់ផ្គង់»។ 
 
ចំណែក កញ្ញា អូន ធាន ដែលរស់នៅក្នុងបុរីពិភពឈូកវ៉ា លើកឡើងថា ចាប់តាំងពីអំឡុងខែធ្នូ  ឆ្នាំ២០២១ ពលរដ្ឋក្នុងតំបន់របស់កញ្ញា បានខ្វះខាតទឹកប្រើប្រាស់។ នាពេលថ្មីៗនេះ ភាគីបុរីក៏បានដឹកទឹកចែកជូនពលរដ្ឋបន្ថែម ដើម្បីបំពេញតម្រូវការប្រើប្រាស់ ប៉ុន្តែមិនគ្រាប់គ្រាន់។ កញ្ញា ធាន ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖ «ផ្ទះខ្ញុំដាច់មានៗ។ តែផ្ទះអ្នកខ្លះខ្វះខាតទឹកខ្លាំង មានតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់លុបលាងមុខ ហើយអត់បានងូតទឹកក៏មាន។ ពេលឡានគេដឹកទឹកមកម្ដងៗ គឺនាំគ្នារត់មកយកទឹកដាក់ផ្ទះរៀងខ្លួន»។ 
 
ការខ្វះទឹកស្អាតប្រើប្រាស់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បកស្រាយថា ដោយសារសន្ទុះនៃការអភិវឌ្ឍ និងកំណើនប្រជាជន។ លោក មានប្រសាសន៍ថា វិស័យអចលនទ្រព្យមានការអភិវឌន្ឍលឿន ទើបគម្រោងផ្គត់ផ្គង់ទឹកមិនទាន់ការរីកចម្រើន។ ប៉ុន្តែ អាជ្ញាធរបានខិតខំប្រឹងដោះស្រាយ ដោយកំពុងសាងសង់រោងចក្រទឹកស្អាតបន្ថែមជាបន្តបន្ទាប់។ 
 
«ប្លង់មេ (អំពីទឹកស្អាត) គេមានកំណត់ថា ឆ្នាំណាទៅដល់កន្លែងណា ប៉ុន្តែវិស័យអចលទ្រព្យយើងមានការអភិវឌ្ឍលឿន ដែលយើងមិនអាចគ្រោងទុកបាន តែយ៉ាងណាការអភិវឌ្ឍនេះល្អ។ ប៉ុន្តែ ផែនការទឹកនិងភ្លើងទៅអត់ទាន់ វិស័យឯកជន! យើងខ្វះខាត កន្លែងនេះ ពិតប្រាកដ»។ នេះជាការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៣០មករា ឆ្នាំ២០២២។ លោក បន្ថែមថា ផែនការគឺមាន ប៉ុន្តែមិនទាន់បានទៅតំបន់ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។ លោក អះអាងថា លោក ក៏សាកសួរទៅរដ្ឋាករទឹកស្វយ័តដែរ ជុំវិញបញ្ហាខ្វះទឹកស្អាតនេះ។  
 
យ៉ាងណា អ្នកតាមដានសង្គម នៅដែលដាក់បន្ទុកលើរដ្ឋ ដែលពុំបានគិតដិតដល់ ខណៈបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ កើតមានជាយូរឆ្នាំមកហើយ។  ពួកគេ បន្ទោសថា រដ្ឋ អនុញ្ញាឲ្យភាគីក្រុមហ៊ុនឯកជនអភិវឌ្ឍ ដោយមិនយកចិត្តទុកដាក់លើពលរដ្ឋ។ 
 
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និងលោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម មើលឃើញពីវឌ្ឍនភាពនៃវិស័យអចលនទ្រព្យ ប៉ុន្តែ មិនមែនឫសគល់ឡើយ។ កំណើនពលរដ្ឋនៅទីក្រុង និងការរីកដុះផ្នែកអចលនទ្រព្យនេះ  មិនមែនមានការខ្វះខាតទឺកប្រើប្រាស់ឡើយ គឺមានទាំងបញ្ហាការតភ្ជាប់ចរន្តអគ្គិសនី គុណភាសំណង់បុរី ប្រព័ន្ធលូ និងការប្រមូលសំរាមជាដើម។ 
 
កត្តាចម្បង គឺខ្វះភាពសហការគ្នារវាងក្រុមហ៊ុនឯកជន និងការទទួលខុសត្រូវរបស់ទីភ្នាក់ងាររដ្ឋ។  លោក សន ជ័យ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖ «ការខ្វះការសហការរវាងក្រុមហ៊ុនអភវឌ្ឍន៍ និងទីភ្នាក់ងាររដ្ឋទើបនាំឲ្យមានបញ្ហាទាំងអស់នេះ។ 
 
កន្លងមកក្រុមហ៊ុនខ្លះ បានចាប់ផ្ដើមសាងសង់ហើយ បែរមិនទាន់បានសុំច្បាប់អនុញ្ញាតក៏មាន គឺខ្វះការគិតគូរទុកជាមុនគ្រប់ផ្នែក រួមទាំងភាពព្រងើយមិនទទួលខុសត្រូវរបស់អាជ្ញាធរ។ ក្នុងនាមជាពលរដ្ឋ លោកចង់ឃើញរដ្ឋមានផែនការច្បាស់លាស់ ហើយចុះអនុវត្តឲ្យមានប្រសិទ្ធិភាព ដើម្បីកុំឲ្យជួបបញ្ហាដល់ពលរដ្ឋឬអ្នកប្រើប្រាស់។ 
 
លោក មាស នី លើកឡើងថា រដ្ឋនៅតែមានកាតព្វកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋាករទឹក ក្នុងការរៀបចំសេវាកម្មផ្គត់ផ្គង់ទឹកដល់ពលរដ្ឋនៅតំបន់របស់ខ្លួន។ ការមានផ្នែកតែមួយ ពុំអាចដោះស្រាយបានឡើយ គឺត្រូវតែវាយតម្លៃពីទិន្នន័យកំណើនពលរដ្ឋឲ្យបានជាក់លាក់ និងការរីកចម្រើនវិស័យផ្សេងក្នុងសង្គម។ 
 
«មិនមែនពលរដ្ឋប្រើទឹកខ្ជះខ្ជាយទេ គឺសម្រាប់ចែកចាយឲ្យពលរដ្ឋប្រើខ្វះ  គឺខ្វះផែនការច្បាស់លាស់»។ នេះជាប្រសាសន៍របស់លោក មាស នី ដោយលោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនឯកជនមួយចំនួនមិនបានសហការជាមួយរដ្ឋទេ។ ជាមួយគ្នាដែរ អាជ្ញាធររដ្ឋត្រូវរៀបចំនិងទទួលខុសត្រូវ លើបញ្ហាពលរដ្ឋ។ ពាក់ព័ន្ធនឹងកំណើនពលរដ្ឋ រដ្ឋក៏ត្រូវប៉ាន់ប្រមាណពីតម្រូវការកើនឡើងនៃការប្រើប្រាស់ទឹកភ្លើងផងដែរ។ ការធ្វើបែបនេះ ទើបអាចត្រៀមលក្ខណៈក្នុងការទទួលខុសត្រូវ។ 
 
បញ្ហាទឹក និងសុខភាពរបស់អ្នកប្រើប្រាស់ ខណៈបុរីនិងតំបន់មួយចំនួនពុំមានទឹកស្អាតទៅដល់ រដ្ឋក៏ត្រូវយកចិត្តទុកដាក់ដែល ព្រោះពាក់ព័ន្ធសុខភាពសាធារណៈ។ រដ្ឋាករទឹកស្វយ័ត និងមន្រី្តក្រសួងសុខាភិបាល មានតួនាទីចុះពិនិត្យគុណភាពទឹកនិងចាត់វិធានការ។ «មិនមែនទុកឲ្យពលរដ្ឋប្រើប្រាស់ទឹកមិនល្អ មានច្រេះ មានស្អុយ មានជាតិកំបោរ ឬបង្កបញ្ហាដល់សុខភាពពលរដ្ឋឡើយ»។ នេះជាការលើកឡើងរបស់លោក មាន នី ដដែល ហើយលោក បន្ថែមថា៖ «ក្រុមហ៊ុនបុរីមិនមែនគ្រាន់តែផលិតទឹកសម្រាប់អ្នកប្រើប្រាស់ក្នុងបុរី ដោយគ្រាន់តែយកឱកាសនោះ ទៅលក់បុរីអចលនទ្រព្យឲ្យតែល្អមើល ប៉ុន្តែប៉ះពាល់ដល់សុខភាពពលរដ្ឋតិចឬច្រើន ជារឿងអយុត្តិធម៌ក្នុងសង្គមធំណាស់»៕

Tag:
 សង្គម
  ទឹកស្អាត
  រដ្ឋាករទឹក
© រក្សាសិទ្ធិដោយ thmeythmey.com