អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងធ្វើឱ្យមានមហន្តរាយ ជាច្រើន
02, Feb 2022 , 9:59 pm        
រូបភាព
លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស(ខាងឆ្វេង) ជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ រូបភាព៖ Twitter-UK Prime Minister
លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស(ខាងឆ្វេង) ជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ រូបភាព៖ Twitter-UK Prime Minister
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងបង្កឱ្យមានមហន្តរាយមនុស្សធម៌ យោធា និងសម្រាប់ពិភពលោក។ ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន ព្រមានបែបនេះ នៅចំពោះមុខប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១ ខែកុម្ភៈ។  មេដឹកនាំអង់គ្លេស បានព្រមានដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ ប្រសិនបើហ៊ានឈ្លានពានលើអ៊ុយក្រែន។

 
ថ្នាក់ដឹកនាំបណ្តាប្រទេសនៅតំបន់អឺរ៉ុប បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែនជាបន្តបន្ទាប់។ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី១ ខែកុម្ភៈ បានធ្វើទស្សនកិច្ចទៅអ៊ុយក្រែន ដើម្បីជជែកពីបញ្ហាដែលកំពុងតែកើតមាននេះ។ ក្នុងសន្និសីទសារព័ត៌មាន ចំពោះមុខប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky លោក ចនសុន បានព្រមានពីមហន្តរាយ ប្រសិនបើរុស្ស៊ីហ៊ានឈ្លានពានលើអ៊ុយក្រែន។ 
 
«ការឈ្លានពានលើអ៊ុយក្រែន អាចបង្កឱ្យមានមហន្តរាយនយោបាយ, មនុស្សធម៌ និងសម្រាប់រុស្ស៊ីរួមទាំងពិភពលោក»។ ប្រមុខរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការប្រមូលផ្តុំកម្លាំងយោធានៅតំបន់ក្បែរតំបន់ព្រំដែនអ៊ុយក្រែន អាចជាចំនួនដ៏ច្រើនបំផុតនៅក្នុងឆាកជីវិតមនុស្សជាច្រើន។ 
 
បណ្តាប្រទេសលោកខាងលិច បានអះអាងថា រុស្ស៊ីបានពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់ និងចង់ឈ្លានពានលើអ៊ុយក្រែន។ យ៉ាងណាមិញ បញ្ហានេះ ត្រូវរុស្ស៊ីទាត់ចោល និងការពារថា ជាការឆ្លើយតបនឹងការគំរាមកំហែងពីប្រទេសលោកខាងលិច និងអ៊ុយក្រែន។ 
 
ពីទីក្រុងកៀវ លោក ចនសុន បានបន្ថែមថា អង់គ្លេស កំពុងរៀបចំទណ្ឌកម្ម និងចំណាត់ការផ្សេងទៀតប្រឆាំងរុស្ស៊ី ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន។ បើតាមលោកចនសុន ទណ្ឌកម្មនោះ មិនមែនជាការប្រឆាំងរុស្ស៊ីឡើយ ប៉ុន្តែវាជាការការពារសេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យរបស់អ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពាន។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានរំលឹកផងដែរពីជំនួយរបស់ទីក្រុងឡុងដ៍ចំពោះទីក្រុងកៀវ។ ចាប់ពីឆ្នាំ២០១៥ មក អង់គ្លេស បានហ្វឹកហ្វឺនយោធាអ៊ុយក្រែនប្រមាណ២២០០០នាក់ និងបានផ្តល់សម្ភារយោធា ក្នុងទំហំទឹកប្រាក់ ជិត៣លានដុល្លារ។ លើសពីនេះ នៅសប្តាហ៍មុន អង់គ្លេសបានបញ្ជូនអាវុធប្រឆាំងរថពាសដែកទៅឱ្យទីក្រុងកៀវ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។ 
 
មិនតែប៉ុណ្ណោះ លោកចនសុន បានប្រកាសផ្តល់មូលនិធិក្នុងទំហំទឹកប្រាក់១២០លានដុល្លារ ដើម្បីគាំទ្រអភិបាលកិច្ចល្អ និងលើវិស័យថាមពលនៅអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកមូលនិធិមួយនេះ នឹងជួយពង្រឹងសេរីភាព ជាមួយនឹងវិបុលភាពនៅក្នុងសង្គមអ៊ុយក្រែន។ 
 
ជាការឆ្លើយតប មេដឹកនាំអ៊ុយក្រែន បានជំរុញឱ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងពេលនេះជាជាងរង់ចាំរហូតដល់រុស្ស៊ីឈ្លានពាន។ លោកប្រធានាធិបតី ក៏បានអំពាវនាវឱ្យរុស្ស៊ី ដកទ័ពចេញពីតំបន់ក្បែរព្រំដែនរបស់ខ្លួន។ 
 
ជំនួបជាន់ខ្ពស់នេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ចោទអាម៉េរិកថា ព្រងើយចំពោះសំណើរុស្ស៊ី និងចង់ឱ្យអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ៕ 
 

Tag:
 អង់គ្លេស
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com