ជាតិ
យុវជនសំរាមបង្កើតយុទ្ធនាការ១ដុល្លារទិញធុងសំរាមដាក់នៅតំបន់ជ្រោយចង្វារ
03, Feb 2022 , 10:26 am        
រូបភាព
ភ្នំពេញ៖ យុវជនសំរាម បង្កើតយុទ្ធនាការប្រមូលលុយ ១ដុល្លារ ដើម្បីទិញធុងសំរាមដាក់តាមទីសាធារ ណៈ និងកន្លែងលំហែនានា។ យុទ្ធនាការនេះ បានចាប់ផ្តើមរយៈពេល១៥សប្តាហ៍មកហើយ ដែលប្រមូលបានទិញធុងសំរាមប្រមាណ១០០។ ចំពោះ ទីតាំងសាធារណៈដំបូងដែល ក្រុមយុវជននេះនឹងពង្រាយធុងសំរាម គឺតំបន់ជ្រោយចង្វារ ត្រង់ចំណុចសួនច្បារមាត់ទន្លេ។

 

យុវជនសំរាម ជាឈ្មោះយុវជនមួយក្រុម ដែលជាញឹកញាប់តែងចុះរើសសំរាម និងសម្អាតទីសាធារណៈក្នុងក្រុង និងតាមបណ្តាខេត្តមួយចំនួន។ រយៈពេល៣ខែចុងក្រោយនេះ ក្រុមយុវជនសំរាមបានទៅរើសសំរាមប្លាស្ទិក និងសម្អាតសួនច្បារមាត់ទន្លេ នៅខណ្ឌជ្រោយចង្វាររៀងរាល់ចុងសប្តាហ៍។ ក្រោយបញ្ចប់បេសកកម្មនេះ លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាម មើលឃើញថា តំបន់នេះមិនសូវមានធុងសំរាម និងមានប្លាស្ទិកនៅជាច្រើននៅពាសវាល។ 
  

លោក សាន ដារ៉ាវីត​ និងក្រុមយុវជនសំរាម ពេលចុះរើសសំរាមនៅសួនច្បារមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ។ រូបភាពពី យុវជនសំរាម

ភាពអវិជ្ជមាននៃការខ្វះខាតធុងសំរាមនៅសួនលំហែសាធារណៈនេះ បានធ្វើឱ្យលោក ដារ៉ាវីត និងសមាជិកយុវជនសំរាម បង្កើតយុទ្ធនាការ «១ដុល្លារ ដើម្បីទិញធុងសំរាម» ដើម្បីដាក់តាមទីសាធារណៈ ដែលមិនសូវមានធុងសំរាម។ ប្រធានក្រុមយុវជនរូបនេះ មានមហិច្ឆតាចង់ឱ្យក្រុមយុវជនសំរាម ក្លាយជាក្រុមដែលមានធុងសំរាមច្រើនជាងគេ ដើម្បីផ្គត់ផ្គង់តាមទីសាធារណៈ និងទីលំហែ ជាពិសេសពេលមានពិធីបុណ្យនានា។  
 
ប្រធានក្រុមវ័យ៣២ឆ្នាំខាងលើ យល់ឃើញថា ពលរដ្ឋគួរយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវបោះចោលសំរាមក្នុងធុងសំរាម។ «យើងព្យាយាមធ្វើឱ្យពួកគាត់ដឹងថា សំរាមវាគូជាមួយធុងសំរាម។ អ៊ីចឹង ដំបូងឡើយ យើងចង់ពង្រាយធុងសំរាមសិន»។ នេះជាការលើកឡើងរបស់លោក ដារ៉ាវីត ដោយបន្ថែមថា ពេលមានកម្មវិធីផ្សេងៗ តែងមានសំរាមរប៉ាត់រប៉ាយជាច្រើន ដោយមនុស្សមួយចំនួនមិនយកសំរាម ដាក់ក្នុងធុងសំរាមឡើយ ទោះធុងសំរាមនៅជិតខ្លួនក្តី។ 
  

លោក សាន ដារ៉ាវីត ប្រកាសសុំការចូលរួមពីពលរដ្ឋខ្មែរ ដើម្បីទិញធុងសំរាមដាក់សួនច្បារមាត់ទន្លេ។ រូបភាពពី យុវជនសំរាម

បន្ទាប់ប្រមូលធុងសំរាមបានគ្រប់គ្រាន់ ក្រុមយុវជនសំរាម នឹងបន្តបេសកកម្មផ្សព្វផ្សាយ ពីការបែងចែកសំរាមបន្ថែមដល់ពលរដ្ឋ។ លោកលើកឡើងថា៖« ក្រៅពីចង់ឱ្យពួកគាត់ចេះដាក់សំរាមក្នុងធុងសំរាម យើងចង់មនុស្សរៀនបែងចែកសំរាម។ ការដាក់សំរាមច្របូកច្របល់គ្នា វាធ្វើឱ្យខាតបង់ថវិការដ្ឋក្នុងមួយខែ អាច១លានជាង ទាក់ទងនឹងសំរាមប្រមូលហើយ មិនអាចយកទៅកែច្នៃបាន ដែលធ្វើឱ្យសំរាមច្រើនឡើងៗ»។ 
 
ជាការពិតណាស់ ការបែងចែកសំរាមពិតជាសំខាន់សម្រាប់បរិស្ថាន ព្រោះវាជួយកាត់បន្ថយបរិមាណកាកសំណល់នៅលើផែនដី និងជួយឱ្យបរិស្ថានស្អាតជាងមុន ។ ប៉ុន្តែបើការដាក់សំរាមចូលគ្នា​នៅតែបន្ត ហើយពលរដ្ឋមិនឈ្វេងយល់ពីផលប៉ះពាល់ វានឹងជះឥទ្ធិពលកាន់តែអាក្រក់ចំពោះបរិស្ថានទៅថ្ងៃមុខ។ ត្រង់ចំណុចនេះ លោក ដារ៉ាវីត លើកឡើថា ការកើនឡើងនៃសំរាមកាន់តែច្រើន ហើយទីលានសំរាមស្ទឹងមានជ័យ ក៏បានពេញហើយដែរ។ ដូច្នេះប៉ុន្មានឆ្នាំទៅមុខ បើសិនជាមិនមានការបែងចែក ឬការកាត់បន្ថយផ្សេងៗទេ ផ្ទះរបស់ពលរដ្ឋ អាចក្លាយជាកន្លែងផ្ញើសំរាមសិន ព្រោះការប្រមូលសំរាមអាចនឹងរង្វើល។ 
  
ក្រុមយុវជនសំរាម ប្រមូលសំរាម និងរើសសំរាមប្លាស្ទិកនៅសួនច្បារមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ។ រូបភាពពី យុវជនសំរាម

ក្នុងយុទ្ធនាការ«១ដុល្លារទិញធុងសំរាម» ក៏មានការលក់បន្តោងអនុស្សាវរីយ៍តម្លៃ២ម៉ឺនរៀល ដើម្បីយកថវិកាទិញធុងសំរាមដូចគ្នា។ នៅលើបន្តោងឈើស្រល់ មានឆ្លាក់ឈ្មោះយុវជនសំរាម ឬអតិថិជនអាចឆ្លាក់ពាក្យដែលខ្លួនចង់បាន។ ទន្ទឹមនោះ សប្បុរសជន អាចចូលរួមជាការទិញធុងសំរាមបានផងដែរ ដោយធុងសំរាមមួយមានតម្លែ ៣៥ដុល្លារ។ ចំពោះពលរដ្ឋដែលចង់ចូលរួម អាចទំនាក់ទំនងតាមលេខ ០៦៩ ២១ ៦០ ៨៥ ឬទាក់ទងទៅទំព័រហ្វេសប៊ុក យុវជនសំរាម។ 
  

ក្រុមយុវជនសំរាម ចុះរើសសំរាមតាមច្រាំងទន្លេ នៅសួនច្បារមាត់ទន្លេ។ រូបភាពពី យុវជនសំរាម

គួររំលឹកដែរថា ក្រុមយុវជនសំរាមបានបង្កើតរយៈ៣ឆ្នាំមកហើយ។ សកម្មភាពប្រមូលសំរាមតាមទីតាំងនានា ជាពិសេសនៅប្រឡាយបឹងត្របែក បាននាំឱ្យលោក សាន ដារ៉ាវីត ជួបយុវជនស្រលាញ់បរិស្ថានផ្សេងទៀត។ ការជួបជុំគ្នានៅទីតាំងរើសសំរាមជាច្រើនលើក បានធ្វើឱ្យក្រុមយុវជនទាំងនេះ ដាក់ឈ្មោះក្រុមខ្លួនថា«យុវជនសំរាម» ដោយមានលោក ដារ៉ាវីត ជាប្រធានក្រុម និងដឹកនាំគម្រោងសម្អាតបរិស្ថាន។ មកដល់ពេលនេះ ក្រុមយុវជនសំរាម មានសមាជិកស្នូលប្រមាណ៤០នាក់ និងបានចុះសម្អាតទីតាំងជាច្រើន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន៕ 
 
 

Tag:
 យុវជនសំរាម
  យុទ្ធនាការ១ដុល្លារ
  ធុងសំរាម
  តំបន់ជ្រោយចង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com