ជាតិ
លោក ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលមរណភាពក្នុងអាយុ​៨៧​ឆ្នាំ
03, Feb 2022 , 11:27 am        
រូបភាព
លោក ឈា ថាំង អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាលពីឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៨ បាន​ទទួលមរណភាព​ក្នុងអាយុ​៨៧​ឆ្នាំ ដោយរោគពាធ កាលពី​រសៀលថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាល និង​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន សុទ្ធតែ​បានផ្ញើ​សាររំលែកទុក្ខជូន​ដល់​លោកស្រី ម៉ៅ សាមឿន ចំពោះ​ការ​បាត់បង់​លោក ឈា ថាំង ដែលជា​ឥស្សរជនឆ្នើមមួយ​រូប​របស់គណបក្ស​ប្រជាជន​កម្ពុជា។

 
​«មរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនឆ្នើម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើដល់ផលប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ»។ នេះជា​សាររំលែកទុក្ខ​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
ក្រៅពីអតីតរដ្ឋមន្ត្រីក្រសួង​សុខាភិបាលអណ្តត្តិទី១ និងទី២ លោក ឈា ថាំង ជាសមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា ហើយ​ក៏ជាអតីត​អ្នក​តំណាង​រាស្ត្រមណ្ឌល​ខេត្តក្រចេះ និងជាអតីត​សមាជិកព្រឹទ្ធសភា នីតិកាលទី១ និងទី២ ក្នុងនោះលោក​ក៏បាន​កាន់តំណែងជា​អនុប្រធាន​គណៈកម្មការសុខាភិបាល សង្គម​កិច្ច ការងារ និង​កិច្ចការនារី ផងដែរ។
 
ក្រៅពីប្រមុខ​រដ្ឋាភិបាល បណ្តា​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផ្សេងទៀត សុទ្ធតែបង្ហាញពីការសោកស្តាយចំពោះមរណភាព​លោក ឈា ថាំង។ «គណបក្ស​ប្រជាជន​កម្ពុជា សូម​កោតសរសើរ និង​ចងចាំទុក​នូវ​រាល់ស្នាដៃ​ការងារ​របស់​ឯកឧត្តម ឈា ថាំង ដែលបាន​បន្សល់​ទុក​ដើម្បី​ប្រទេសជាតិ ប្រជាជន និងគណបក្សប្រជាជន​កម្ពុជា»។ នេះជា​សាររបស់​លោក ​ឯក សំអុល សមាជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស។
 
បើតាម​លោក ខៀវ កាញ្ញារីទ្ធ លោក ឈា ថាំង ជាឥស្សរជនមួយរូប ដែលបានចូលរួមក្នុងរណសិរ្សជាមួយលោក នៅឆ្នាំ ១៩៧៩ ដែលមានសម្តេច ជា ស៊ីម ជាប្រធាន ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​សរសេរនៅ​លើ​ហ្វេសប៊ុក​របស់ខ្លួនថា៖ «លោកក៏ជាអ្នករួមដំណើរជាមួយខ្ញុំទៅប្រទេសបារាំងនាចុងឆ្នាំ ១៩៧៩ ដែលជាគណប្រតិភូខ្មែរដំបូងគេបង្អស់របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅកាន់ប្រទេសបារាំង ។ សូមវិញ្ញាណក្ខន្ធលោកបានទៅដល់ទីសុខ»៕
 

Tag:
 សុខាភិបាល
  ឈា ថាំង
© រក្សាសិទ្ធិដោយ thmeythmey.com