ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាស៊ាន មិនអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ចូលប្រជុំឡើយ
03, Feb 2022 , 2:40 pm        
រូបភាព
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក វូណា មួង វីន រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ រូបពីក្រសួងការបរទេសកម្ពុជា
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង លោក វូណា មួង វីន រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ រូបពីក្រសួងការបរទេសកម្ពុជា
កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្រេចមិនអញ្ជើញលោក វូណា មួង វីន (Wunna Maung Lwin) រដ្ឋមន្រ្តីកាបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានឡើយ។ សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានបរទេសធំៗមួយចំនួន សុទ្ធតែបានចុះផ្សាយពីព័ត៌មាននេះ តាមរយៈការសម្ភាសលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។



សារព័ត៌មានវីអូអេ បានស្រង់សម្តីរបស់លោក ជុំ សុន្ទរី ទៅចុះផ្សាយថា ដោយសារមានការវិវឌ្ឍតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ាន ដាក់ចេញកន្លងមក  ទើបសមាជិកអាស៊ាន ពិបាកសម្រចរួមគ្នា (កុងសុងស៊ីស) ក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ាឲ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី បានប្រាប់វីអូអេថា កម្ពុជា បានស្នើឲ្យមីយ៉ាន់ម៉ា ចាត់តំណាងមិនមែនកម្រិតនយោបាយ ឲ្យចូលរួមប្រជុំជំនួសវិញ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅកម្ពុជា។ ដំបូង កម្ពុជា កំណត់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ តែក្រោយមក ស្រាប់តែកម្ពុជា ប្រកាសផ្អាកវិញ។

កាលពីប្រទេសព្រុយណេធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ ក៏ពុំបានអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ឲ្យចូលរួមប្រជុំដែរ ដោយអញ្ជើញត្រឹមតែតំណាងកម្រិតមិនមែននយោបាយប៉ុណ្ណោះ។ ដោយមិនពេញចិត្តនឹងការអញ្ជើញតំណាងកម្រិតមិនមែននយោបាយ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាងណាមួយទៅចូលរួមប្រជុំឡើយ។

ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជា ហាក់ប្រឹងខ្នះខ្នែងណាស់ដែរក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដែលជាសមាជិក ជាពិសេស ព្យាយាមជំរុញឲ្យរបបយោធា ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ា ចូលរួមអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។

កាលពីអំឡុងខែមេសា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅឥណ្ឌូណេស៊ី ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេយោធាកំពូលក្នុងការដឹកនាំធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

ដើម្បីជួយរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា ពេលទទួលតំណែងជាប្រធានអាស៊ានភ្លាម ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ទៅជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ ក្រោយមក ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបលោកឧត្តមសេនីយ៍កំពូលរបស់មីយ៉ាន់ម៉ារូបនេះ តាមប្រព័ន្ធវីដេអូថែមទៀត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សូមរម្លឹកពីសាវតារថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។

គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាជន១៥១០នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៩៣៧នាក់ កំពុងជាប់ឃុំ។ នេះបើផ្អែកតាមរបាយការណ៍ពីសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)។

ក្នុងគម្រង់ខួប១ឆ្នាំនៃការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា កម្ពុជា ដែលប្រធានប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍១ ជុំវិញសភាពការណ៍នៅមីយ៉ាន់ម៉ា។ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានអាស៊ាន ប្រកាសថា សមាជិកអាស៊ាន នៅតែប្តេជ្ញាចិត្តក្នុងការជួយមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច និងធម្មនុញ្ញអាស៊ាន។

មានមូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។

មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕

Tag:
 កម្ពុជា
  កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
  មីយ៉ាន់ម៉ា
 
© រក្សាសិទ្ធិដោយ thmeythmey.com