អន្តរជាតិ
អាហ្វហ្កានីស្ថាន បើកសកលវិទ្យាល័យសម្រាប់ស្រ្តីឡើងវិញ តាមការទាមទារអន្តរជាតិ
03, Feb 2022 , 7:29 pm        
រូបភាព
និស្សិតអាហ្វហ្កានីស្ថាន សិក្សាក្នុងសកលវិទ្យាល័យ Avicenna ក្នុងក្រុងកាប៊ុល ដោយមានការបែងចែករវាងស្រី និងប្រុស។ រូបភាព៖ Reuters
និស្សិតអាហ្វហ្កានីស្ថាន សិក្សាក្នុងសកលវិទ្យាល័យ Avicenna ក្នុងក្រុងកាប៊ុល ដោយមានការបែងចែករវាងស្រី និងប្រុស។ រូបភាព៖ Reuters
រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ នៅថ្ងៃទី២ ខែកុម្ភៈ បានអះអាងថា ខ្លួនបានបើកសកលវិទ្យាល័យសម្រាប់និស្សិតស្រីឡើងវិញ នៅក្នុងខេត្តរបស់អាហ្វហ្កានីស្ថានចំនួន៦។ ការបើកសកលវិទ្យាល័យឡើងវិញនេះ ត្រូវបានមើលឃើញថា គឺជាការឆ្លើយតបនឹងការទាមទាររបស់បណ្តាប្រទេសលោកខាងលិច។ 

 
ចាប់តាំងពីឡើងកាន់អំណាចឡើងវិញនៅពាក់កណ្តាលខែសីហា រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ បានដាក់ចេញវិធានមួយចំនួនលើស្រ្តី និងក្មេងស្រី ដូចជាហាមឃាត់ស្រ្តីពីជីវិតសាធារណៈ និងការងារជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងថ្នាក់រៀន សិស្សស្រី និងសិស្សប្រុសត្រូវរៀនដាច់ពីគ្នាផងដែរ។ កន្លងមក ក្រុមតាលីបង់ បានលើកឡើងថា អាហ្វហ្កានីស្ថាន បានខ្វះខាតអាគារជាច្រើនសម្រាប់ឱ្យក្មេងស្រីទទួលបានការសិក្សា ព្រោះក្មេងស្រី និងប្រុស មិនអាចរៀនជាមួយគ្នាឡើយ។ 
 
នៅដើមខែកុម្ភៈនេះ សាលាកម្រិតឧត្តមសិក្សាមួយចំនួនបានបើកឡើងវិញ។ ក្រសួងព័ត៌មាន និងវប្បធម៌របស់រដ្ឋាភិបាលតាលីបង់ នៅថ្ងៃទី២ ខែកុម្ភៈ បានអះអាងថា សកលវិទ្យាល័យសាធារណៈចំនួន២ នៅក្នុងខេត្ត Nangarhar និង ខេត្ត Kandahar បានបើក ហើយសម្រាប់និស្សិតស្រី ហើយរំពឹងថានិស្សិតទាំងអស់ រួមទាំងស្រ្តី និងបុរស ត្រលប់មកសិក្សាវិញ។ 
 
ក្នុងថ្ងៃដដែលនោះ មន្រ្តីតាលីបង់ បានអះអាងថា សកលវិទ្យាល័យសាធារណៈ នៅក្នុងខេត្ត Helmand, ខេត្ត Farah, ខេត្ត Nimroz និងខេត្ត Laghman បានបើកឡើងវិញផងដែរ សម្រាប់និស្សិតស្រី។ អាកាសធាតុនៅក្នុងខេត្តទាំង ៦នេះ គឺមានសភាពល្អជាខេត្តផ្សេងទៀត នៅអាហ្វហ្កានីស្ថាន ហើយនេះជាហេតុផល ដែលរដ្ឋាភិបាលបើកសាលារៀនទាំងនោះមុនគេ។ បើតាមក្រុមតាលីបង់ និស្សិតប្រុស នឹងសិក្សានៅពេលព្រឹក ខណៈនិស្សិតស្រី ត្រូវសិក្សានៅពេលថ្ងៃ។
 
នៅដើមសប្តាហ៍នេះ រដ្ឋមន្រ្តីអប់រំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន លោក Abdul Baqi Haqqani បានលើកឡើងថា សកលវិទ្យាល័យសាធារណៈនៅកន្លែងផ្សេងទៀត រួមទាំងសកលវិទ្យាល័យកាប៊ុលផង នឹងបើកឡើងវិញនៅថ្ងៃទី ២៦ ខែកុម្ភៈ ខាងមុខ។ 
 
យ៉ាងណាមិញ ក្រោមហេតុផលបែងចែកសិស្សស្រី និងសិស្សប្រុសឱ្យនៅរៀនដាច់ពីគ្នា បានធ្វើឱ្យខ្វះគ្រូបង្រៀនស្រី នៅតាមសាលា។ សាលាខ្លះ ដូចជាសកលវិទ្យាល័យ Laghman មានតែគ្រូស្រីចំនួន ១រូបប៉ុណ្ណោះ និងត្រូវបង្រៀនសិស្សស្រីរហូតដល់ទៅ ២៧០នាក់ ខណៈពេលសកលវិទ្យាល័យ កំពុងស្វះស្វែងរើសគ្រូបង្រៀនស្រីបន្ថែមទៀត។ 
 
ការបើកសកលវិទ្យាល័យឡើងវិញនេះ ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមតាលីបង់មានជំនួបជាមួយបណ្តាប្រទេសលោកខាងលិច នៅប្រទេសស៊ុយអែត ដែលបានជជែកពីបញ្ហាសិទ្ធិសេរីភាបស្រ្តី និងក្មេងស្រី ដើម្បីដោះដូរនឹងការបង្កកទ្រព្យសម្បត្តិអាហ្វហ្កានីស្ថានជាច្រើនពាន់លានដុល្លារ នៅបរទេស៕
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com