អន្តរជាតិ
លោកស្រី ស៊ូជី រងបទចោទមួយករណីទៀត ទោះស្ថិតក្រោមបទចោទជាង១០ហើយក្ដី
04, Feb 2022 , 1:59 pm        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល។ រូបភាព៖ Rueters
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល។ រូបភាព៖ Rueters
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែកុម្ភៈ បានចោទលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមួយករណីទៀត បើទោះលោកស្រី​ កន្លងមក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងរងបទចោទជាច្រើនរួចហើយក្តី។

 
ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ ឆ្នាំ២០២១ មក លោកស្រី អ៊ុងសាន ស៊ូជី បានរងបទចោទយ៉ាងហោចណាស់១០ហើយ ដោយបទចោទខ្លះ ត្រូវបានតុលាការ គ្រប់គ្រងដោយយោធាចេញសេចក្តីសម្រេចរួចហើយ។ មកទល់ពេលនេះ លោកស្រីស៊ូជី ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ខណៈបទចោទផ្សេងទៀត កំពុងបន្តនីតិវិធី។ បើតុលាការរកឃើញពិរុទ្ធភាពលើបទចោទទាំងអស់ លោកស្រីស៊ូជី ប្រឈមនឹងជាប់ពន្ធនាគារយ៉ាងហោចណាស់ ១៥០ឆ្នាំ។ 
 
ខណៈពេលស្ថិតក្រោមបទចោទជាច្រើន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ពាក្យបណ្តឹងមួយករណីទៀតពីបទទទួលសំណូក។ ប៉ូលិសមីយ៉ាន់ម៉ា បានចោទលោកស្រីស៊ូជីទទួលប្រាក់ចំនួន៥៥ម៉ឺនដុល្លារ ជាការបរិច្ចាគទៅនឹងមូលនិធិមនុស្សធម៌របស់លោកស្រី។ មន្រ្តីព័ត៌មានយោធា បានចេញសេចក្តីថ្លែងការណ៍បែបនេះ ដោយមិនបានបញ្ជាក់ពីនីតិវិធី ដែលត្រូវចាប់ផ្តើមឡើយ។ 
 
ទាក់ទិននឹងបទចោទខាងលើ​ មេធាវីរបស់លោកស្រីមិនអាចទាក់ទងបានឡើយ ដោយសារកន្លងមកយោធាមីយ៉ាន់ម៉ា បានហាមឃាត់ក្នុងការនិយាយពាក់ព័ន្ធនឹងលោកស្រីស៊ូជី ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ 
 
បទចោទថ្មីនេះ ធ្វើឡើងស្របពេលមានរបាយការណ៍កម្លាំងយោធាមីយ៉ាន់ម៉ា បានដុតផ្ទះប្រជាជននៅក្នុងភូមិចំនួនពីរ នៅទិសពាយព្យនៃប្រទេស។ ហេតុការណ៍នេះ​ កើតឡើងដោយសារគេសង្ស័យថា យោធាតាមស្វែងរកអ្នកប្រឆាំងរដ្ឋប្រហារ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ្នកភូមិMwe Tone បានអះអាងថា ផ្ទះសំបែងប្រជាជន ប្រមាណ ២០០ ទៅ ២៥០ខ្នង ត្រូវបានភ្លើងឆេះ ខណៈភូមិ Pan ដែលស្ថិតនៅក្បែរនោះ មានភ្លើងឆេះផ្ទះប្រមាណ ២០០ខ្នង។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈមក អ្នកនយោបាយជាច្រើនរូបត្រូវបានចាប់ខ្លួន និងរងបទចោទ។ អ្នកនយោបាយមួយចំនួន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ មិនតែប៉ុណ្ណោះ ប្រជាជនប្រមាណ ១៤០០នាក់ ត្រូវបានបាញ់សម្លាប់ ស្របពេលមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ជាប់ឃុំ៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com