ជាតិ
សង្គមជាតិ
រដ្ឋាករទឹក ប្រកាសថា ការខ្វះទឹកស្អាត នឹងត្រូវបញ្ចប់ចាប់ពីឆ្នាំ២០២៣ទៅ
04, Feb 2022 , 6:59 pm        
រូបភាព
ពលរដ្ឋក្នុងបុរីឈូកវ៉ា នាំគ្នាទៅយកទឹក ដែលខាងបុរីដឹកយកទៅផ្តល់ឲ្យ។ រូបផ្តល់ដោយកញ្ញា អូន ធាន
ពលរដ្ឋក្នុងបុរីឈូកវ៉ា នាំគ្នាទៅយកទឹក ដែលខាងបុរីដឹកយកទៅផ្តល់ឲ្យ។ រូបផ្តល់ដោយកញ្ញា អូន ធាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលស្គាល់ថា មានការខ្វះខាតទឹកស្អាតប្រើប្រាស់តាមតំបន់មួយចំនួនពិតមែន ជាពិសេសនៅជាយរាជធានីភ្នំពេញ និងនៅជាយក្រុងតាខ្មៅ ខេត្តកណ្តាល។ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹក បានចាប់ផ្តើមសាងសង់រោងចក្រផលិតទឹកស្អាតថ្មី១ទៀតនៅបាក់ខែង។



បើតាមរដ្ឋាករទឹក រោងចក្រថ្មីនេះ នឹងត្រូវបង្កើតរួចរាល់ ចាប់ពីឆ្នាំ២០២៣ទៅ ហើយអាចផលិតទឹកស្អាតបានប្រមាណ៤សែនម៉ែត្រគូបបន្ថែម ក្នុង១ថ្ងៃ។ បច្ចុប្បន្ន រដ្ឋាករទឹក មានរោងចក្រផលិតទឹកស្អាតសរុប៤ទីតាំង ដែលអាចផលិតទឹកស្អាតជាមធ្យមបាន៦សែនម៉ែត្រគូប ក្នុង១ថ្ងៃ។ 
 
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ដែលចេញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋាករទឹក ប្រកាសដូច្នេះថា៖«សរុបមក ចាប់ឆ្នាំ២០២៣ទៅ រដ្ឋាករទឹក មានសមត្ថភាពអាចផលិតទឹកស្អាត បាន១លានម៉ែត្រគូប ក្នុង១ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក (២០១៦-២០២៣)»។ 
 
រដ្ឋាករទឹក បកស្រាយថា ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅភ្នំពេញ បានធ្វើឲ្យតម្រូវការទឹកស្អាត កើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺ តម្រូវការទឹកស្អាតជាក់ស្តែង មានប្រមាណ៨សែនម៉ែត្រគូប ក្នុង១ថ្ងៃ ខណៈបច្ចុប្បន្ន រោងចក្រទាំង៤ទីតាំង អាចផលិតទឹកស្អាត បានត្រឹម៦សែនម៉ែត្រគូប ក្នុង១ថ្ងៃ។ រដ្ឋាករទឹក បន្តថា តម្រូវការខ្ពស់នេះ បានបង្កឲ្យមានបញ្ហាខ្វះទឹកស្អាត សម្រាប់ចែកចាយក្នុងតំបន់ខ្លះ។ រដ្ឋាករទឹក អំពាវនាវក្នុងសេចជូនដំណឹង ឲ្យអតិថិជន ក៏ដូចជាប្រជាពលរដ្ឋ សន្សំសំចៃទឹកស្អាត ដើម្បីឲ្យអ្នកដទៃ អាចមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែរ។
 
អ្នកស្រី ឈី ម៉ី ដែលរស់នៅក្នុងបុរីភពថ្មីកួរស្រូវពីរ លើកឡើងថា ផ្ទះរបស់អ្នកស្រី ទឹកហូរចេញតិចៗ ហើយជួនកាល មិនមានទឹកតែម្តង។ អ្នកស្រី ប្រាប់សារព័ត៌មានថ្មីៗថា៖«រាល់ព្រឹក ពិបាកងូតទឹក ហើយជួនថ្ងៃខ្លះ ទឹកអត់ស្អាតក៏រមាស់ ទឹកថ្ងៃខ្លះក៏ថ្លា ពេលខ្លះ ពណ៌ច្រេះ ខ្លះខ្មៅ»។

ចំណែក កញ្ញា អូន ធាន ដែលរស់នៅក្នុងបុរីពិភពឈូកវ៉ា ផ្តល់ព័ត៌មានដល់សារព័ត៌មានថ្មីៗថា ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២១មក ពលរដ្ឋក្នុងបុរីនេះ បានខ្វះខាតទឹកស្អាតប្រើប្រាស់។ កញ្ញា និយាយថា៖«ផ្ទះខ្ញុំដាច់មានៗ។ តែផ្ទះអ្នកខ្លះ ខ្វះខាតទឹកខ្លាំង មានតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់លុបលាងមុខ ហើយអត់បានងូតទឹកក៏មាន។ ពេលឡានគេដឹកទឹកមកម្ដងៗ គឺនាំគ្នារត់មកយកទឹកដាក់ផ្ទះរៀងខ្លួន»។
 
មួយរយៈចុងក្រោយនេះ ពិសេសឈានចូលឆ្នាំ២០២២ ពលរដ្ឋតាមតំបន់មួយចំនួន ដោយភាគច្រើន នៅតាមជាយរាជធានីភ្នំពេញ និងតាមជាងក្រុងតាខ្មៅ បានត្អូញត្អែរសាជាថ្មីពីបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។ អ្នកខ្លះ បង្ហោះសារលើបណ្តាញសង្គម ដើម្បីសូមឲ្យអាជ្ញាធរ ជួយដោះស្រាយ៕ 
 
 
 

Tag:
 ខ្វះទឹក
  រដ្ឋាករទឹក
© រក្សាសិទ្ធិដោយ thmeythmey.com