ជាតិ
​​​ន​យោ​បាយ​ជាតិ​
អូស្រ្តាលី ស្នើឲ្យដោះស្រាយករណីលោក កឹម សុខា ដោយតម្លាភាព យុត្តិធម៌ និង ឆាប់រហ័ស
04, Feb 2022 , 8:59 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា និង លោក ប៉ាប្លូ កាំង (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
ជំនួបរវាងលោក កឹម សុខា និង លោក ប៉ាប្លូ កាំង (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាំង (Pablo Kang) បានទៅជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដល់គេហដ្ឋានម្តងទៀត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ មានការជជែកគ្នាពីសវនាការរបស់លោក កឹម សុខា រួមទាំងការបោះឆ្នោតនៅកម្ពុជាផងដែរ។


លោក ប៉ាប្លូ កាំង បានសរសេរលើបណ្តាញសង្គមធ្វីតធឺ (Twitter) ថា៖«អូស្រ្តាលី អំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និង ឆាប់រហ័ស លើស្ថានភាពនយោបាយរបស់លោក កឹម សុខា ហើយអូស្រ្តាលី សូមសង្កត់ធ្ងន់លើសារសំខាន់នៃការបោះឆ្នោតថ្នាក់មូលដ្ឋាន ដែលមានការប្រកួតប្រជែងពិតប្រាកដ ក្នុងឆ្នាំ២០២២»។    
 
ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់មក ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នឹងឈានមកដល់ ក្នុងឆ្នាំ២០២៣។ 
 
លោក កឹម សុខា ក៏បានបង្ហោះសារអំពីជំនួបរបស់លោក ជាមួយលោកឯកអគ្គរាជទូតអូស្រ្តាលីដែរ។ តាមរយៈទំព័រហ្វេសប៊ុក ប្រធានអតីតគណបក្សប្រឆាំងរូបនេះ បានអរគុណឯកអគ្គរាជទូតអូស្រ្តាលី ដែលបានផ្តល់កិត្តិយសដល់លោក ដោយចំណាយពេលទៅជួបពិភាក្សាជាមួយលោកកន្លងមក រួមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាព និងយុត្តិធម៌សម្រាប់លោក។ 
 
លោក សរសេរថា៖«យុត្តិធម៌ពិតជាពិបាករក ប៉ុន្តែបើមានមិត្តល្អជិតឆ្ងាយ ទទួលស្គាល់ ផ្តល់តម្លៃ គោរពរាប់អាន ក្នុងសង្គមជាតិនិងអន្តរជាតិ ក៏អាចបង្ហាញថាជាមនុស្សស្អាតស្អំ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ»។ 
 
សំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយអស់រយៈពេលប្រមាណ៤ឆ្នាំមកហើយ។ ដ្បិតនៅក្រៅឃុំ តែលោក នៅជាប់បទចោទដដែល ហើយលោក នៅតែត្រូវហាមមិនឲ្យធ្វើសកម្មភាពនយោបាយ។ ឈានចូលឆ្នាំ២០២២នេះ តុលាការភ្នំពេញ បានបើកសវនាការជំនុំជម្រះសេចក្តីលើលោកឡើងវិញ ក្រោយពីផ្អាក់អស់ជិត២ឆ្នាំកន្លងមក។ ក្នុង១សប្តាហ៍ តុលាការ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុងការបើកសវនាការលើលោក ដែលជាហេតុធ្វើឲ្យលោកខ្លួនឯង រួមទាំងក្រុមមេធាវីរបស់លោក រអ៊ូរទាំថា នីតិវិធីក្នុងជំនុំជម្រះសេចក្តី មានភាពយឺតយ៉ាង និងមិនងាយចប់។ 
 
លោក ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ដៅសំដៅថា លោក បានលួចទៅគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ។ លោក រងការចោទប្រកាន់ បន្ទាប់ពីមានវីដេអូខ្លី១ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ ក្នុងវីដេអូនោះ បង្ហាញពីការថ្លែងសារនយោបាយរបស់លោក ក្នុងជំនួបជាមួយអ្នកគាំទ្រនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។ 
 
លោក និយាយក្នុងវីដេអូនោះថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ជួយផ្តល់យុទ្ធសាស្រ្តដល់លោក ដើម្បីផ្តាស់ប្តូរមេដឹកនាំនៅកម្ពុជា។ លោក ថែមទាំងអះអាងថា លោក តែងត្រូវបានបរទេសអញ្ជើញឲ្យទៅជួបម្តងឬលើសពីម្តងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់យុទ្ធសាស្រ្តជូនលោក ពីការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា៕ 
 

Tag:
 កឹម សុខា
  Pablo Kang
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com