COVID-19
ជាតិ
អាជ្ញាធរ ព្រមានថែមមួយកម្រិតទៀត ពីការចាត់វិធានការផ្លូវច្បាប់លើអ្នកតាវ៉ានឹងក្រុមហ៊ុនណាហ្កា បើបង្កឲ្យកូវីដឆ្លងចូលសហគមន៍
04, Feb 2022 , 11:30 pm        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្កាវើលដ៍។ រូបដោយសហការី
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្កាវើលដ៍។ រូបដោយសហការី
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ ព្រមានបន្ថែមពីលើលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងការអនុវត្តច្បាប់លើក្រុមអ្នកតវ៉ាទៅនឹងក្រុមហ៊ុនណាហ្កាវើលដ៍ បើមានករណីឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ដោយសារការតវ៉ារបស់ពួកគេ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ ព្រមានដូច្នេះថា៖«ក្នុងករណី ដែលបាតុករនៅតែចចេសរឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដោយក្នុងនោះ មានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ»។

កាលពីព្រឹកមិញ លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានម្តងរួចមកហើយ ដោយឲ្យក្រុមអ្នកតវ៉ាជាមួយក្រុមហ៊ុនណាហ្កាវើលដ៍ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅកោះពេជ្រទាំងអស់គ្នា ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសព័ត៌មាននេះទៅ។ លោក ប្រាប់ឲ្យអ្នកតវ៉ាទាំងនោះ ទៅធ្វើតេស្ត ដើម្បីជៀវាងកុំឲ្យជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ ក្រោយពីរកឃើញអ្នកតវ៉ាជាស្រ្តីមានផ្ទៃពោះម្នាក់ មានផ្ទុកជំងឺកូវីដ-១៩ប្រភេទអូមីក្រុង។

លោករដ្ឋមន្រ្តី ព្រមានដូច្នេះថា៖«បុគ្គលទាំងឡាយណា ដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»។

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ អះអាងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លោក ជួប ចាន់ណាត ដែលជាតំណាងរបស់ក្រុមអ្នកតវ៉ា បានសំណូមពរឲ្យក្រុមគ្រូពេទ្យ ទៅធ្វើតេស្តពួកគេ ដល់កន្លែងដែលពួកគេ តវ៉ាតែម្តង។ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ បន្តថា ក្រុមគ្រូពេទ្យ បានទៅដល់កន្លែងពួកគេតវ៉ា តាមសំណូមពរ តែពួកគេ នៅតែរឹងរូស មិនព្រមធ្វើតេស្តដដែល។ ការដែលក្រុមអ្នកតវ៉ា មិនព្រមធ្វើតាមអាជ្ញាធរនេះហើយ ដែលគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ សម្រេចចិត្តចេញសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីរដ្ឋមន្រ្តីសុខាភិបាល ដើម្បីដាស់តឿន និងព្រមានពួកគេបន្ថែម។ 

ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ប្រភេទអូមីក្រុង ឬជំងឺកូវីដ-១៩ប្រភេទផ្សេងទៀត កុំឲ្យឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ បង្គាប់ឲ្យក្រុមអ្នកតវ៉ា បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំគ្នាតវ៉ា។ ជាមួយគ្នានេះ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានីភ្នំពេញ អំពាវនាវឲ្យពួកគេ ទៅធ្វើតេស្តតាមការណែនាំ។

សូមរម្លឹកថា បុគ្គលិកណាហ្កាវើលដ៍ បាននាំគ្នាតវ៉ានឹងក្រុមហ៊ុន ចាប់តាំងខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ដើម្បីទាមទារឲ្យបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ បានចូលធ្វើការវិញ។ ការតវ៉ានេះ បានធ្វើឲ្យតំណាងរបស់ពួកគេមួយចំនួន ត្រូវចាប់ខ្លួន ហើយបច្ចុប្បន្ន កំពុងជាប់ឃុំ។ ការចាប់តំណាងរបស់ពួកគេ ធ្វើឲ្យពួកគេ កាន់តែតវ៉ា ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ពួកគេវិញ៕

Tag:
 បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com