អន្តរជាតិ
រង្វាន់ណូបែល៖ ពានរង្វាន់លើកទឹកចិត្តបុគ្គលសម្រាប់ការងារមនុស្សជាតិ
05, Feb 2022 , 11:59 am        
រូបភាព
មេដៃមាសពានរង្វាន់ណូបែល។ រូបភាព៖ AP
មេដៃមាសពានរង្វាន់ណូបែល។ រូបភាព៖ AP
ពានរង្វាន់ណូបែល (Nobel Prize) ត្រូវបានផ្តួចផ្តើមឡើង ដោយលោក អាល់ហ្វ្រេដ ណូបែល (Alfred Nobel) នៅក្នុងឆ្នាំ ១៨៩៥ សម្រាប់វិស័យចំនួន ៥ ក្នុងនោះមានដូចជា រូបវិទ្យា គីមីវិទ្យា វេជ្ជសាស្រ្ត អក្សរសិល្ប៍ សន្តិភាព មុននឹងបន្ថែមវិទ្យាសាស្រ្តសេដ្ឋកិច្ចនៅក្នុងឆ្នាំ ១៩៦៩។ គ្រប់ពានរង្វាន់ទាំង ៦ សុទ្ធតែមានមេដៃមាស លិខិតបញ្ជាក់ និងប្រាក់រង្វាន់។ បុគ្គល ដែលទទួលបានពានណូបែល ត្រូវបានហៅថា «ម្ចាស់ជ័យលាភីរង្វាន់ណូបែល»។

 
ពានរង្វាន់ណូបែល គឺជាពានអន្តរជាតិមួយ គ្រប់គ្រងមូលនិធិណូបែលនៅក្នុងទីក្រុងស្តុកខុល ដោយផ្អែកតាមមូលនិធិរបស់ លោក អាល់ហ្វ្រេដ ណូបែល ជនជាតិស៊ុយអែត។ លោកណូបែល គឺជាអ្នកវិទ្យាសាស្រ្ត សហគ្រិន, អ្នកបង្កើតថ្មី និងជាអ្នកនិពន្ធកំណាព្យផងដែរ។ លោកជាបុគ្គលមួយរូប ខ្វល់ខ្វាយពីបញ្ហាទាក់ទិននឹងសន្តិភាព រួមទាំងសង្គម។ 
 
មុននឹងទទួលមរណភាព លោកបានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន សម្រាប់មូលនិធិណូបែល។ បច្ចុប្បន្ន មូលនិធិណូបែល អាចរកចំណូលបានតាមរយៈការវិនិយោគលើភាគហ៊ុន ប័ណ្ណបំណុល អចលនទ្រព្យ និងការវិនិយោគផ្សេងទៀត។ 
 
ពានរង្វាន់នេះ ត្រូវបានបែងចែកជា៥ផ្នែកដូចជា រូបវិទ្យា, គីមីវិទ្យា, វេជ្ជសាស្រ្ត, អក្សរសិល្ប៍ និងពានរង្វាន់សន្តិភាព។ នៅក្នុងឆ្នាំ ១៩៦៩ ពានរង្វាន់លើវិទ្យាសាស្រ្តសេដ្ឋកិច្ច ត្រូវបានបង្កើតឡើង ដោយពានរង្វាន់ណូបែលមានទាំងអស់ចំនួន ៦។ 
 
គោលបំណងនៃការបង្កើតពានរង្វាន់ទាំងនោះ គឺដោយសារលោកណូបែល ជឿថាប្រជាជនមានសមត្ថភាពជួយកែលម្អសង្គម តាមរយៈចំណេះដឹង និងវិទ្យាសាស្រ្ត។ ម៉្យាងវិញទៀត វាក៏ជាពានសម្រាប់លើកទឹកចិត្តបុគ្គល ដែលចូលរួមចំណែក ក្នុងការងារមនុស្សជាតិផងដែរ។ 
 
ពានរង្វាន់ទាំង៦ ខាងលើ ត្រូវបានផ្តល់ឱ្យ និងវាយតម្លៃ ដោយស្ថាប័នចំនួន ៤ផ្សេងគ្នា និងមានមូលនិធិណូបែល។ រាជបណ្ឌិត្យសភាវិទ្យាសាស្រ្តស៊ុយអែត ជាស្ថាប័នវាយតម្លៃ និងផ្តល់ពានរង្វាន់លើរូបវិទ្យា, គីមីវិទ្យា និងសេដ្ឋកិច្ច។ វិទ្យាស្ថាន Karolinska ផ្តល់ពានវង្វាន់លើវេជ្ជសាស្រ្ត។ បណ្ឌិត្យសភាស៊ុយអែត ផ្តល់ពានលើអក្សរសិល្ប៍ និងគណៈកម្មាធិការណូបែលន័រវែស ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ផ្តល់ពានរង្វាន់សន្តិភាព។ 
 
ការជ្រើសរើស «ជ័យលាភីរង្វាន់ណូបែល» តែងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័នផ្តល់រង្វាន់ តែងអញ្ជើញបុគ្គល ឬស្ថាប័នប្រមាណ ៦០០០ ដើម្បីឱ្យស្នើ ឬដាក់ពាក្យឈរឈ្មោះជាបេក្ខភាពទទួលបានពាន់រង្វាន់។ សំណើទាំងនោះ ត្រូវបានដាក់ឱ្យបានត្រឹមថ្ងៃទី៣១ ខែមករា ក្នុងឆ្នាំជ្រើសរើសម្ចាស់ជ័យលាភី។ ចំណែកម្ចាស់ពានរង្វាន់ នឹងត្រូវប្រកាសក្នុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។  
 
ពានរង្វាន់ណូបែល ត្រូវបានផ្តើមឡើងដំបូងនៅក្នុងឆ្នាំ ១៩០១ ពោលគឺ ៥ឆ្នាំបន្ទាប់ពីលោកណូបែល ទទួលមរណភាព។ បុគ្គលចំនួន ៥រូប ដែលបានទទួលពានណូបែលមុនគេ គឺ លោក Wilhelm Conrad Röntgen ទទួលពានរង្វាន់ផ្នែករូបវិទ្យា, លោក Wilhelm Conrad Röntgen ទទួលពានផ្នែកគីមីវិទ្យា, លោក Emil von Behring ទទួលបានពានផ្នែកវេជ្ជសាស្រ្ត, លោក Sully Prudhomme ទទួលបានពានផ្នែកអក្សរសិល្ប៍  និងពានរង្វាន់សន្តិភាព ត្រូវបានទទួលរួមគ្នាដោយលោក Jean Henry Dunant និងលោក Frédéric Passy។ ក្នុងឆ្នាំ ១៩៦៩ លោក Ragnar Frisch បានទទួលពានរង្វាន់លើវិទ្យាសាស្រ្តសេដ្ឋកិច្ចមុនគេ នៅពេលពាននេះ បង្កើតឡើងដំបូង។ 
 
បុគ្គល និងស្ថាប័នខ្លះ បានទទួលពានរង្វាន់ណូបែលរហូតដល់ទៅពីរ និងបី ឯណោះ។ លោកស្រី Marie Curie បានទទួលពានណូបែលរហូតដល់ទៅ ពីរឯណោះ ក្នុងនោះមានដូចជា ពានរង្វាន់សម្រាប់រូបវិទ្យា មុននឹងឈ្នះពានរង្វាន់សម្រាប់គីមីវិទ្យានៅ ៩ឆ្នាំបន្ទាប់។ ដូចគ្នាដែរ លោក Linus Pauling បានទទួលពានណូបែលចំនួនពីរ ក្នុងនោះមានដូចជា ពានលើគីមីវិទ្យា មុននឹងទទួលបានពានណូបែលសន្តិភាពនៅ ៨ឆ្នាំក្រោយ។ 
 
ទន្ទឹមនេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស បានឈ្នះពានរង្វាន់ណូបែលសន្តិភាពរហូតដល់ទៅ ៣លើកឯណោះ ក្នុងនោះមាននៅក្នុងឆ្នាំ ១៩១៧, ១៩៤៤ និងឆ្នាំ ១៩៦៣។ 
 
«ជ័យលាភីរង្វាន់ណូបែល» នឹងទទួលបានមេដៃមាស លិខិតបញ្ជាក់ និងប្រាក់រង្វាន់មួយចំនួន។ ទំហំនៃប្រាក់រង្វាន់ គឺអាស្រ័យលើចំណូលចូលមកក្នុងមូលនិធិណូបែល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម្ចាស់ពានរង្វាន់ណូបែល នៅក្នុងឆ្នាំ២០២០ អាចទទួលបានប្រាក់រង្វាន់ប្រមាណ ១១ម៉ឺនដុល្លារ។ ចាប់ពីឆ្នាំ ១៩០១ ដល់ឆ្នាំ ២០២១ ពានរង្វាន់ណូបែល ត្រូវបានផ្តល់ឱ្យចំនួន ៦០៩លើក ទៅបុគ្គល និងអង្គការចំនួន៩៧៥ ៕
 
 

Tag:
 Nobel Prize
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com