ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ​ដែល​មិន​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​
05, Feb 2022 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​យើង​ភាគច្រើន​នៅ​ពេល​ដែល​ចង់​សម្រក​ទម្ងន់ យកចិត្តទុកដាក់​តែ​លើ​អាហារ​មិន​បាន​យកចិត្តទុកដាក់​លើ​ភេសជ្ជៈ​ឡើយ​។ នេះ​គឺជា​កំហុស​មួយ​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ភេសជ្ជៈ​ដែល​មិន​ល្អ​សម្រាប់​អ្នក​សម្រក​ទម្ងន់​។​

 
– កាហ្វេ​ថែម​ក្រែ​មឬ​ស្ករ​៖ នៅពេល​ដែល​អ្នក​បន្ថែម​ក្រែ​មឬ​ស្ករ​ទៅ​ក្នុង​កែវ​កាហ្វេ​របស់​អ្នក​កាហ្វេ​របស់​អ្នកនឹង​ក្លាយទៅជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​និង​ខ្លាញ់​។ កាហ្វេ​លាយ​មួយ​ពែង​នេះ​អាច​មាន​កាឡូរី​ដល់​ទៅ ៥៧០ ដែល​អាច​ជា​កម្រិត​មួយ​ខ្ពស់​ជាង​កម្រិត​កាឡូរី​ទទួលទាន​បាយ​មួយពេល​ទៀតផង​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ការ​ពិសារ​កាហ្វេ​ខ្មៅ​ចូរ​បន្ថែម​ទឹកដោះគោ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ដើម្បី​គ្រប់គ្រង​កាឡូរី​របស់​អ្នក​។​
 
– ស្រា​ក្រឡុក​៖ ស្រា​ខ្លាំង​មួយ​ពែង​មាន​កាឡូរី​ទាប​ជាង​ស្រាក្រហម​ឬ​ស្រា​ផ្សេងៗ ប៉ុន្តែ​នៅពេល​ដែល​អ្នក​លាយ​វា​ជា​មួយ​សូ​ដា​ឬ​ជាតិ​ក្រែម​វា​នឹង​ក្លាយទៅជា​មាន​កាឡូរី​ខ្ពស់​។ ស្រា​ក្រឡុក​white Russian ដែល​លាយ​ជា​មួយក្រែម​មាន​កាឡូរី​ដល់ទៅ ៧១៥​។ ជម្រើស​ដែល​មិនសូវ​មាន​កាឡូរី​គឺ​លាយ​ស្រា​ជាមួយនឹង​សូ​ដា​សម្រាប់​អ្នក​សម្រក​ទម្ងន់​។​
 
– ភេសជ្ជៈ​ជំនួយ​កម្លាំង​៖ ភេសជ្ជៈ​ជំនួយ​កម្លាំង​មាន​បន្ថែម​សារធាតុចិញ្ចឹម​ច្រើន​ប៉ុន្តែ​អ្នក​អាច​ទទួលបាន​វីតាមីន និង​សារធាតុ​ខនិជ​ក្នុង​កម្រិត​ដូចគ្នា​ជាមួយ​នឹង​ការ​ទទួលទាន​អាហារ​ដែល​មាន​កាឡូរី​ទាប​។ អ្នក​ដែល​ប្រាកដ​ថា​ចង់​សម្រក​ទម្ងន់​ត្រូវ​រក្សា​ជាតិ​សំណើម​ដោយ​ពិសារ​ទឹក​ធម្មតា មិន​ត្រូវ​ពិសារ​ភេសជ្ជៈ​ជំនួយ​កម្លាំង​នោះទេ លុះត្រាតែ​អ្នកត្រូវការ​សារធាតុចិញ្ចឹម​បន្ថែម​ក្រោយពេល​ហាត់ប្រាណ​បែកញើស​ច្រើន​។​
 
​ខាងក្រោម​នេះ​គឺជា​ប្រភេទ​ភេសជ្ជៈ​ដែល​មិន​អាច​ធ្វើការ​សន្មត​បាន​ថា​ល្អ​ឬ​មិន​ល្អ​៖
 
– ទឹក​ផ្លែឈើ​៖ ទឹក​ផ្លែឈើ​មាន​កាឡូរី​ច្រើន​ដូចជា​ទឹក​សូ​ដា​ដែរ​បើ​ទោះបីជា​វា​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ក៏ដោយ​។ បញ្ហា​របស់​វា​គឺ​អ្នក​ចង់​បាន​វីតាមីន​និង​សារធាតុ​អង់​ទី​អុក​ស៊ីដង់ តែ​មិន​ត្រូវការ​ជាតិ​ស្ករ​បន្ថែម​។ វិធី​ល្អ​បំផុត​គឺ​៖ ស្វែងរក​ទឹក​ផ្លែ​ឈើ​ដែល​សុទ្ធ ១០០%​។ ចូរ​ជៀសវាង​ពិសារ​ទឹក​ផ្លែឈើ​ដែល​មាន​បន្ថែម​រសជាតិ​ផ្អែម​។​
 
– ផ្លែឈើ​ក្រឡុក​៖ ការ​ក្រឡុក​ផ្លែ​ចេក​ស្ត្រ​ប៊ឺ​រី​និង​ប្ល៊ូ​ប៊ឺ​រី​ជាមួយគ្នា​គឺជា​ទឹក​ផ្លែឈើ​ក្រឡុក​ដែល​មានឱជារស​ដ៏​ពិសេស​ហើយ​ថែម​ទាំង​ទទួលបាន​វីតាមីន​និង​សារធាតុ​ខនិជ​ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ទៀតផង​។ ជម្រើស​ក្រឡុក​ផ្លែ​ឈើ​ដោយ​ខ្លួនឯង​នៅផ្ទះ​គឺ​ល្អ​បំផុត​នៅពេល​ដែល​គណនា​ចំនួន​កាឡូរី ព្រោះ​អ្នក​អាច​គ្រប់គ្រង​ទៅ​លើ​គ្រឿងផ្សំ​បាន​។ ផ្លែឈើ​ក្រឡុក​នៅ​តាម​ហាង​អាច​នឹង​ផ្សំ​ជាមួយនឹង​ការ៉េម​ទឹកឃ្មុំ​ឬ​សារជាតិ​ផ្អែម​ផ្សេង​ទៀត​ដែល​បង្កើន​កម្រិត​កាឡូរី​របស់​អ្នក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com