អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
06, Feb 2022 , 6:29 pm        
រូបភាព
ស្ថានការណ៍ពិភពលោក មានការវិវដ្តពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងសប្តាហ៍ចុងក្រោយនេះ សហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែបង្ហាញក្តីបារម្ភជុំវិញវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ វិបត្តិអ៊ុយក្រែននៅតែបន្តជាប់គាំង ដោយសារប្រទេសលោកខាងលិច មិនឆ្លើយតបនឹងសំណើរបស់រុស្ស៊ី។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក៏បានចាប់ផ្តើមនៅក្នុងសប្តាហ៍នេះផងដែរ។ ខាងក្រោមនេះ ជាការសង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍។

 
ថ្ងៃទី៣១ ខែមករា 
 
យោធាមីយ៉ាន់ម៉ា មិនគួរត្រូវបានផាត់ចេញពីតុចរចាសន្តិភាពនាពេលខាងមុខនេះនោះទេ ប៉ុន្តែក៏មិនមានសិទ្ធិដឹកនាំប្រទេសនាពេលនេះដែរ។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Noeleen Heyzer បានលើកឡើងបែបនេះ។ 
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំចំហមួយ ជុំវិញវិបត្តិអ៊ុយក្រែន។ ក្នុងជំនួបនោះ តំណាងអាម៉េរិក និងរុស្ស៊ី បានប៉ះសម្តីគ្នាយ៉ាងខ្លាំង និងចោទគ្នាទៅវិញទៅមក ទាក់ទិននឹងការធ្វើឱ្យភាពតានតឹងនៅអ៊ុយក្រែន កាន់តែក្តៅឡើង។
 
ថ្ងៃទី១ ខែកុម្ភៈ 
 
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi អះអាងថា យន្តហោះចម្បាំង F-15 មួយគ្រឿងដែលបានបាត់ពីប្រព័ន្ធរ៉ាដា បានធ្លាក់ហើយ ខណៈអ្នកបើកបរ២នាក់បាត់ខ្លួនដូចគ្នា អំឡុងពេលហោះហ្វឹកហ្វឺននៅថ្ងៃទី៣១ ខែមករា។ ប្រតិបត្តិការស្វែងរក កំពុងធ្វើឡើងផងដែរ។
 
សភាជាន់ទាបជប៉ុន បានអនុម័តសេចក្តីសម្រេចមួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅចិនដែលក្រុងតូក្យូអះអាងថា ធ្លាក់ចុះធ្ងន់ធ្ងរ។ សភាជប៉ុន ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ចាត់វិធានការលើចិន ដើម្បីជួយសម្រាលស្ថានភាពសិទ្ធិមនុស្សផងដែរ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំង នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខ។
 
ថ្ងៃទី២ ខែកុម្ភៈ
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញស្ថានភាពនៅមីយ៉ាន់ម៉ា ស្របពេលខួបមួយឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា។ តាមរយៈសេចក្តីថ្លែងការណ៍នោះ ក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញការគាំទ្រចំពោះអាស៊ាន ក្នុងការសម្របសម្រួលលើដំណោះស្រាយប្រកបដោយសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ UNSC ក៏បានបង្ហាញការស្វាគមន៍ចំពោះការតែងតាំងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាប្រេសិតពិសេសផងដែរ។
 
អាម៉េរិកនឹងបញ្ជូនទ័ពបន្ថែមទៀតជាង៣ពាន់នាក់ទៅប៉ូឡូញ និងរូម៉ានីដើម្បីការពារតំបន់អឺរ៉ុបខាងកើត ស្របពេលភាពតានតឹងជុំវិញវិបត្តិអ៊ុយក្រែនមិនទាន់ថមថយ ហើយរុស្ស៊ីនៅតែប្រមូលផ្ដុំទ័ពរបស់ខ្លួនជាច្រើននៅព្រំដែនជាប់អឺរ៉ុបខាងកើតដដែល។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចាត់ទុកការពង្រាយទ័ពនេះជាសញ្ញាមួយទៅកាន់រុស្ស៊ី។

ថ្ងៃទី៣ ខែកុម្ភៈ
 
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមួយករណីទៀត បើទោះលោកស្រី កន្លងមក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ និងរងបទចោទជាច្រើនរួចហើយក្តី។
 
ទីក្រុងវ៉ាស៊ីនតោន បានព្រមានចំៗថា ទំនាក់ទំនងជិតស្និទ្ធជាមួយចិន មិនអាចជួយរុស្ស៊ីគេចពីទណ្ឌកម្មសេដ្ឋកិច្ចបានឡើយក្នុងករណីទណ្ឌកម្មត្រូវបានដាក់ពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ។ លើសពីនោះ ចិនក៏អាចជួយបញ្ហាដូចគ្នា បើសិនចេញមុខជួយរុស្ស៊ីនោះ។
 
ថ្ងៃទី៤ ខែកុម្ភៈ
 
ប្រធានាធិបតីចិន ស៊ី ជីនភីង បានស្វាគមន៍សមភាគីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ដោយភាគីទាំងពីរប្រកាសជាឱឡារិកប្រឆាំងការពង្រីកសម្ព័ន្ធយោធាណាតូ ដែលជាប្រធានបទកំពុងក្ដៅរវាងរុស្ស៊ី និងលោកខាងលិច។ លោក ស៊ី និងលោក ពូទីន ក៏ប្រកាសការពារផលប្រយោជន៍គ្នាទៅវិញទៅមក ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសទាំងពីរពីសំណាក់កម្លាំងខាងក្រៅ និងជំទាស់ផែនការពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិកទៀតផង។
 
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានអះអាងថា លោកគ្មានបំណងធ្វើជានាយករដ្ឋមន្រ្តីរហូតឡើយ ហើយការកាន់អំណាច៧-៨ឆ្នាំមកនេះ ក៏ធ្វើទៅតាមច្បាប់អនុញ្ញាតដែរ។ ប៉ុន្តែឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះមិនទាន់បញ្ជាក់ថា លោកនឹងកាន់តំណែងដល់ពេលណា ឬបន្តឈរឈ្មោះនៅអាណត្តិក្រោយទៀតឬយ៉ាងណាឡើយ។
 
ថ្ងៃទី៥ ខែកុម្ភៈ 
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានប្រាប់មេដឹកនាំទីក្រុងប៉េកាំងថា លោកសង្ឃឹមចង់ឱ្យរដ្ឋាភិបាលចិនអនុញ្ញាតឱ្យស្នងការសិទ្ធិមនុស្ស UN ធ្វើដំណើរទស្សនកិច្ចដែលគួរឱ្យទុកចិត្តទៅកាន់ចិនរួមទាំងតំបន់ស៊ីនជាំងផងដែរ។ 
 
ថ្ងៃទី៦ ខែកុម្ភៈ 
 
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាខួបទី៧០ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ម្ចាស់ក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ ។ ទ្រង់ជាស្ដេចដែលអង្គុយលើរាជបល្ល័ង្កយូរជាងគេរបស់អង់គ្លេស ហើយជាប្រមុខរដ្ឋយូរជាងគេដែលនៅមានព្រះជន្មផងដែរ។ ក្នុងសារអបបអរ ម្ចាស់ក្សត្រិយ៍អង់គ្លេសមានបន្ទូលថា នឹងបន្តបម្រើប្រទេសដូចដែលបានសន្យាកាលពី៧០ឆ្នាំមុនដដែល៕
 

Tag:
 កូរ៉េខាងជើង
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com