អន្តរជាតិ
ប្រធានាធិបតីបារាំង ធ្វើទស្សនកិច្ចនៅក្រុងមូស្គូ ដើម្បីបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន
07, Feb 2022 , 10:27 am        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៧ ខែកុម្ភៈ ហោះទៅក្រុងមូស្គូ ជួបជាមួយសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន។ មុនជំនួបជាមួយមេដឹកនាំរុស្ស៊ី លោក ម៉ាក្រុង បានលើកឡើងថា បារាំង នឹងទទួលស្គាល់ការបារម្ភលើផ្នែកសន្តិសុខរបស់រុស្ស៊ី ប៉ុន្តែក៏មិនបោះបង់ការគាំទ្រលើអធិបតេយ្យភាពរបស់អ៊ុយក្រែនដែរ។

 
ជាច្រើនខែហើយ វិបត្តិអ៊ុយក្រែន នៅតែមិនទាន់មានដំណោះស្រាយជាក់លាក់ឡើយ ខណៈប្រទេសលោកខាងលិច និងរុស្ស៊ី នៅតែបន្តខ្វែងគំនិតគ្នាជុំវិញសមាជិកភាពរបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធយោធាណាតូ រួមជាមួយការពង្រីកឥទ្ធិពលណាតូមកក្បែររុស្ស៊ី។ បញ្ហានេះ បានធ្វើឱ្យប្រទេសលោកខាងលិច បារម្ភថា រុស្ស៊ី អាចនឹងឈ្លានពានអ៊ុយក្រែន ជាមួយនឹងកម្លាំងទ័ពជាច្រើនម៉ឺននាក់។ 
 
ស្របពេលវិបត្តិអ៊ុយក្រែនកំពុងតែក្តៅខ្លាំង ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ត្រូវធ្វើទស្សនកិច្ចនៅក្រុងមូស្គូ នៅថ្ងៃទី៧ ខែកុម្ភៈ ក្នុងគោលបំណងជួបជាមួយប្រធានាធិបតីរុស្ស៊ី ដើម្បីបន្ធូរបន្ថយ និងបង្ការកុំឱ្យផ្ទុះសង្រ្គាម។ ទស្សនកិច្ចរបស់មេដឹកនាំបារាំងនៅក្រុងមូស្គូ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់។ 
 
ការជំរុញឱ្យកាត់បន្ថយទ័ព សំណើសន្តិសុខរបស់រុស្ស៊ី ដែលបានដាក់ចេញពីខែធ្នូ រួមទាំងលទ្ធភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សុទ្ធតែអាចជាប្រធានបទនៃការជជែករវាងមេដឹកនាំបារាំង និងរុស្ស៊ី។
 
មុនជំនួបជាមួយមេដឹកនាំរុស្ស៊ីមួយថ្ងៃ លោក ម៉ាក្រុង ក្នុងកិច្ចសម្ភាសជាមួយកាសែត Le Journal du Dimanche បានលើកឡើងថា បារាំងនឹងទទួលស្គាល់ការបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ប៉ុន្តែខ្លួនក៏មិនបោះបង់ការគាំទ្រអធិបតេយ្យរបស់អ៊ុយក្រែនឡើយ។ «គោលបំណងភូមិសាស្រ្តនយោបាយរុស្ស៊ី គឺមិនមានអ៊ុយក្រែនឡើយ ប៉ុន្តែជាការបញ្ជាក់ពីទំនាក់ទំនងរវាងរុស្ស៊ុជាមួយណាតូ និងសហភាពអឺរ៉ុប»។ លោកម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា អធិបតេយ្យភាពរបស់អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបណាមួយ មិនអាចសម្របសម្រួល បានឡើយ។ 
 
បើតាមលោក ម៉ាក្រុង ដែលបានជជែកជាមួយលោក ពូទីន តាមប្រព័ន្ធទូរសព្ទជាច្រើនលើក គោលបំណងនៃកិច្ចពិភាក្សានោះ គឺដើម្បីបង្ការប្រតិបត្តិការយោធារុស្ស៊ី និងបន្ធរបន្ថយភាពតានតឹងរវាងក្រុងកៀវ និងមូស្គូ។ បន្ទាប់ពីទស្សនកិច្ចនៅរុស្ស៊ី លោកម៉ាក្រុង នឹងបន្តធ្វើទស្សនកិច្ចនៅអ៊ុយក្រែន នៅថ្ងៃទី៨ ខែកុម្ភៈ។ 
 
សូមបញ្ជាក់ថា មុនជំនួបដ៏សំខាន់នៅទីក្រុងមូស្គូ ប្រធានាធិបតីបារាំង ក៏បានជជែកជាមួយសម្ព័ន្ធមិត្តអាម៉េរិកដែរ ​ដើម្បីស្វែងរកចំណាត់ការរួម និងដំណោះស្រាយលើវិបត្តិអ៊ុយក្រែន។ នៅថ្ងៃទី៦ ខែកុម្ភៈ លោកម៉ាក្រុង បានជជែកជាមួយប្រធានាធិបតីអាម៉េរិក តាមទូរសព្ទរយៈពេល ៤០នាទី។ មេដឹកនាំប្រទេសទាំងពីរ បានជជែកពីនីតិវិធីការទូត និងកិច្ចខិតខំ ដើម្បីឆ្លើយតបនឹងការពង្រាយកម្លាំងទ័ពរុស្ស៊ី នៅក្បែរព្រំដែនអ៊ុយក្រែន។ ភាគីទាំងពីរ បានប្តេជ្ញា រក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធ ដើម្បីជជែកជាមួយសម្ព័ន្ធមិត្ត និងអ៊ុយក្រែន លើបញ្ហារុស្ស៊ី៕ 
 

Tag:
 បារាំង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com