ជាតិ
សេដ្ឋកិច្ច
កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ តម្លៃជាង៣៣លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ
07, Feb 2022 , 11:06 am        
រូបភាព
កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ តម្លៃជាង៣០លានដុល្លារ ជាជំនួយឥតសំណងរបស់ចិន។_រូបថត៖ MPWT
កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ តម្លៃជាង៣០លានដុល្លារ ជាជំនួយឥតសំណងរបស់ចិន។_រូបថត៖ MPWT
កំណាត់ផ្លូវជាតិលេខ៧ ក្នុងទឹកដីខេត្តក្រចេះ ដែលស្ថិតនៅក្រោមជំនួយឥតសំណង ជាង៣៣លានដុល្លារពីប្រទេសចិន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២២។ កំណាត់ផ្លូវនេះ មានប្រវែងជិត១០០គីឡូក្រាមម៉ែត្រ។

 
កំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ដោយភ្ជាប់ពីក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២២នេះ។ បើតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ គឺស្ថិតនៅក្នុងលើកកម្រិតគុណភាពផ្លូវនេះឡើងវិញ ពីកម្រិតកៅស៊ូ DBST ទៅកម្រិតកៅស៊ូ AC ដែលប្រទេសចិនផ្តល់ជំនួយឥតសំណងក្នុងចំនួន ៣៣.៣៧លានដុល្លារអាម៉េរិក។
 
គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ បានចំណាយពេលសាងសង់២៤ខែ ពោលគឺចាប់ពីវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែធ្នូឆ្នាំ២០១៨។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ 
 

រង្វង់មូលខ្លាស្ទុះ ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ នៃផ្លូវជាតិលេខ៧។ រូបថត៖ MPWT

លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ដូច្នេះ៖ «សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង»។ 
 
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ  កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាន សម្រាប់បម្រើឱ្យចរាចរណ៍ ក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។
 
លើសពីនេះទៅទៀត ខ្សែផ្លូវនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ (AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីង នៅភាគខាងត្បូង នៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែ ក្រុងព្រះសីហនុ។  ផ្លូវនេះក៏មាន សក្តានុពលក្នុងការប្រែក្លាយខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យទៅប៉ូលសេដ្ឋកិច្ចទីបួន នៃការអភិវឌ្ឍបែបកសិ-ឧស្សាហកម្ម និងធនធានរ៉ែ របស់កម្ពុជា៕ 
 
 
 

Tag:
 ស៊ុន ចាន់ថុល
  ផ្លូវ
  ជំនួយចិន
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com