COVID-19
អន្តរជាតិ
ចិន បិទខ្ទប់ក្រុងមានព្រំដែនជាប់វៀតណាម ដើម្បីទប់ស្កាត់ជំងឹកូវីដ-១៩
07, Feb 2022 , 2:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ចិន បានបិទខ្ទប់ក្រុងប៉ៃស៊ឹ ខេត្តគ័ងស៊ី ដែលមានព្រំដែនជាប់វៀតណាម ដោយបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះនៅថ្ងៃទី៧ ខែកុម្ភៈ និងបញ្ចៀសការធ្វើដំណើរ​ ដែលមិនចាំបាច់ ស្របពេលជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅក្នុងក្រុងនេះ មានជាច្រើនករណី។

 
ក្រោមគោលនយោបាយមិនលើកលែងចំពោះជំងឺកូវីដ-១៩ ចិនបានដាក់ចេញវិធានរឹតបន្តឹងទប់ស្កាត់ជំងឺឆ្លងជាច្រើន ដើម្បីបង្ការករណីឆ្លងហក់ឡើងខ្លាំងក្នុងប្រទេស។ តាមទិន្នន័យគណៈកម្មការសុខាភិបាលជាតិ នៅថ្ងៃទី៦ ខែកុម្ភៈ ក្រុងប៉ៃស៊ឹ ខេត្តគ័ងស៊ី ដែលមានប្រជាជនរស់នៅប្រមាណ៣,៦លាននាក់ មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៧ករណី។ 
 
ដោយមានករណីឆ្លងហក់ឡើងបែបនេះ អាជ្ញាធរក្រុង ដែលស្ថិតនៅជាប់វៀតណាមមួយនេះ បានបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ លើកលែងតែធ្វើដំណើរទៅទិញអាហារចាំបាច់ ឬធ្វើតេស្តជំងឺកូវីដ-១៩ ។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុង ក៏បានស្នើឱ្យប្រជាជនទិញម្ហូបអាហារ តាមរយៈការដឹកជញ្ជូនដោយផ្ទាល់ផងដែរ។ 
 
បន្ថែមពីនេះ រដ្ឋបាលក្រុងជាប់ព្រំដែន បានផ្អាកអាជីវកម្មមិនចាំបាច់, សេវារថយន្តសាធារណៈ, សាលារៀន, និងពន្យារពេលបើកព្រំដែនអន្តរជាតិផងដែរ។ ចំណែកកម្មករសម្រាប់វិស័យចាំបាច់ តម្រូវឱ្យមានលិខិតបញ្ជាក់សម្រាប់ការធ្វើដំណើរក្នុងក្រុង។ 
 
កន្លងមក ចិន បានបិទក្រុង និងធ្វើតេស្តប្រជាជនជាច្រើន ដើម្បីទប់ស្កាត់ការហក់ឡើងនៃជំងឺកូវីដ-១៩ ស្របពេលប្រទេសមួយនេះ កំពុងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ បើធៀបនឹងបណ្តាប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួន ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន មានចំនួនទាប ប៉ុន្តែអាជ្ញាធរប្រទេសមួយនេះ នៅតែបន្តដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង។ 
 
មកទល់ពេលនេះ ចិន មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ១០ម៉ឺនករណី និងអ្នកស្លាប់ជាង ៤ពាន់នាក់។ មិនតែប៉ុណ្ណោះ ចិន បានផ្តល់វ៉ាក់សាំងដល់ប្រជាជនខ្លួនចំនួន ៣ពាន់លានដូស ដោយប្រជាជនចំនួន ១,២៣ពាន់លាននាក់ បានទទួលវ៉ាក់សាំង ២ដូស៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com