ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើកស្នាក់ការបក្ស លើកស្លាកបក្ស ជួបជុំមន្រ្តីបក្ស ក្នុងទីតាំងឯកជន ពុំចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរឡើយ
08, Feb 2022 , 11:59 am        
រូបភាព
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំមួយជាមួយភាគីវៀតណាម និងឡាវ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំមួយជាមួយភាគីវៀតណាម និងឡាវ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
គ្រប់គណបក្ស អាចបើកទីស្នាក់ការគណបក្ស លើកស្លាកសញ្ញាគណបក្ស និង ជួបជុំមន្រ្តីគណបក្ស ដែលស្ថិតក្នុងលំនៅឋានឯកជន ឬទីតាំងឯកជន ដោយមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ឡើយ។ នេះបើតាមសេចក្តីណែនាំរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនទៅអភិបាលរាជធានី-ខេត្ត។



សេចក្តីណែនាំរបស់រដ្ឋមន្រ្តីមហាផ្ទៃ ចុះថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អ្វីដែលគណបក្សសាមី ត្រូវធ្វើ គឺគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ-សង្កាត់ប៉ុណ្ណោះ អំពីការបើកទីស្នាក់ការគណបក្ស ការលើកស្លាកសញ្ញាគណបក្ស និង ការជួបជុំមន្រ្តីគណបក្ស ដែលស្ថិតក្នុងលំនៅឋានឯកជន ឬទីតាំងឯកជន។
 
ប៉ុន្តែ ចំពោះការលើកស្លាកសញ្ញាគណបក្ស និងការជួបជុំមន្រ្តីគណបក្ស ដែលស្ថិតលើទីតាំងសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវ គណបក្សសាមី ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ជាមុន។ គណបក្សសាមី ត្រូវដាក់សំណើទៅអាជ្ញាធរឃុំ-សង្កាត់ឲ្យបាន៣ថ្ងៃ មុនការលើកស្លាកសញ្ញាគណបក្ស និងមុនការជួបជុំមន្រ្តីគណបក្ស នៅតាមទីតាំងសាធារណៈ។ 
 
ចំណែក អាជ្ញាធរឃុំ-សង្កាត់ ត្រូវឆ្លើយតបក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីទទួលបានសំណើ។ ក្នុងករណីមិនអាចសម្រេចបាន អាជ្ញាធរឃុំ-សង្កាត់ ត្រូវស្នើសុំយោបល់ពីអាជ្ញាធរក្រុង-ស្រុក-ខណ្ឌ ឬរាជធានី-ខេត្ត រួចអាជ្ញាធរឃុំ-សង្កាត់ ត្រូវឆ្លើយតបនឹងគណបក្ស ដែលស្នើសុំនោះវិញ ក្នុងរយៈពេលយ៉ាងតិច១ថ្ងៃ មុនសកម្មភាពលើកស្លាកសញ្ញាគណបក្ស និងមុនសកម្មភាពជួបជុំមន្រ្តីគណបក្ស ក្នុងទីសាធារណៈ។ 
 
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំខាងលើ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្ស ឲ្យបានចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និង ការបោះឆ្នោតជាតិឆ្នាំ២០២៣ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌៕ 
 
 
 
 

Tag:
 ស ខេង
  គណបក្ស
  បោះឆ្នោត
  អាជ្ញាធរឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com