អន្តរជាតិ
ក្រសួងការបរទេសចិន៖ ចិនស្វាគមន៍ទស្សនកិច្ចប្រមុខសិទ្ធិមនុស្ស UN មកតំបន់ស៊ីនជាំង
08, Feb 2022 , 12:29 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
ចិនទទួលស្វាគមន៍ទស្សនកិច្ចស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet មកចិន រួមទាំងតំបន់ស៊ីនជាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ទស្សនកិច្ចនោះ នឹងធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

 
ចិន តែងត្រូវបានបណ្តាប្រទេសលោកខាងលិច ចោទដដែលៗថា បានឃុំជនជាតិភាគតិចវីហ្គ័រ និងជនជាតិផ្សេងទៀត ប្រមាណ១លាននាក់ និងបានធ្វើទុកបុកម្នេញលើជនជាតិភាគតិចទាំងនោះ។ យ៉ាងណាមិញ ចិនបានបដិសេធ និងការពារថា ជនជាតិភាគតិច ត្រូវបានបង្ហាត់បង្រៀនជំនាញឡើងវិញប៉ុណ្ណោះ ខណៈមនុស្សមួយចំនួន មានការងារហើយ។ 
 
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងអគ្គលេខាធិការអង្គការប្រជាជាតិដែល ជំរុញឱ្យចិនទទួលប្រមុខសិទ្ធិមនុស្សUN មកចិន។ 
 
«ចិនទទួលស្វាគមន៍ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet មកចិន រួមទាំងតំបន់ស៊ីនជាំង»។ លោក Zhao បានផ្តល់ចម្លើយបែបនេះ ដោយបន្ថែមថា ចិនបានអញ្ជើញប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិមកចិនយូរហើយ និងភាគីទាំងពីរ ក៏បានទំនាក់ទំនងគ្នាលើបញ្ហានេះដែរ។ 
 
បើតាមមន្រ្តីចិន គោលបំណងនៃទស្សនកិច្ចរបស់លោកស្រី Bachelet ធ្វើឡើងដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរទំនាក់ទំនងទៅមក និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ក្នុងជំនួបជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន ប្រមុខUN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជំរុញឱ្យស្នងការសិទ្ធិមនុស្ស UN ធ្វើទស្សនកិច្ចទៅតំបន់ស៊ីនជាំង។ 
 
សូមបញ្ជាក់ថា ការស្នើឱ្យមានទស្សនកិច្ចរបស់លោកស្រី Bachelet មកតំបន់ស៊ីនជាំងមិនមែនជារឿងថ្មីឡើង។ កន្លងមក ប្រមុខការទូតចិន លោក វ៉ាង​ យី បានបញ្ជាក់យ៉ាងច្បាស់ថា ចិន នៅតែបើកទ្វាចាំទទួលប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិមកតំបន់ស៊ីនជាំង។ ប៉ុន្តែគម្រោងនៃទស្សនកិច្ចនោះ មិនបានលេចជារូបរាងឡើយ៕ 
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com