ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ខានបើកសវនាការលើលោក កឹម សុខា មួយពេល ដោយសារមេធាវីម្នាក់ខាងរដ្ឋាភិបាលឆ្លងកូវីដ
08, Feb 2022 , 4:30 pm        
រូបភាព
លោក កឹម សុខា ពេលចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ (រូបពី AFP)
លោក កឹម សុខា ពេលចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ (រូបពី AFP)
សវនាការលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវបន្តថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានផ្អាក។ ការផ្អាកនេះ ដោយសារមេធាវីម្នាក់របស់រដ្ឋាភិបាល ដែលជាដើមបណ្តឹង ក្នុងការដាក់ពាក្យប្តឹងលើលោក កឹម សុខា បានឆ្លងជំងឺកូវីដ-១៩។



អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោម៤នាក់របស់លោក កឹម សុខា ប្រាប់ថា តុលាការ សម្រេចលើកពេលបើកសវនាការលើលោក កឹម សុខា ទៅសប្តាហ៍ក្រោយ គឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមការស្នើសុំរបស់ក្រុមមេធវី ដែលការពារក្តីឲ្យរដ្ឋាភិបាល។ អ្នកស្រី ទទួលបានព័ត៌មានថា ក្រុមមេធាវី ដែលការពារក្តីឲ្យរដ្ឋាភិបាល ក្នុងសំណុំរឿងលោក កឹម សុខា កំពុងធ្វើចត្តាឡីស័កទាំងអស់គ្នា។ 
 
បើតាមអ្នកស្រី ម៉េង សុភារី ដដែល មេធាវីរបស់រដ្ឋាភិបាលរូបនោះ ត្រូវបានរកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ អ្នកស្រី បានឲ្យដឹងទៀតថា សវនាការកាលពីសប្តាហ៍មុន គឺកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មេធាវីរបស់រដ្ឋាភិបាល ដែលទើបរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ពុំបានចូលរួមឡើយ។ 
 
អ្នកស្រី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«យើងខ្ញុំ មានការសោកស្តាយ ដែលតុលាការកន្លងមក ដាក់កម្មវិធីសវនាការលើរឿងក្តីឯកឧត្តម កឹម សុខា ១សប្តាហ៍ បានតែម្តង។ ចំនួនសវនាការហ្នឹង គឺយឺតទៅហើយ ហើយឥឡូវ រឹតតែយឺតទៅទៀត ដោយសារបញ្ហាអស់នេះ»។  
 
ឈានចូលខែមករា ឆ្នាំ២០២២ តុលាការភ្នំពេញ បានសម្រេចបើកសវនាការលើលោក កឹម សុខា ឡើងវិញ ក្រោយផ្អាកអស់រយៈពេលជិត២ឆ្នាំ។ សវនាការក្នុងខែមករា និងក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ដំណើរការទៅបាន៣លើកហើយ ដោយតុលាការ មិនទាន់អាចសម្រេចសេចក្តីអ្វីលើលោកឡើយ។ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ គឺត្រូវជាសវនាការលើកទី៤ តែត្រូវបានលើកពេល។ ក្នុង១សប្តាហ៍ តុលាការ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ សម្រាប់បើកសវនាការលើលោក កឹម សុខា។ 
 
លោក កឹម សុខា បានរងពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីមានវីដេអូខ្លី១ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ ក្នុងវីដេអូ បង្ហាញពីការជួបជុំរបស់លោក ជាមួយអ្នកគាំទ្រនៅអូស្រ្តាលី កាលពីឆ្នាំ២០១៣។ 
 
លោក និយាយក្នុងវីដេអូនោះថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ជួយផ្តល់យុទ្ធសាស្រ្តដល់លោក ដើម្បីផ្តាស់ប្តូរមេដឹកនាំនៅកម្ពុជា។ លោក និយាយទៀតថា លោក តែងត្រូវបានបរទេសអញ្ជើញឲ្យទៅជួបម្តងឬលើសពីម្តងជារៀងរាល់ឆ្នាំ ដើម្បីផ្តល់យុទ្ធសាស្រ្តជូនលោក ពីការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។
 
សម្តីរបស់លោកក្នុងវីដេអូនោះ ធ្វើឲ្យលោក ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលសំដៅថា លោក គប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ៕ 
 

Tag:
 កឹម សុខា
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com