អន្តរជាតិ
យោធាមីយ៉ាន់ម៉ា អញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិចចូលតុចរចារកសន្តិភាព
08, Feb 2022 , 10:29 pm        
រូបភាព
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែកុម្ភៈ បានចេញសេចក្តីប្រកាសមួយ ដោយអញ្ជើញអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) ឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពបឋមមួយ នៅថ្ងៃទិវាបង្រួបបង្រួមប្រទេស ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១២ ខែកុម្ភៈ។ យ៉ាងណាមិញ អង្គការ ដែលត្រូវបានយោធាមីយ៉ាន់ម៉ា ចាត់ទុកជា ក្រុមភេរវករ មិនត្រូវបានអញ្ជើញឡើយ។ 

 
យោធាមីយ៉ាន់ម៉ា និងអង្គការប្រដាប់អាវុធជនជាតិភាគតិច តែងប៉ះទង្គិចគ្នាជាញឹកញាប់ នៅក្នុងប្រទេស បើទោះមេដឹកនាំយោធា បានប្រកាសអនុវត្តបទឈប់បាញ់ក៏ដោយ។ មិនតែប៉ុណ្ណោះ សហគមន៍អន្តរជាតិ និងអាស៊ាន បានអំពាវនាវជាញយៗ ឱ្យអនុវត្តបទឈប់បាញ់ ដើម្បីការពារប្រជាជនស៊ីវិល និងស្វែងរកកិច្ចចរចាប្រកបដោយសន្តិភាព។ 
 
ស្របតាមការអំពាវនាវនោះ យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែកុម្ភៈ បានចេញសេចក្តីប្រកាសមួយអញ្ជើញក្រុមប្រដាប់អាវុធជនជាតិភាគតិច ចូលរួមចរចាសន្តិភាពនៅមីយ៉ាន់ម៉ា។ «វាពិតជាចាំបាច់ណាស់ ដែលត្រូវផ្តោតលើសន្តិភាពរប៉ាក់រប៉ើក តាមរយៈការស្វែងរកដំណោះស្រាយក្នុងការចរចា»។ យោធាមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ ដោយបន្តថា ក្រុម ដែលត្រូវបានចាត់ទុកជាភេរវករ មិនត្រូវបានអញ្ជើញឡើយ។ 
 
ក្នុងសេចក្តីប្រកាសដដែលនោះ យោធាមីយ៉ាន់ម៉ាបានបន្ថែមថា ខ្លួនមិនត្រឹមតែអញ្ជើញអង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលជាភាគីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ទូទាំងប្រទេស (NCA) ឡើយ ប៉ុន្តែខ្លួនក៏អញ្ជើញ អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀង NCA ដែរ ដើម្បីចូលរួមក្នុងខួបទី៦០ឆ្នាំនៃទិវាសហភាព និងកិច្ចចរចាសន្តិភាព។ 
 
ទាក់ទិននឹងកិច្ចចរចាសន្តិភាពនេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា, គណៈកម្មាធិការតំណាងសភា និងកម្លាំងការពារប្រជាជន (PDF) មិនអាចចូលរួម ក្នុងដំណើរការសន្តិភាពនោះបានឡើយ ដោយសារកន្លងមក យោធា បានចាត់ទុកក្រុមទាំងនោះ ជាភេរវករ។ 
 
បន្ទាប់ពីសេចក្តីប្រកាសខាងលើ ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រតិកម្មខុសៗគ្នា។ ប្រមុខនាយកដ្ឋានកិច្ចការបរទេសសហភាពជាតិការ៉េន លោក Padoh Saw Taw Nee  ដែលជាភាគីមួយក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ បានប្រតិកម្មថា របបសឹកបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់រួចហើយ និងជាភាគីបំផ្លាញសន្តិភាពនៅមីយ៉ាន់ម៉ា។ ក្នុងន័យនេះ លោកបានប្រកាសថា អង្គការរបស់លោក មិនមានអ្វីត្រូវពិភាក្សាជាមួយឡើយ។ 
 
ចំណែកក្រុម Arakan Army, ក្រុម Restoration Council of Shan State, ក្រុម Ta’ang National Liberation Army និងបក្សវឌ្ឍនភាពរដ្ឋ Shan បានអះអាងថា មិនទាន់បានទទួលលិខិតអញ្ជើញពីយោធាមីយ៉ាន់ម៉ានៅឡើយ។ 
 
ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស ខណៈផ្ទះសម្បែងត្រូវបានដុតបំផ្លាញ។ មិនតែប៉ុណ្ណោះ ប្រជាជនមួយចំនួន បានភៀសខ្លួនទៅនៅក្នុងព្រៃ ឬឆ្លងដែនទៅប្រទេសជិតខាងដូចជា ឥណ្ឌា និងថៃ ដើម្បីរកសុវត្ថិភាព។ ជនភៀសខ្លួននេះ បានបង្កឱ្យមានបញ្ហាមនុស្សធម៌យ៉ាងខ្លាំង ស្របពេលប្រទេសនីមួយៗ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com