អន្តរជាតិ
លោកម៉ាក្រុង៖ លោកពូទីន បានធានាមិនឱ្យវិបត្តិអ៊ុយក្រែនកាន់តែរីកធំឡើង
09, Feb 2022 , 10:39 am        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ដៃជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (ខាងស្តាំ) នៅថ្ងៃទី៨ ខែកុម្ភៈ។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ដៃជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (ខាងស្តាំ) នៅថ្ងៃទី៨ ខែកុម្ភៈ។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៨ ខែកុម្ភៈ បានបញ្ជាក់ថា វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានធានាមិនឱ្យវិបត្តិអ៊ុយក្រែន រីកសាយកាន់តែធំឡើយ។ យ៉ាងណាមិញ សមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានតបវិញថា លោកមិនទុកចិត្តសម្តីមេដឹកនាំរុស្ស៊ីឡើយ ទាល់តែមានសកម្មភាពជាក់លាក់។



 
 
បន្ទាប់ពីជំនួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ក្នុងក្រុងមូស្គូ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានហោះទៅក្រុងកៀវដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្តទៀត។ ទស្សនកិច្ចនោះ ធ្វើឡើង ក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន ដែលបានអូសបន្លាយជាច្រើនខែ និងអាចឈានទៅដល់ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនគ្រប់ពេល។ 
 
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំទីក្រុងកៀវ ក្នុងថ្ងៃទី៨ ខែកុម្ភៈ លោក ម៉ាក្រុង បានបញ្ជាក់ពីការធានារបស់លោកពូទីន មិនឱ្យមានការរីកសាយនៃវិបត្តិអ៊ុយក្រែន។
 
«គាត់ (ពូទីន) នឹងមិនផ្តួចផ្តើមជម្លោះឱ្យរីកធំឡើយ។ ខ្ញុំគិតថាវាជារឿងសំខាន់»។ ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោក ពូទីន ក៏បានអះអាងផងដែរលើការមិនរៀបចំមូលដ្ឋានយោធាអចិន្រៃ្តយ៍នៅបេឡារុស បន្ទាប់ពីសមយុទ្ធយោធានៅទីនោះឡើយ។ 
 
ក្នុងន័យនេះ លោក ម៉ាក្រុង បានយល់ថា វាគឺជាឱកាស ក្នុងការរៀបចំកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី និងអាចឈានទៅរកសេចក្តីសម្រេចដោះស្រាយជម្លោះ។ ស្របគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលថា លោកម៉ាក្រុង និងលោកពូទីន មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីមួយឡើយ លើវិបត្តិអ៊ុយក្រែន។
 
អ្នកតាមដានបញ្ហាអ៊ុយក្រែនមួយចំនួន បានបារម្ភថា យោធារុស្ស៊ីនៅបេឡារុស គឺជាផ្នែកមួយនៃគម្រោងឈ្លានពានលើអ៊ុយក្រែន ដោយសារទីក្រុងកៀវ ស្ថិតនៅតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីបេឡារុស។ ទាក់ទិននឹងការដកទ័ពនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានការពារថា ការដកទ័ពរុស្ស៊ី ចេញពីបេឡារុស សុទ្ធតែស្ថិតក្រោមគម្រោងកន្លងមក។ 
 
នៅចំពោះមុខមេដឹកនាំបារាំង លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសាទរចំពោះការធានារបស់លោកពូទីន ប៉ុន្តែមេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបង្ហាញការមិនទុកចិត្តដែរ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោក មិនទុកចិត្តលើពាក្យសម្តីឡើយ លុះត្រាតែមានសកម្មភាពជាក់លាក់ពីរុស្ស៊ី។ 
 
ក្នុងទស្សនកិច្ចនោះដែរ លោក ម៉ាក្រុង បានលើកឡើងថា មេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន បានឯកភាពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ទីក្រុងមីនស្កិ៍ ដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤ ផងដែរ។ មេដឹកនាំបារាំង បានចាត់ទុកការឯកភាពនេះ ជាដំណើរការទៅរកសន្តិភាព និងដំណោះស្រាយនយោបាយប្រកបដោយចីរភាព។ 
 
បន្ទាប់ពីជំនួបនៅក្រុងកៀវ លោកម៉ាក្រុង បានបន្តទៅក្រុង បែរឡាំង ទៀត និងបានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និង និងប្រធានាធិបតីប៉ូឡូញ ក្នុងគោលបំណងជជែកពីការរួមគ្នា ក៏ដូចជាបង្ការសង្រ្គាមមិនឱ្យកើតមាននៅអឺរ៉ុបជាថ្មី។ ប្រធានាធិបតីពូទីន ក្នុងជំនួបជាមួយលោកម៉ាក្រុង នៅថ្ងៃទី ៧ ខែកុម្ភៈ បានព្រមានថា​ អឺរ៉ុប អាចនឹងត្រូវទាញឱ្យធ្លាក់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ក្នុងករណីអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងប្រើកម្លាំងយោធាដណ្តើមយកដែនដីគ្រីមៀ ឬវាយប្រហារលើកម្លាំងផ្តាច់ទឹកដីនៅតំបន់ភាគខាងកើតអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា ជំនួបមន្រ្តីជាន់ខ្ពស់បារាំង អ៊ុយក្រែន រុស្ស៊ី និងអាល្លឺម៉ង់ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ក្រោមទម្រង់ Normandy ដើម្បីបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។ នាជំនួបនៅបារាំងក្រោមទម្រង់ Normandy កន្លងមក អ៊ុយក្រែន និងរុស្ស៊ី ក៏យល់ព្រមអនុវត្តបទឈប់បាញ់ដែលមានចាប់តាំងពីឆ្នាំ២០១៤ មក៕ 
 

Tag:
 បារាំង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com