ជាតិ
សង្គមជាតិ
សមត្ថកិច្ច តាមចាប់ក្រុមជនល្មើស ដែលនាំចូលសារធាតុគីមីផ្សំគ្រឿងញៀនជាង១០០តោន
09, Feb 2022 , 2:29 pm        
រូបភាព
គ្រឿងញៀន១៦៧តោន ដែលសមត្ថកិច្ចចាប់បានជនបរទេសកាលពីចុងឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុក Anti-Drug Department)
គ្រឿងញៀន១៦៧តោន ដែលសមត្ថកិច្ចចាប់បានជនបរទេសកាលពីចុងឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុក Anti-Drug Department)
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកកិច្ចការបង្ក្រាបគ្រឿងញៀន អះអាងថា កម្លាំងសមត្ថកិច្ច កំពុងស្វែងរក និងតាមចាប់ក្រុមជនល្មើស ដែលនាំចូលសារធាតុគីមីប្រមាណ១២៣តោន សម្រាប់ផលិតគ្រឿងញៀន។


លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមជនល្មើសទាំងនោះ ក៏មានជនជាតិខ្មែរពាក់ព័ន្ធផងដែរ តែមេខ្លោងធំ គឺជនជាតិចិន។ លោក បញ្ជាក់ ដូច្នេះថា៖«ពួកវា គេចចុះគេចឡើង»។ 
 
សូមរម្លឹកថា ក្រុមជនល្មើសទាំងនោះ បានសុំការអនុញ្ញាតពីអាជ្ញាធរកម្ពុជា ក្នុងការនាំចូលសារធាតុគីមីផ្សំជាង១០០តោន។ ពួកគេ ទទួលបានការអនុញ្ញាតឲ្យនាំចូលសារធាតុគីមីជាង១០០តោននោះដោយស្របច្បាប់ ព្រោះពួកគេ ប្រាប់អាជ្ញាធរកម្ពុជាថា ដើម្បីយកទៅកែច្នៃធ្វើជាជី តែតាមពិត ពួកគេ លួចផលិតចេញជាគ្រឿងញៀនទៅវិញ។ 
 
ព័ត៌មានអំពីការនាំចូលសារធាតុគីមីជាង១០០តោននោះ ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទម្លាយជាសាធារណៈក្នុងពិធីមួយ កាលពីខែមករា ឆ្នាំ២០២២។ បើរដ្ឋមន្រ្តីមហាផ្ទៃ សមត្ថកិច្ច បានចាប់យកសារធាតុគីមីផ្សំជាង១០០តោននោះ ក្នុងអំឡុងខែមករា ឆ្នាំ២០២២។ 
 
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និយាយសំដៅទៅរដ្ឋមន្រ្តី ដែលចេញអាជ្ញាបណ្ណអនុញ្ញាតឲ្យនាំចូលសារធាតុគីមីជាង១០០តោននោះ យ៉ាងដូច្នេះថា៖«ខ្ញុំ មិនចាំបាច់និយាយឈ្មោះទេ ដឹងហើយក្រសួងអាជ្ញាបណ្ណ។ សូមឯកឧត្តមរដ្ឋមន្រ្តី មើលរឿងហ្នឹង បើមិនអ៊ីចឹងទេ ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវ ចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ»។ សម្តេច បន្តថា៖«អាជ្ញាធរគ្រឿងញៀនក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹង ឲ្យបានច្បាស់លាស់...»។ 
 
ក្រោយមកប៉ុន្មានថ្ងៃ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំទៅមន្រ្តីរបស់លោក ឲ្យបង្កើនការចិត្តទុកដាក់ក្នុងការពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយឡំផលិតចេញជាគ្រឿងញៀន។ ការណែនាំរបស់លោក ធ្វើឡើងក្នុងពិធីមួយ កាលពីខែមករា ឆ្នាំ២០២២។ លោក ណែនាំមន្រ្តីរបស់លោកបន្ថែមថា ការពិនិត្យលើសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកផលិតចេញជាគ្រឿងញៀន ត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន៕ 
 
 

Tag:
 គ្រឿងញៀន
  ម៉ក់ ជីតូ
© រក្សាសិទ្ធិដោយ thmeythmey.com