អន្តរជាតិ
អធិការបតីអាល្លឺម៉ង់៖ គោលបំណងរបស់អឺរ៉ុប គឺបញ្ចៀសសង្រ្គាម
09, Feb 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីប៉ូឡូញ អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងក្នុងសន្និសីទសារព័ត៌មាននៅបែរឡាំង។ រូបថត AFP
ប្រធានាធិបតីប៉ូឡូញ អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងក្នុងសន្និសីទសារព័ត៌មាននៅបែរឡាំង។ រូបថត AFP
គោលបំណងរួមរបស់បណ្តាប្រទេសអឺរ៉ុប គឺបញ្ចៀសសង្រ្គាមនៅទ្វីបអឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់បែបនេះ នៅថ្ងៃទី៨ ខែកុម្ភៈ បន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន។ ស្របគ្នានេះ មេដឹកនាំអឺរ៉ុប ក៏បានអំពាវនាវឱ្យលោក ពូទីន បន្ធូរបន្ថយវិបត្តិអ៊ុយក្រែនផងដែរ។



 
 
មេដឹកនាំអឺរ៉ុប កំពុងមមាញឹកលើកិច្ចការការទូត ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដែលនៅតែជាបញ្ហាដ៏គួរឱ្យបារម្ភ។ ក្រោយត្រឡប់ពីទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ នៅថ្ងៃទី៨ ខែកុម្ភៈ បានជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលទើបតែធ្វើទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែន ។ 
 
ជំនួបត្រីភាគីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសអឺរ៉ុប និងជជែកពីការពង្រាយទ័ពជាច្រើនម៉ឺននាក់របស់រុស្ស៊ីនៅតំបន់ព្រំដែនក្បែរអ៊ុយក្រែន។  
 
«គោលបំណងរួមរបស់យើង គឺបញ្ចៀសសង្គ្រាមនៅទ្វីបអឺរ៉ុប»។ អធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយកិច្ចប្រជុំ ដោយបន្ថែមថា សម្ព័ន្ធយោធាណាតូ បានឯកភាពគ្នារួចហើយលើស្ថានភាពបច្ចុប្បន្ន និងវិធានការ ដែលណាតូត្រូវអនុវត្ត ក្នុងករណីដែនដីអ៊ុយក្រែនត្រូវបានបំពាន។ 
 
ការលើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក វ៉្លាឌីមៀ ពូទីន ក្នុងជំនួបជាមួយលោក ម៉ាក្រុង នៅថ្ងៃទី៧ ខែកុម្ភៈ ព្រមានថា អឺរ៉ុប អាចនឹងត្រូវទាញឱ្យធ្លាក់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ក្នុងករណីសម្ព័ន្ធយោធាណាតូ ហ៊ានទទួលអ៊ុយក្រែនជាសមាជិក និងអ៊ុយក្រែនប្រើកម្លាំងទ័ព ដើម្បីដណ្ដើមគ្រីមៀ និងដែនដីភាគខាងកើតអ៊ុយក្រែនដើម្បីគ្រប់គ្រងវិញ។ 
 
ក្នុងជំនួបជាមួយមេដឹកនាំប៉ូឡូញ និងបារាំង លោកអធិការបតី បានបង្ហាញក្តីបារម្ភមួយចំនួន ជុំវិញការពង្រាយកម្លាំងទ័ពរបស់រុស្ស៊ីក្បែរអ៊ុយក្រែន។ ក្នុងន័យនេះ មេដឹកនាំបណ្តាប្រទេសអឺរ៉ុបទាំងបី បានអំពាវនាវរុស្ស៊ី កាត់បន្ថយភាពតានតឹងលើស្ថានភាពនៅក្បែរព្រំដែនអ៊ុយក្រែន និងរក្សាកិច្ចចរចា ដើម្បីសន្តិសុខទ្វីបអឺរ៉ុប។ 
 
ទន្ទឹមនេះ ប្រធានាធិបតីប៉ូឡូញ លោក Duda អះអាងថា បារាំង អាល្លឺម៉ង់ និងប៉ូឡូញ នឹងមិនបោះបង់កិច្ចខិតខំរបស់ខ្លួន ក្នុងការកាត់បន្ថយភាពតានតឹងនៅអ៊ុយក្រែនឡើយ។ បើតាមមេដឹកនាំប៉ូឡូញរូបនេះ ប្រទេសទាំងបី ត្រូវតែស្វែងរកដំណោះស្រាយ ដើម្បីបញ្ចៀសសង្រ្គាម។ ប៉ូឡូញ គឺជាប្រទេសមួយ ដែលមានព្រំដែនជាប់ជាមួយអ៊ុយក្រែន និងមានមូលដ្ឋានយោធាណាតូ។ 
 
ចំណែកប្រធានាធិបតីបារាំងវិញ បានជំរុញឱ្យស្វែងរកកិច្ចចរចាសន្តិសុខនៅទ្វីបអឺរ៉ុប។ លោក ម៉ាក្រុង បញ្ជាក់ក្រោយជំនួបថា លោកមើលឃើញពីលទ្ធភាពឈានដល់ការចរចាដែលរួមបញ្ចូលរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាដំណោះស្រាយជាក់ស្ដែងដើម្បីពន្លត់ជម្លោះនេះដែរ។
 
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
  បារាំង
  ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com