អន្តរជាតិ
អាម៉េរិក៖ រុស្ស៊ី នៅតែបង្កើនសកម្មភាពយោធាក្បែរព្រំដែនអ៊ុយក្រែន
10, Feb 2022 , 12:09 pm        
រូបភាព
លោក Jonh Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណអាម៉េរិក។ រូបភាព៖ AFP (2)
លោក Jonh Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណអាម៉េរិក។ រូបភាព៖ AFP (2)
រុស្ស៊ី នៅតែបន្តបង្កើនសកម្មភាពយោធាក្បែរព្រំដែនអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៩ ខែកុម្ភៈ។ ការព្រមានរបស់អាម៉េរិកបែបនេះ ធ្វើឡើងស្របពេលបារាំង និងបណ្តាប្រទេសប្លុកអឺរ៉ុប កំពុងធ្វើសកម្មភាពការទូតដើម្បីបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន។

 
ចាប់តាំងពីចុងឆ្នាំ២០២១ រុស្ស៊ី បានពង្រាយទ័ពប្រមាណ១០ម៉ឺននាក់ នៅក្បែរពំ្រដែនភាគខាងកើតជាប់អ៊ុយក្រែន ខណៈទ័ពមួយចំនួន ត្រូវបញ្ជូនទៅបេឡារុស ដើម្បីធ្វើសមយុទ្ធយោធា។ សកម្មភាពយោធាបែបនេះ បានធ្វើឱ្យអាម៉េរិកបារម្ភពីលទ្ធផលឈ្លានពានរបស់ក្រុងមូស្គូ លើក្រុងកៀវកាន់តែខ្លាំងទៀត។ 
 
ទាក់ទិនសកម្មភាពយោធារុស្ស៊ី អ្នកនាំពាក្យមន្ទីរបញ្ចកោណអាម៉េរិក លោក John Kirby បានលើកឡើងថា ក្នុងរយៈពេល ២៤ម៉ោងអាម៉េរិក នៅតែឃើញការបន្ថែមកម្លាំងយោធាពីក្នុងដីរុស្ស៊ី មកតំបន់ព្រំដែនអ៊ុយក្រែន និងបេឡារុស។ 
 
«ចំនួនទ័ពនៅតែបន្តកើតឡើង»។​ លោក Kirby បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែកុម្ភៈ។ ក្នុងថ្ងៃដដែល អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Jen Psaki បានអះអាងថា រុស្ស៊ី មិនបានធ្វើអ្វីដើម្បីបន្ធូរបន្ថយការតានតឹងឡើយ តែធ្វើឱ្យវិបត្តិកាន់តែរីកធំ។
 
ស្របគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងសមភាគីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ក៏បានជជែកគ្នាតាមទូរសព្ទ។ តាមសេចក្តីថ្លែងការណ៍របស់សេតវិមាន មេដឹកនាំទាំងពីរ បានបញ្ជាក់ពីការគាំទ្រអធិបតេយ្យរបស់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងករណីមានការវាយប្រហារ។ ភាគីទាំងពីរ បានប្តេជ្ញារក្សាទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពិភាក្សាជាមួយសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប លើបញ្ហាអ៊ុយក្រែន។ 
 
វិបត្តិអ៊ុយក្រែន ហាក់មិនបានថមថយឡើយ បើទោះប្រធានាធិបតីបារាំង និងមេដឹកនាំបណ្តាប្រទេសអឺរ៉ុបមួយចំនួន ខិតខំចរចាជាមួយរុស្ស៊ី។ កន្លងមក ក្រុងមូស្គូ បានព្រមានពីផលវិបាកមួយចំនួន ក្នុងករណីប្រទេសអឺរ៉ុប និងក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបនឹងសំណើរុស្ស៊ី ដែលបានស្នើនាពេលកន្លងទៅ។ រុស្ស៊ី បានបញ្ជូននាវាចម្បាំងទៅក្នុងសមុទ្រខ្មៅដើម្បីធ្វើសមយុទ្ធ ប៉ុន្តែអ្នកតាមដាន បានមើលឃើញថា ជាការប្រើកម្លាំងយោធាដើម្បីព័ទ្ធអ៊ុយក្រែន៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com