ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសព្រុយណេ គាំទ្រលោក ប្រាក់ សុខុន ក្នុងការបំពេញតួនាទីជាបេសកជនទៅមីយ៉ាន់ម៉ា
10, Feb 2022 , 6:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីក្រសួងការបរទេសកម្ពុជា) និង លោក Erywan Yusof រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ (រូបពី AFP)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពីក្រសួងការបរទេសកម្ពុជា) និង លោក Erywan Yusof រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ (រូបពី AFP)
លោក Dato Erywan Pehin Yusof រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងការបំពេញតួនាទីជាបេសកជនពិសេសរបស់ប្រធានអាស៊ាន សម្រាប់ការចរចាស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ បានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ហើយលទ្ធផលនៃការពិភាក្សានេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។



លោក ប្រាក់ សុខុន បានជម្រាបរដ្ឋមន្រ្តីការបរទេសព្រុយណេ អំពីផែនការ ក្នុងការទៅបំពេញទស្សនកិច្ចលើកដំបូងនៅមីយ៉ាន់ម៉ា ក្នុងឋានៈលោកជាបេសកជនពិសេសរបស់ប្រធានអាស៊ាន។ លោក បន្តថា ក្នុងដំណើរបេសកកម្មលើកដំបូងនេះ លោក នឹងទាក់ទងជាមួយគ្រប់ភាគីនៅមីយ៉ានម៉ា ដើម្បីស្វែងរកច្រក និងមធ្យោបាយ ដែលធានាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ យ៉ាងណា លោក ពុំទាន់បានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ឡើយ អំពីដំណើរបេសកកម្មទៅកាន់មីយ៉ាន់ម៉ាលើកដំបូងនេះ។ 
 
«រដ្ឋមន្រ្តីការបរទេសទាំង២ បានបង្ហាញទស្សនៈស្រដៀងគ្នា ចំពោះភាពស្មុគស្មាញនៃស្ថានភាពនៅមីយ៉ាន់ម៉ា ដែលចាំបាច់ត្រូវដោះស្រាយតាមរយៈវិធីសាស្រ្តមួយជំហានម្តងៗ។...រដ្ឋមន្រ្តីការបរទេសទាំង២ ក៏បានប្តេជ្ញាចិត្តធ្វើការជាមួយគ្នា រួមនឹងសហការីអាស៊ានដទៃទៀត ដើម្បីពន្លឿនវឌ្ឍនភាពនៃកាអនុវត្តកិច្ចព្រៀងព្រមជាឯកច្ឆន្ទ៥ចំណុច...»។ នេះជាខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 
 
កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីអំឡុងខែមេសា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅឥណ្ឌូណេស៊ី ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ 
 
ឆ្នាំ២០២២នេះ គឺដល់វេនកម្ពុជា ដែលទទួលតំណែងជាប្រធានអាស៊ាន ហើយលោក ប្រាក់ សុខុន ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន សម្រាប់ការចរចាស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា គឺជាបន្ទុកដ៏ធំ១របស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន។ 
 
នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងប្រព្រឹត្តទៅនៅកម្ពុជា។ ប្រធានអាស៊ាន សម្រេចចិត្តពុំអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ឲ្យចូលរូមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះឡើយ ក្រោយវាយតម្លៃឃើញថា របបយោធាមីយ៉ាន់ម៉ា អនុវត្តបានកិច្ចតួចពេកនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។ ប្រធានអាស៊ាន បានត្រឹមអញ្ជើញតំណាងរបស់របបយោធាមីយ៉ាន់ម៉ា ដែលមិនមែនជាកម្រិតនយោបាយប៉ុណ្ណោះ ឲ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ 
 
កាលពីព្រុយណេធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏ពុំត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានដែរ ដោយរបបយោធាមីយ៉ានម៉ា ទទួលបានការអញ្ជើញត្រឹមជាតំណាងមិនមែនកម្រិតនយោបាយប៉ុណ្ណោះ។ កាលនោះ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាង ទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រុយណេនោះទេ៕ 
 

Tag:
 កម្ពុជា
  ព្រុយណេ
  ប្រាក់ សុខុន
  Dato Erywan Pehin Yusof
  វិបត្តិមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com