អន្តរជាតិ
លោក មូន ចេអ៊ីន៖ កូរ៉េខាងត្បូងនៅតែមានឆន្ទៈរៀបចំជំនួបអន្តរកូរ៉េដោយគ្មានលក្ខខណ្ឌមុន
10, Feb 2022 , 7:29 pm        
រូបភាព
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AFP
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅថ្ងៃទី១០ ខែកុម្ភៈ បានលើកឡើងថា លោកមានឆន្ទៈរៀបចំកិច្ចប្រជុំអន្តរកូរ៉េ គ្រប់ទម្រង់ ដោយមិនតម្រូវការដាក់លក្ខខណ្ឌទុកជាមុនឡើយ។ ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូងបែបនេះ ធ្វើឡើងស្របពេលមានក្តីបារម្ភចំពោះកូរ៉េខាងជើងអាចធ្វើតេស្តលើមីស៊ីលមានចម្ងាយឆ្ងាយជាថ្មី។

 
ត្រឹមដើមឆ្នាំ២០២២ ប៉ុណ្ណោះ ក្រុងព្យុងយ៉ាងបានធ្វើសាកល្បងមីស៊ីលជាច្រើនលើក ដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។ កូរ៉េខាងជើង ក៏ទំនងអាចសាកល្បងមីស៊ីល ចម្ងាយឆ្ងាយឡើងវិញ ស្របពេលកន្លងមកប្រទេសមួយនេះ បានសាកល្បងមីស៊ីលចម្ងាយមធ្យមរួចហើយ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន វិញ នៅតែមិនបោះបង់ការចរចា បានស្នើរៀបចំកិច្ចប្រជុំមួយជាមួយកូរ៉េខាងជើង។
 
 «ទោះយូរយ៉ាងណា កូរ៉េខាងត្បូងនៅតែមានឆន្ទៈរក្សាកិច្ចពិភាក្សា មិនថាតាមរយៈជួបផ្ទាល់ ឬតាមប្រព័ន្ធវីដេអូ»។ មេដឹកនាំកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ក្នុងកិច្ចសម្ភាសដោយសំណេរជាមួយទីភ្នាក់ងារព័ត៌មាន Yonhap ដោយបន្ថែមថា កូរ៉េខាងត្បូង នឹងទទួលយកគ្រប់កិច្ចប្រជុំ ដែលកូរ៉េខាងជើងចង់បាន។ 
 
ទន្ទឹមនេះ លោក មូន បានបន្ថែមផងដែរថា កិច្ចប្រជុំ នឹងមិនត្រូវឱ្យមានការដាក់លក្ខខណ្ឌទុកជាមុនឡើយ និងចាត់ទុក ជំនួបអន្តរកូរ៉េផ្តល់ប្រយោជន៍ទាំងសងខាង។ ក្នុងកិច្ចសម្ភាសដដែលនោះ លោក មូន បានព្រមានថា ឧបទ្វីបកូរ៉េ អាចនឹងឈានទៅរកវិបត្តិដូច ៥ឆ្នាំមុន នៅពេលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និងអាចបាញ់ដល់ទឹកដីអាម៉េរិក។
 
ក្នុងន័យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឱ្យមានការរៀបចំកិច្ចពិភាក្សា និងមធ្យោបាយការទូត ដើម្បីបញ្ចៀសវិបត្តិ។ មេដឹកនាំរូបនេះ បានបង្កាញការសោកស្តាយផងដែរ ដែលជំនួបរវាងលោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅវៀតណាម មិនអាចសម្រេចអ្វីបាន។លើសពីនេះ លោកមូន នៅតែចាត់ទុកសេចក្តីប្រកាសបញ្ចប់សង្រ្គាមកូរ៉េ គឺជាបញ្ហាសំខាន់ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក និងឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ 
 
សូមបញ្ជាក់ថា លោក មូន នៅសល់តែ៣ខែប៉ុណ្ណោះ នឹងបញ្ចប់អាណត្តិជាប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយដឹកនាំប្រទេសបាន៥ឆ្នាំ។ ក្រោមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ប្រធានាធិបតីអាចកាន់តំណែងបានត្រឹមតែ ១អាណត្តិរយៈពេល ៥ឆ្នាំប៉ុណ្ណោះ៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com