អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿងពីបារាំង
10, Feb 2022 , 4:39 pm        
រូបភាព
យន្តហោះចម្បាំង Rafale ដែលផលិតដោយក្រុមហ៊ុនបារាំង។ រូបថត AFP
យន្តហោះចម្បាំង Rafale ដែលផលិតដោយក្រុមហ៊ុនបារាំង។ រូបថត AFP
ឥណ្ឌូណេស៊ី បានបញ្ជាទិញយន្តហោះចម្បាំង Rafale ជាផ្លូវការចំនួន៤២គ្រឿង។ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី Florence Parly បានបញ្ជាក់បែបនេះ លើបណ្តាញសង្គម Twitter របស់ខ្លួន នៅថ្ងៃទី១០ ខែកុម្ភៈ។

 
លោកស្រី Florence Parly រដ្ឋមន្រ្តីការពារជាតិបារាំង បានចាប់ផ្តើមទស្សនកិច្ចរយៈពេល ២ថ្ងៃនៅឥណ្ឌូណេស៊ី ដោយផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ។ ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចរចាជុំវិញយន្តហោះចម្បាំង Rafale រួមទាំងឧស្សាហកម្មការពារជាតិ និងពង្រឹងទំនាក់ទំនងទ្វេភាគីជាដើម។ 
 
«ផ្លូវការ! ឥណ្ឌូណេស៊ី បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿង»។ រដ្ឋមន្រ្តីការពារជាតិបារាំង បានសរសេរបែបនោះលើ Twitter របស់ខ្លួន ដោយបន្ថែមថា ឥណ្ឌូណេស៊ី នឹងសហការជាមួយបារាំងលើវិស័យនាវាមុជទឹកផងដែរ។ បើតាមលោកស្រី Parly ដៃគូយុទ្ធសាស្រ្តរបស់បារាំង នឹងទទួលបានផលប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ 
 
ក្នុងចំណោម៤២គ្រឿងនេះ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងទិញលក់ចំនួន៦គ្រឿងហើយអំឡុងទស្សនកិច្ចរបស់លោកស្រី Parly។
 
ឥណ្ឌូណេស៊ី គឺជាប្រទេសទីពីរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានបញ្ជាទិញយន្តហោះចម្បាំង Rafale បន្ទាប់ពីឥណ្ឌា។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិបារាំង មិនបានបង្ហើបពីតម្លៃនៃការបញ្ជាទិញយន្តហោះចម្បាំងនោះឡើយ។ កន្លងមក ឥណ្ឌា បានបញ្ជាទិញយន្តហោះចម្បាំងជំនាន់ទី៤,៥ នេះ ចំនួន៣៦គ្រឿងពីបារាំង។ 
 
សូមបញ្ជាក់ថា យន្តហោះ Rafale ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបារាំង Dassault Aviation។ យន្តហោះចម្បាំងជំនាន់៤,៥ នេះត្រូវបានបង្កើតឡើងមានចំនួន ៣ប្រភេទដូចជា Rafale C ដែលជាប្រភេទមានកៅអីមួយ, Rafale B មានកៅអីពីរ និង Rafale M ដែលជាប្រភេទយន្តហោះចម្បាំងបំពាក់លើនាវាដឹកយន្តហោះ។
 
យន្តហោះចម្បាំងប្រភេទនេះ អាចបត់បែនតាមកាលៈទេសៈ ដោយសារតែល្បឿន និងកម្លាំងម៉ាស៊ីន។ ជាប្រភេទយន្តហោះ ដែលបំពាក់ម៉ាស៊ីនពីរ Rafale មានសមត្ថភាពបើកប្រតិបត្តិការក្នុងចម្ងាយឆ្ងាយ, មានប្រព័ន្ធការពារមីស៊ីល, ប្រព័ន្ធកំបាំងខ្លួនពីរ៉ាដា, វាយប្រហារពីអាកាសទៅដី និងនៅលើអាកាស, ប្រឆាំងនឹងការវាយប្រហាររបស់នាវា និងសមត្ថភាពសំខាន់ៗជាច្រើនទៀត៕ 
 

Tag:
 បារាំង
  ឥណ្ឌូណេស៊ី
  Rafale
© រក្សាសិទ្ធិដោយ thmeythmey.com