ជាតិ
SDC បើកកិច្ចប្រជុំបូកសរុបការងារ និងពិនិត្យពិភាក្សាអនុម័តផែនការសកម្មភាពឆ្នាំ២០២២ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២
11, Feb 2022 , 8:59 am        
រូបភាព
ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងលើកទី៣ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ និងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹងកម្មវិធី SDP នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៨ ខែមករា។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីចំណាប់អារម្មណ៍ចំពោះទស្សនកិច្ច សកម្មភាពគម្រោងនៅកន្លែងធ្វើការផ្ទាល់ រោងជាង ក៏ដូចជាការអនុវត្តជាក់ស្តែង ដើម្បីឈ្វេងយល់អំពីវិសាលភាពនៃការអនុវត្តការងាររួមគ្នារបស់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់យុវជនងាយរងគ្រោះ ពិភាក្សាពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ SDP ក្នុងឆ្នាំ ២០២១ និងផ្តល់យោបល់ជាយុទ្ធសាស្រ្តដល់ផែនការសកម្មភាពឆ្នាំ២០២២។។

 
លោកស្រី ណាឌៀ អ័រទីហ្គឺ នាយករងនៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា  បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺមានគោលដៅ ជួយដល់យុវជនងាយរងគ្រោះ និងបុគ្គលិកជំនាញទាបក្នុងខេត្តចំនួន៥ នៅភូមិភាគឦសាន ដើម្បីឱ្យពួកគេមានឱកាសទទួលបានជំនាញច្បាស់លាស់ ការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។
 

ទន្ទឹមនេះ លោកស្រី ក៏បានអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការ ដើម្បីធ្វើឱ្យគម្រោងមួយនេះដំណើរការបានល្អ។ លោកស្រី ណាឌៀ អ័រទីហ្គឺ បានបញ្ជាក់ថា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត មានសិស្សស្រីចូលរៀនច្រើន ជាពិសេសមានជនជាតិដើមភាគតិច និងសិស្សដែលមានជីវភាពលំបាក បានមករៀនដោយស្មើភាពគ្នា និងទទួលបានចំណេះជំនាញដូចៗគ្នា។
 
ជាមួយគ្នានេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានកោតសសើរ ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងទេសចរណ៍, ទីភ្នាក់ងារជាតិមុខរបរ និងទីភ្នាក់ងារស្វីស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងភូមិភាគឦសាន ឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈច្បាស់លាស់ មានការងារល្អ និងប្រាក់ចំណូលសមរម្យ។ លោក ញ៉ែម សារី អះអាងដូច្នេះ៖ «ខ្ញុំសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមជួយគាំទ្រ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈលើផ្នែកផ្សេងៗ ក្នុងន័យចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តភូមិភាគឦសាន ឱ្យកាន់តែច្រើនឡើង»។ 
 
សូមបញ្ជាក់ផងដែរថា នៅមុនពេលកិច្ចប្រជុំនេះ  SDC  បានចុះទស្សនាកិច្ចផ្ទាល់នៅខេត្ត រតនគិរី និងខេត្តមណ្ឌលគិរី ដើម្បីឈ្វេងយល់បន្ថែមនូវវឌ្ឍនភាពរបស់គម្រោង មជ្ឃមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាខេត្តទាំងពីរ និងជួបជាមួយសិក្ខាកាមដែលទទួលបានជោគជ័យលើជំនាញឆុងកាហ្វេ ។ ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ SDC ក៏ទទួលបានការអនុញ្ញាតិពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីចូលជួបសម្ដែងការគួរសម ស្នើសុំការតម្រង់ទិស និងភ្ជាប់ទំនាក់ទំនងការទូត សំដៅឱ្យការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) ទទួលបានជោគជ័យនៅខេត្តរតនគិរី។
  


លោក ថោង សាម៉ុន អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ស្តីពីការរៀបចំរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ ការចុះពិនិត្យជាក់ស្តែង និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងលើកទី៣ ដែលផ្តល់ឱកាសដល់សមាជិកនៃគណៈកម្មាធិការ បានទស្សនានូវវឌ្ឍនភាពនៃការអនុវត្តរបស់ SDP លើជំនាញដែលបានបណ្តុះបណ្តាល។ 
 
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ លោក ថោង សាម៉ុន វាយតម្លៃពីវឌ្ឍនភាពជាវិជ្ជមាននៃកម្មវិធី ដោយសារលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជន និងអ្នកផ្តល់ការបណ្តុះបណ្តាល ទាំងផ្នែកបច្ចេកទេស និងផ្នែកបដិសណ្ឋារកិច្ច។
 
ជាមួយគ្នានេះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាដ្ឋានគ្រប់គ្រងគម្រោង HoKa បានលើកឡើងថា SDP បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ ការគាំទ្រនេះ គឺត្រូវការជាចាំបាច់ខ្លាំង ដែលកិច្ចខិតខំប្រឹងប្រែងនេះគឺស្រប ជាមួយនឹងផែនការយុទ្ធសាស្រ្តទេសចរណ៍រយៈពេលប្រាំឆ្នាំ របស់ក្រសួងទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃកូវីដ-១៩  និងសម្រាប់ការស្តារវិស័យទេសចរណ៍ឡើងវិញ។  
 
គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕  
 
 
 
 

Tag:
 កម្មវិធីអភិឌ្ឍន៍ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com