អន្តរជាតិ
កូវីដ-១៩៖ វិស័យសុខាភិបាលវៀតណាម រងសម្ពាធជាថ្មី ស្របពេលករណីឆ្លងហក់ឡើងខ្លាំង
10, Feb 2022 , 10:29 pm        
រូបភាព
ប្រជាជនវៀតណាមបើកម៉ូតូ ពាក់ម៉ាស នៅក្នុងទីក្រុងហាណូយ។ រូបភាព៖ AFP
ប្រជាជនវៀតណាមបើកម៉ូតូ ពាក់ម៉ាស នៅក្នុងទីក្រុងហាណូយ។ រូបភាព៖ AFP
ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១០ ខែកុម្ភៈ បានព្រមានថា ​វិស័យសុខាភិបាលខ្លួន អាចរងសម្ពាធជាថ្មី ដោយសារជំងឺកូវីដ-១៩ ស្របពេលករណីឆ្លងប្រចាំថ្ងៃហក់ឡើងជិតពីរដង បើធៀបនឹងរយៈពេលមុនថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីចិន-វៀតណាម។ ស្របគ្នានេះ វៀតណាមក៏ព្រមានពីការកើនឡើងករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ ផងដែរ។

 
វៀតណាម នៅថ្ងៃទី៩ ខែកុម្ភៈ បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ប្រមាណ ២៤០០០ករណី។ ចំនួននេះ កើតឡើងជិតពីរដង បើធៀបនឹងរយៈមុនថ្ងៃឈប់សម្រាកចូលឆ្នាំចិន-វៀតណាម ដែលមានត្រឹមតែប្រមាណ ១៥០០០ករណីប៉ុណ្ណោះ។ ថ្ងៃឈប់សម្រាកចូលឆ្នាំ វៀតណាម បានអនុញ្ញាតឱ្យប្រជាជនខ្លួនធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ។ បញ្ហានេះ បានធ្វើឱ្យករណីឆ្លងនៅវៀតណាម កាន់តែច្រើនឡើង។ 
 
ទាក់ទិននឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានថា ការកើនឡើងនៃការធ្វើដំណើរ នឹងធ្វើឱ្យហានិភ័យនៃការឆ្លងជាសហគមន៍ មានច្រើនឡើង រួមការការចម្លងវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុងផង។ 
 
«ប្រសិនបើគ្រប់គ្រងមិនបានល្អ ចំនួនអ្នកជំងឺមានសភាពធ្ងន់ធ្ងរ នឹងកើនឡើង ដោយដាក់សម្ពាធលើប្រព័ន្ធសុខាភិបាល និងមានករណីស្លាប់»។ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់បែបនេះ។ កន្លងមក ដោយសារមន្ទីរពេទ្យសាធារណវៀតណាម មានអ្នកជំងឺកូវីដ-១៩ ច្រើន រដ្ឋាភិបាល បានអំពាវនាវឱ្យមន្ទីរពេទ្យឯកជន ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលបន្ទុក។
 
មកទល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនប្រមាណ ២,៤លានករណី និងអ្នកស្លាប់មានជាង ៣ម៉ឺននាក់។ ទន្ទឹមនេះ វៀតណាម បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១៨២លានដូសដល់ប្រជាជនខ្លួន ដោយប្រជាជនចំនួន ៧១,៩លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com