អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ចាត់ទុកសមភាគីអង់គ្លេសជាមនុស្សថ្លង់ ក្នុងជំនួបនៅមូស្គូ
11, Feb 2022 , 2:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov ជាមួយសមភាគីអង់គ្លេស លោកស្រីLiz Truss។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov ជាមួយសមភាគីអង់គ្លេស លោកស្រីLiz Truss។ រូបភាព៖ AP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃទី១០ ខែកុម្ភៈ បានចាត់ទុក សមភាគីអង់គ្លេស លោកស្រី Liz Truss ជាមនុស្សថ្លង់ និងជំនួបទ្វេភាគី ជាការរៀបចំដោយមិនត្រៀមខ្លួនទុកជាមុន។ ជាការឆ្លើយតប​ រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានព្រមានដដែលៗថា រុស្ស៊ីនឹងរងទណ្ឌកម្ម បើសិនបើហ៊ានវាយប្រហារអ៊ុយក្រែន។

 
ទស្សនកិច្ចមេដឹកនាំអឺរ៉ុបទៅរុស្ស៊ី បានបន្តឥតដាច់ ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន ដែលកំពុងតែក្តៅខ្លាំង ក្នុងរយៈពេលចុងក្រោយ។ បន្ទាប់ពីទស្សនកិច្ចប្រធានាធិបតីបារាំងប៉ុន្មានថ្ងៃ លោកស្រី Liz Truss រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានធ្វើទស្សនកិច្ចទៅរុស្ស៊ីម្តង ដើម្បីជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានប៉ះសម្តីគ្នាយ៉ាងខ្លាំង និងមិនទទួលបានផ្លែផ្កាអ្វីឡើយ។ 
 
«ខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំង ដែលយើងមានកិច្ចពិភាក្សាជាមួយមនុស្សស្ងៀមស្ងាត់ និងថ្លង់»។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខលោកស្រី Truss ដោយបន្ថែមថា ការពន្យល់របស់រុស្ស៊ីលើវិបត្តិអ៊ុយក្រែនជាច្រើនទៅកាន់ភាគីអង់គ្លេស បានប្រឈមនឹងបញ្ហាមិនបានត្រៀមទុកជាមុន។ 
 
បើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក្រុងមូស្គូ ពេលចិត្តជ្រើសយកការចរចា ដើម្បីដោះស្រាយជម្លោះ ជាជាងប្រើកម្លាំងយោធា។ 
 
ជាការឆ្លើយតប សមភាគីអង់គ្លេស លោកស្រី Truss បានលើកឡើងថា ប្រសិនបើក្រុងមូស្គូចង់បានការចរចា ក្រុងមូស្គូត្រូវតែបញ្ជូនទ័ពត្រលប់ទៅមូលដ្ឋានយោធាវិញ និងបញ្ចប់ការគំរាមកំហែង។ បើតាមប្រមុខការទូតរូបនេះ អង់គ្លេស មិនបានឃើញទ័ពប្រមាណ ១០ម៉ឺននាក់ នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ក្រៅពីការគំរាមកំហែងទេ។ ថ្នាក់ដឹកនាំអង់គ្លេសរូបនេះ ក៏បានច្រានចោលការលើកឡើងរបស់រុស្ស៊ីថា សម្ព័ន្ធយោធាណាតូ កំពុងបង្កអស្ថិរភាពនៅក្នុងតំបន់ដែរ។ 
 
នៅចំពោះមុខប្រមុខការទូតរុស្ស៊ី លោកស្រី Truss បានប្រាប់យ៉ាងច្បាស់ៗ និងជាថ្មីម្តងទៀតថា ប្រទេសលោកខាងលិច នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី វាយប្រហារលើអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែលនោះ ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន បានធ្វើដំណើកទៅស្នាក់ការកណ្តាលណាតូ និងជួបជាមួយលោកអគ្គលេខាធិការ  Jens Stoltenberg។ ក្នុងជំនួបទ្វេភាគីនេះ នាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់ថា ​ក្រុងមូស្គូ មិនទាន់បានពិចារណាឡើយ ថាតើត្រូវវាយប្រហារអ៊ុយក្រែន ឬក៏អត់។ ចំណែក លោក Stoltenbergវិញ បានយល់ថា វាមិនប្រាកដឡើយថា សង្រ្គាមនឹងមិនអាចកើតឡើង ក្នុងពេលឆាប់ៗខាងមុខ។ 
 
សូមបញ្ជាក់ថា វិបត្តិអ៊ុយក្រែនកាន់តែតានតឹង ស្របពេលរុស្ស៊ី បានធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ និងបេឡារុស។ សមយុទ្ធយោធានេះ ត្រូវបានប្រទេសលោកខាងលិច បារម្ភថា រុស្ស៊ី អាចវាយប្រហារលើអ៊ុយក្រែន តាមរយៈយុទ្ធសាស្រ្តហ៊ុមព័ទ្ធ៕
 

Tag:
 អង់គ្លេស
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com