អន្តរជាតិ
អាម៉េរិក ប្រាប់ចិនឱ្យជំរុញរុស្ស៊ីដើរលើផ្លូវត្រូវ និងកុំឈ្លានពានអ៊ុយក្រែន
11, Feb 2022 , 7:29 pm        
រូបភាព
លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
ប្រេសិតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield នៅថ្ងៃទី១០ ខែកុម្ភៈ បានប្រាប់ឱ្យចិន ជំរុញរុស្ស៊ីធ្វើរឿងត្រឹមត្រូវលើវិបត្តិអ៊ុយក្រែន។ ជាការឆ្លើយតប អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានតបវិញថា អាម៉េរិក គួរតែបញ្ឈប់ការពន្លើសលើពីតានតឹង។

 
ចិន ត្រូវបានបណ្តាប្រទេសលោកខាងលិច មើលឃើញថា ជាសម្ព័ន្ធមិត្តរុស្ស៊ីដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ។ នាពេលថ្មីៗនេះ ចិន និងរុស្ស៊ី បានបោះឆ្នោតហាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំដោយបើកចំហរ ប៉ុន្តែត្រូវបរាជ័យ ដោយខ្វះសំឡេងគាំទ្រ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិកសង្ឃឹម ចិននឹងដើរតួនាទីដ៏សំខាន់មួយ ក្នុងការលើកទឹកចិត្តរុស្ស៊ីឱ្យធ្វើរឿងត្រឹមត្រូវ លើបញ្ហាអ៊ុយក្រែន។ ការអះអាងរបស់ប្រេសិតអាម៉េរិករូបនេះ ធ្វើឡើងស្របពេលរុស្ស៊ី ធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ និងបេឡារុស រួមទាំងពង្រាយយោធាប្រមាណ ១០ម៉ឺននាក់នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន។
 
«ចិនតែបង្ហាញក្តីបារម្ភនៅក្រុមប្រឹក្សាសន្តិសុខជុំវិញការការពារព្រំដែន និងអធិបតេយ្យ»។ លោកស្រី Thomas-Greenfield បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នោះជាបញ្ហាដែលរុស្ស៊ី កំពុងតែបំពាន និងគំរាមកំហែងលើបូរណភាពដែនដីរបស់ប្រទេសដទៃ។ 
 
យ៉ាងណាមិញ ការលើកឡើងរបស់អគ្គរដ្ឋទូតអាម៉េរិក បានធ្វើឱ្យសមភាគីចិន ប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាសង្គម Twitter របស់ខ្លួន។ បើតាមលោក Zhang Jun ចិនជំរុញឱ្យភាគីទាំងអស់ ដោះស្រាយភាពខុសគ្នា តាមរយៈកិច្ចចរចា និងអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការពន្លើសភាពតានតឹង។ ក្នុងន័យនេះ មន្រ្តីចិន បានប្រាប់ឱ្យអាម៉េរិក ទទួលស្គាល់ពីក្តីបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះ តំណាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានបារាំង និងអាល្លឺម៉ង់ជាអ្នកសម្របសម្រួលបានជួបគ្នានៅក្រុងបែរឡាំង ដើម្បីជជែកពីជម្លោះផ្តាច់ទឹកដីនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ដែលបានកើតមានចាប់តាំងពីឆ្នាំ ២០១៤។ កិច្ចប្រជុំនោះ មិនទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ ប៉ុន្តែភាគីទាំងពីរ បានឯកភាពបន្តកិច្ចចរចា៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com