ជាតិ
​​​ន​យោ​បាយ​ជាតិ​
បច្ចុប្បន្ន កម្ពុជា មាន៤៥បក្ស
11, Feb 2022 , 8:59 pm        
រូបភាព
ស្លាសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវ ក្នុងខេត្តកណ្តាល។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីឆ្នាំ២០១៨។_
ស្លាសញ្ញាគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវ ក្នុងខេត្តកណ្តាល។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីឆ្នាំ២០១៨។_
គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ កម្ពុជា មានគណបក្សនយោបាយសរុបចំនួន៤៥។ នេះបើតាមបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។



ក្នុងចំណោមគណបក្សទាំង៤៥នោះ មានគណបក្សមួយចំនួន ទើបត្រូវបានបង្កើតឡើងដោយមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សខ្មែរស្រឡាញ់ជាតិ និង គណបក្សខ្មែរអភិរក្ស ជាដើម។ 
 
ចំណែក គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស ក៏មានក្នុងបញ្ជីឈ្មោះគណបក្សទាំង៤៥ដែរ។ គណបក្សទាំង២ គឺប្រភពដើម ដែលបង្កើតចេញជាគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ក្លាយជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងមានកម្លាំងគាំទ្រស្ទើរតែប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច។

ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតតិចជាងគណបក្សប្រជាជនកម្ពុជាតែបន្តិចប៉ុណ្ណោះ។ តែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល នៅចុងឆ្នាំ២០១៧ ក្រោមហេតុផលថា មេដឹកនាំកំពូលៗនៃគណបក្សប្រឆាំងធំជាងគេនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ 
 
ពេលគណបក្សសង្គ្រោះជាតិ កើតរូបរាងឡើង គណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា ក៏ត្រូវទុកចោល។ ឈានចូលឆ្នាំ២០២២នេះ ដែលជាពេលបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី ជិតមកដល់ គណបក្សភ្លើងទៀន ដែលពីដើមមានឈ្មោះថា គណបក្ស សម រង្ស៊ី ក៏ចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ។ ដោយឡែក គណបក្សសិទ្ធិមនុស្ស នៅស្ថិតក្នុងសភាពស្ងប់ស្ងាត់ដដែល។ 

គេ សង្កេតឃើញថា គណបក្សភ្លើងទៀន ដែលធ្លាប់ល្បីឈ្មោះខ្លាំង និងធ្លាប់ជាគណបក្សប្រឆាំងដ៏ធំកាលពីមិនទាន់មានគណបក្សសង្គ្រោះជាតិ កំពុងប្រឹងប្រែងដើរលើកស្លាកគណបក្ស រួមទាំងខិតខំប្រមែលប្រមូលកម្លាំងអ្នកគាំឡើងវិញ។ បច្ចុប្បន្ន លោក ទាវ វណ្ណុល គឺជាប្រធានគណបក្សភ្លើងទៀន ប៉ុន្តែ អ្នកដែលហាក់ជាចេញមុខខ្លាំងជាងគេ គឺលោក ថាច់ សេដ្ឋា ដែលជាមន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សនេះទៅវិញ។ ថ្មីៗនេះ លោក រ៉ុង ឈុន ដែលជាមេសហជីពដ៏លេចធ្លោម្នាក់ បានប្រកាសគាំទ្រគណបក្សភ្លើងទៀន ហើយថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រដូចលោកដែរ។ 
 
ក្នុងចំណោមគណបក្សទាំង៤៤ តើគណបក្សណា ដែលអាចមានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា? កាលពីបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា ដោយគណបក្សដទៃ ពុំទទួលបានអាសនៈឡើយ។ គណបក្សប្រជាជនកម្ពុជា មានឱកាសទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភាបែបនេះ គឺដោយសារអវត្តមានអតីតគណបក្សសង្គ្រោះជាតិ៕ 




 










Tag:
 បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com