ជាតិ
សង្គមជាតិ
តុលាការ ប្រកាសថា នៅតែបន្តចាត់វិធានការលើកឧកញ៉ា ឌួង ងៀប
11, Feb 2022 , 4:59 pm        
រូបភាព
លោក ឌួង ងៀប ក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម ជុំវិញសំណុំរឿងរបស់លោក និងបានលើកដៃសំពះ សុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ឌួង ងៀប ក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម ជុំវិញសំណុំរឿងរបស់លោក និងបានលើកដៃសំពះ សុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ភ្នំពេញ៖ លោកឧកញ៉ា ឌួង ងៀប ដែលជានគរបាលពាក់ផ្កា៣ ស្រែកថា អយុត្តិធម៌ ចំពោះចំណាត់ការរបស់តុលាការ ទៅលើសំណុំរឿងរបស់លោក។ តុលាការ បានចេញមកបំភ្លឺជុំវិញសំណុំរឿងនេះ និងប្រកាសថា នៅតែបន្តវិធានការលើលោក ឌួង ងៀប ដដែល ដោយមិនឲ្យលោកគេចវេះពីការទទួលខុសត្រូវឡើយ។

 
សាលាដំបូងរាជធានីភ្នំពេញ ចេញមកបញ្ជាក់ថា ចៅក្រមស៊ើបសួរ បានផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយលោក ឌួង ងៀប ដោយសម្រេចមិនឃុំខ្លួន។ ប៉ុន្តែ ត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងតម្កល់ប្រាក់ជាង៥លានដុល្លារ​ (៥ ៣០៥ ០០០ដុល្លារ) នៅតុលការ។ 
 
សេចក្ដីថ្លែងការរបស់តុលាការដែលចេញថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២២ បានលម្អិតថា តុលាការ បានចេញដីកាសម្រេចឲ្យលោក ឌួង ងៀប ជាជនត្រូវចោទ នៅក្រៅឃុំ និងតម្កល់ប្រាក់ជាង៥លានដុល្លារ។ តុលាការ បន្តថា លោក ឌួង ងៀប មិនបានដាក់ប្រាក់ធានាខ្លួននៅក្រៅឃុំ តាមការកំណត់ឡើយ ដោយគេចវេះកាតព្វកិច្ចត្រួតពិនិត្យនៅក្រៅឃុំតាមផ្លូវតុលាការទៀតផង។ 
 
តុលាការសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវីធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ»។ 
 
ការចេញសេចក្ដីថ្លែងការណ៍របស់តុលាការនេះ ធ្វើឡើងក្រោយពីលោក ឌួង ងៀប បានបង្ហោះវីដេអូមួយនៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២២ ដោយចោទតុលាការរាជធានីភ្នំពេញថាបានធ្វើឲ្យសំណុំរឿងរបស់លោក ប្រែពីសទៅខ្មៅ។ លោក និយាយថា តុលាការ បានចោទលោកជាជនឆេបោក ហើយកៀបយកលុយពីលោកឥតឈប់ឈរ។ 
 
ក្នុងវីដេអូ លោក ឌួង ងៀប អះអាងថា ជនជាតិចិនជាអ្នកបោកប្រាក់របស់លោកប្រមាណ១លានដុល្លារ ហើយបានយកចំណែកលុយទាំងនោះចំនួន៥០ម៉ឺនដុល្លារទៅឲ្យប្រពន្ធរបស់លោក។ លោក បន្ថែមថា បុរសជនជាតិចិននោះ រួមទាំងប្រពន្ធរបស់លោក ជាអ្នករៀបចំអង្គហេតុប្ដឹងលោក។ ចំណែក មូលប្បទានប័ត្រចំនួន៣សន្លឹកដែលបានចេញឲ្យជនជាតិចិន ទាំងនោះគឺជនជាតិចិនបានលួងលោមលោក ដោយគ្រាន់តែខ្ចីមូលប្បទានប័ត្រទៅបង្ហាញអ្នកវិនិយោគម្ខាងទៀត ឲ្យពួកគេមានការជឿជាក់ប៉ុណ្ណោះ។ 
 
សេចក្ដីថ្លែងការណ៍របស់តុលាការ បានឲ្យដឹងថា សំណុំរឿងលោក ឌួង ងៀប ត្រូវបានតុលាការបើកការស៊ើបសួរ នៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១ ពី «បទឆបោក» និង «បទមិនបំពេញកាតព្វកិច្ចចំពោះឧបការណ៍អាចជួញដូរបាន»។ បើតាមតុលាការ ករណីនេះ ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្ដឹង ឈ្មោះ CHIH YU និង ឈ្មោះ YAO CHING KING។
 
ដើមបណ្ដឹងទាំង២នាក់ខាងលើ បានប្រគល់ប្រាក់ជាង៧,៣លានដុល្លារ ទៅលោក ដួង ងៀប ប៉ុន្តែ លោក ឌួង ងៀប ពុំមានដីនោះឡើយ។ នេះបើតាមតុលាការដដែល ដោយបន្ថែមថា ដើម្បីសម្របសម្រួលបញ្ហាដីនេះ លោក ដួង ងៀប បានចេញមូលប្បទានប័ត្រ៣សន្លឹក ដោយលើកទី១មានជាង១,៦លានដុល្លារ លើកទី២ មានជាង៣,៦លានដុល្លាន និងលើកទី៣ មាន២លានដុល្លារ ឲ្យទៅដើមបណ្ដឹង។ តុលាការ អះអាងថា នៅពេលដើមបណ្ដឹងទៅបើកប្រាក់ មូលប្បទានប័ត្រនោះគ្មានសាច់ប្រាក់នោះទេ៕ 
 

Tag:
 សង្គម
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com